ប្រេង​ឡើងថ្លៃ​១៥​ភាគរយ​ក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត​

203
ចែករម្លែក

​ថ្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ជាង​១៥​ភាគរយ ដែល​ជា​កំរិត​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​៤​ខែ​មក​នេះ​ក្នុងពេល​បើក​ផ្សារ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កញ្ញា​ក្រោយពី​ការវាយប្រហារ​​ដោយ​ដ្រូ​ន​លើ​រោងចក្រ​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សៅរ៍ ដែល​បាន​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​ជាង​៥​ភាគរយ​។​

​ប្រេង​ឆៅ​Brent​ស្ទុះ​ឡើង​ជាង​១៩% ដល់​៧១,៩៥​ដុល្លារ​ក្នុង​១​បារ៉ែល​នៅពេល​បើក​ផ្សារ នៅពេល​ប្រេង​ឆៅ​អាម៉េរិក​ឡើង​ជាង​១៥% ដល់​៦៣,៣៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាម៉េរិក​ក៏​បាន​បញ្ជា​អោយ​បញ្ចេញ​ប្រេង​ស្តុក​ទុក បើ​ចាំបាច់​ដើម្បី​ទូទាត់​បង្គ្រប់​ការផ្គត់ផ្គង់​ដែល​ត្រូវបាន​កាត់បន្ថយ​ដោយសារ​តែ​ការវាយប្រហារ​​នេះ​។​

​ក្រុមហ៊ុន​ប្រេង​រដ្ឋ​អា​រ៉ាប៊ីសាអូឌីត​Saudi Aramco​បាន​និយាយថា​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ហូ​ទី​នៃ​ប្រទេស​យែ​ម៉ែន​នេះ​នាំអោយ​កាត់បន្ថយ​ទិន្នផល​ប្រេង​៥,៧​លាន​បារ៉ែល​(​មួយ​ធុង​ចំណុះ​១៥៨,៩៨​លីត្រ​)​ក្នុង​មួយថ្ងៃ ។​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់ថា​តើ​ពេល​ណា​នឹង​បន្ត​ផលិត​ប្រេង​ឡើងវិញ តែ​ប្រភព​មួយ​បាន​និយាយថា ការវិល​ទៅរក​សមត្ថភាព​ផលិត​​ដូចដើម​វិញ​ត្រូវ​ចំណាយ​ពេល​រាប់​សប្តាហ៍ មិនមែន​ថ្ងៃ​ទេ​។​

​ទោះជា​យ៉ាងណា ការនាំ​ចេញ​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​នឹង​បន្ត​ដូច​ធម្មតា​នៅ​សប្តាហ៍​នេះ​ដោយសារ​ប្រទេស​នេះ​មាន​សន្និធិ​ប្រេង​ដ៏​ធំ​។​

​ការវាយប្រហារ​លើ​បណ្តា​រោងចក្រ​ប្រេង​នៅ​បេះដូង​នៃ​ឧស្សាហកម្ម​ប្រេង​អា​រ៉ាប៊ីសាអូឌីត រួម​មាន​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភពលោក កើតចេញ​ពី​ការបញ្ជា​ណែនាំ​​របស់​អ៊ីរ៉ង ហើយ​កាំជ្រួច​បណ្តែត​អាច​ត្រូវ​យកមកប្រើ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ម្នាក់​៕​ដោយ​៖​វាសនា​