ប្រែក្លាយ​តំបន់​ផ្លូវ​«​អារក្ស​ត្នោត​»​ស្រុក​ជើងព្រៃ​ជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​

136
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​អាជ្ញាធរខេត្ត​កំពង់ចាម​គ្រោង​នឹង​កែប្រែ​តំបន់​ផ្លូវ​ឈ្មោះ​«​អារក្ស​ត្នោត​» ក្នុង​ទឹកដី​ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ​ជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ នាពេល​អនាគត​។ ដោយសារ​តំបន់​នេះ​មាន​បណ្តាញ​ផ្លូវ​ជា​ភូមិសាស្ត្រ​ម្ខាង​ជាប់​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​ខេត្តសៀមរាប​និង​ម្ខាង​ទៀត​ជាប់​បណ្តាញ​ផ្លូវ​ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន​ទឹកឆា​ស្រុក​ព្រៃឈរ​។​

នេះ​ជាការ​លើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​នៅក្នុង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឈ្មោះ​« អារក្ស​ត្នោត​»​ប្រវែង ៦.០០០ ម៉ែត្រ​រវាង​ភូមិ​អារក្ស និង​ភូមិ​ត្នោត​បាក់ ឃុំ​ត្រពាំង​គរ​ស្រុក​ជើងព្រៃ​។​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ជុំវិញ​តំបន់​នេះ​ទទួលបាន​អត្ថប្រយោជន៍​ដោយផ្ទាល់​មុនគេ​គឺ​ការធ្វើដំណើរ​លើក​ផ្លូវ​ប្រវែង​ប្រាំមួយ​គីឡូម៉ែត្រ​នេះ​។​អ្នកទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​បន្ទាប់មក គឺ​ប្រជាពលរដ្ឋ​មួយផ្នែក​របស់​ស្រុក​ព្រៃឈរ​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍​ទៀតថា​ក្រៅពី​អត្ថប្រយោជន៍​នៃ​ការធ្វើដំណើរ​គឺ​ផ្លូវ​នេះ​បង្កលក្ខណ​:​ក្នុងការ​ទទួល​សេវា​ច្រើនណាស់​ព្រមទាំង​បាន​បង្ខិត​នូវ​សេវាសាធារណ​:​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ ពិសេស​ផ្តល់​ឲ្យ​បងប្អូន​ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​តំបន់​ស្គន់​ស្រុក​ជើងព្រៃ ធ្លាប់ជួល​ផ្ទះ​គេ​ស្នាក់នៅ គឺ​ឥឡូវ​យើង​ចេញពីផ្ទះ​ទៅ​ធ្វើការ​ពេលព្រឹក​បាន​វិល​មក​ផ្ទះ​យើង​វិញ​នៅពេល​ល្ងាច​បាន​សម្រាក​ជួបជុំ​ក្រុមគ្រួសារ​ហើយ​។​


​លោក​បាន​បន្ថែមថា​ការធ្វើដំណើរ​របស់​សិស្ស​ទៅ​សាលារៀន​ជិតបង្កើយ​ការធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ក៏​ឆាប់រហ័ស​មិន​លំបាក​និង​បាន​ភាព​កាន់តែ​ងាយស្រួល​ក្នុងការ​ទំនាក់​ទំនងជា​មួយ​អាជ្ញាធរ​គឺ​ធ្វើ​ឲ្យ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​កាន់​ធូរធារ​ប្រសើរឡើង​។​ដោយ​ផ្លូវ​មួយ​ខ្សែ​នេះ​អាច​នឹង​វត្ត​ន៍​ជា​ផ្លូវ​ក្រាល​កៅស៊ូ ឬ​បេតុង ហើយ​ដី​នៅ​ជុំវិញ​តំបន់​នេះ​មាន​ហាងឆេង​ខ្ពស់​។​

​លោក​បាន​បន្តថា​យើង​នឹង​ពិភាក្សា​ពិគ្រោះ​ដើម្បី​អភិវឌ្ឍន៍​និង​កែប្រែ​តំបន់​នេះ​ជា​តំបន់​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ហើយ គឺ​នឹង​ផ្តល់​ដោយ​ប្រយោល គឺ​នឹង​ប្រែក្លាយជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​។ ដោយ​ផ្លូវ «​អារក្ស​ត្នោត​»​នេះ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ រវាង​ភ្នំពេញ និង​ខេត្តសៀមរាប និង​ម្ខាង​ទៀត​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​តំបន់​រមណីយដ្ឋាន​ទឹកឆា ស្រុក​ព្រៃឈរ​៕S/​