ប្រេសិត​ពាណិជ្ជ​កម្មនាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស ស្វែងយល់​ពី​ការវិនិយោគ ,​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​

536
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ បានទទួល​ជួប​សំណេះសំណាល​ជាមួយ ប្រេសិត​ពាណិជ្ជកម្ម​រប​ស់ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក អេ​ត​វើត វី​ស៊ី កាលពី​រសៀល​ថ្ងៃទី​១​តុលា​នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ក្នុងឱកាស​ជំនួប​ជាមួយ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​នោះ​ប្រតិភូ​ពាណិជ​កម្ម​នាយករដ្ឋមន្ត្រី​អង់គ្លេស​បានលើកឡើង​ថា​៖ អង់គ្លេស​មាន​គោលបំណង​ណែនាំ ពី​ឱកាស​សហការ និង​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន នៃ​ចក្រភព​អង់គ្លេស លើ​គម្រោង​សាងសង់​ស្ពាន អាកាស​,​កំពង់ផែ និង​ស្ពាន​ថ្មើរជើង នៅ​រាជធានី​ភ្នំពេញ​។​
​ ជាការ​ឆ្លើយតប​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បាន​ស្វាគមន៍​ពី​បំណង​វិនិយោគ​នានា របស់​បណ្តា​ក្រុមហ៊ុន​មកពី​ចក្រភព​អង់គ្លេស នៅ​រាជធានី​ភ្នំពេញ​។ លោក​បានលើកឡើង ពី​ស្ថានភាព នៅ​កម្ពុជា​ដែល​កំពុង​វិវឌ្ឍន៍ ទៅរក​ការរីកចម្រើន​ឥតឈប់ឈរ និង​កំពុង​ដើរ​លើផ្លូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​
​ក្នុងឱកាស​នោះដែរ​លោក​អភិបាលរង​នៅបាន​លើកឡើង​ពាក់ព័ន្ធ​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លងទៅ មាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ចំនួន​៨៣,០២​ភាគរយ នៃ​ចំនួន អ្នកបោះឆ្នោត​សរុប ។ កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​កើនឡើង ជា​លំដាប់​។​លោក​នួន ផា​រ័ត្ន បាន​បន្តទៀតថា​៖ បច្ចុប្បន្ន​ដោយសារ​កំណើន​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង បាន​បណ្តាល​ឲ្យ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា​៖ បញ្ហា​សំរាម​, បញ្ហា​ស្ទះ​ចរាចរ និង​បញ្ហា​ប្រព​ន្ធ័​លូ​ជាដើម ហើយ​បើ​ភាគី​អង់គ្លេស ចាប់អារម្មណ៍​លើក​ត្តា​ខាងលើនេះ គឺជា​ការល្អប្រសើរ​បំផុត នៅពេលដែល​រាជធានី​ភ្នំពេញ កំពុង​ត្រូវការ​ជា​ចាំបាច់​៕