ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតីបារាំងលោកអេមម៉ានូអែល ម៉ាក្រុងបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃពុធទី១០កក្កដាដើម្បីធ្វើកិច្ចចរចាពេញមួយថ្ងៃនៅទីក្រុងតេហេរ៉ង់ក្នុងគោលបំណងសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និង កាត់បន្ថយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់និងវ៉ាស៊ីនតោន។
ប៉ុន្តែខណៈដែលលោកអេមម៉ានូអែល បូន (Emmanuel Bonne) កំពុងជំរុញឱ្យមានកិច្ចចរចាកម្រិតខ្ពស់នោះ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានចូលទៅកាន់ Twitter ព្រមានថា ទណ្ឌកម្មរបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ឆាប់ៗនេះនឹងត្រូវ “បង្កើនយ៉ាងខ្លាំង” ដោយចោទប្រកាន់ក្រុងតេហេរ៉ង់ថាបាន “ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាសម្ងាត់ជាយូរមកហើយ”។
កិច្ចព្រមព្រៀងឆ្នាំ២០១៥រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោក ដែលគេហៅថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមគ្នា (JCPOA) បានសន្យាបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងបញ្ចប់ការដាក់ឱ្យនៅឱកោពីអន្តរជាតិ ដើម្បីជាថ្នូរនឹងការទប់ស្កាត់យ៉ាងតឹងរ៉ឹងលើកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។
ប៉ុន្តែក្រុងតេហេរ៉ង់និយាយថាខ្លួនបានបាត់បង់ភាពអត់ធ្មត់ចំពោះភាពអសកម្មរបស់បណ្តាប្រទេសអឺរ៉ុបជាងមួយឆ្នាំហើយ បន្ទាប់ពីលោកត្រាំបានដកសហរដ្ឋអាម៉េរិកចេញដោយឯកតោភាគី ហើយបានចាប់ផ្តើមដាក់ទណ្ឌកម្មសាជាថ្មី។
នៅក្នុងកិច្ចជំនួបជាមួយលោកបូន ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន់ រូហានី បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់បាន “រក្សាទុកទាំងស្រុងនូវផ្លូវការទូតនិងកិច្ចចរចាឱ្យនៅចំហ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក។
លោកបានអំពាវនាវដល់ភាគីដទៃទៀតក្នុងកិច្ចព្រមព្រៀងនេះឱ្យ “អនុវត្តការសន្យារបស់ខ្លួនទាំងស្រុង” ដើម្បីរក្សាវាឱ្យនៅរស់។
លោកបូនក៏បានជួបលោកឧត្ដមសេនីយ៍នាវីទោលោក អាលី សាមខានី ដែលជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសលោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ ព្រមទាំងអនុរដ្ឋមន្ត្រីរបស់លោកឈ្មោះ អាបបាស អារ៉ាចជី។
យោងតាមរដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់យ៉េវីស ឡឺដេរីយ៉ង់ បានឱ្យដឹងថា បេសកកម្មរបស់លោកបូនគឺ “ព្យាយាមបើកចំហកិច្ចពិភាក្សាដើម្បីបញ្ចៀសការកើនឡើងភាពតានតឹងដែលមិនអាចគ្រប់គ្រងបានឬសូម្បីឧបទ្ទវហេតុណាមួយ”។
មុនពេលជួបជាមួយលោកបូន លោកហ្សារីហ្វបាននិយាយថា “ការចរចាមិនអាចធ្វើទៅបាននៅក្រោមសម្ពាធនោះទេ” ដោយសំដៅទៅលើទណ្ឌកម្មរបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។
ដោយចង្អុលទៅលើការដកខ្លួនរបស់អាម៉េរិកចេញពីកិច្ចព្រមព្រៀង JCPOA លោកបានបន្ថែមថា អឺរ៉ុប “ត្រូវតែដោះស្រាយបញ្ហានេះ”៕ ដោយ៖ កញ្ញាដាលីស