ប្រែក្លាយ​ពី​កន្លែង​ឡ​ដុត​ធ្យូង​រាប់រយ​ទៅជាតំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៍

335

​(កំពង់ស្ពឺ)៖ ព្រៃឈើ​តូចធំ​ច្រើន​ប្រភេទ បាន​ដុះ​លូតលាស់​ជា​លក្ខណៈ​ធម្មជាតិ គ្របដណ្តប់​​លើដី​វាល​ត្រងោល ជា​កន្លែង​ដែល​អ្នកភូមិ​ធ្វើ​ឡ​ដុត​ធ្យូង​ស្ទើរ​រាប់មិនអស់​កាលពី​ជាង​ដប់ឆ្នាំ​​កន្លងមក ។ តំបន់​នេះ​មាន​ឈ្មោះថា សហគម​ន៏​ចំបក់ ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ដែល​ធ្លាប់​មា​ន​ឈ្មោះ​ល្បី​ខាង​ការ​រុករាន​កាប់​ព្រៃឈើ​ដុត​ធ្យូង មកជា​តំបន់​អភិរក្ស​ធនធាន​ព្រៃឈើ​ទៅ​វិ​​ញ ។​

​លោក ផៃ ហ៊ាន មេឃុំ​ចំបក់​បាន​និយាយ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឃុំ​បាន​គ្រប់គ្រង​ផ្ទៃដី​​ជាង​៣.០០០​ហិកតា ដែល​ភាគច្រើន​ជា​ដីព្រៃ​ធម្មជាតិ​ជាប់​ព្រំប្រទល់ នៃ​ឩ​ទ្យា​ន​ជាតិ​គិរី​រម្យ​។​

​លោក​បាន​ទទួលស្គាល់ថា តំបន់​នេះ​ធ្លាប់​ជួប​ការ​លំបាន​ខ្លាំងណាស់ ខាង​ការកាប់​រុករាន​បំ​ផ្លាញ​ធនធាន​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ កាលពី​ជាង​១០​ឆ្នាំកន្លងមក ។ ពេលនោះ​ប្រជា​ពលរដ្ឋ​រកប្រាក់​ចំណូល ដោយសារ​ការកាប់​ព្រៃឈើ​ដុត​ធ្យូង ដើម្បី​ដឹក​យកទៅលក់​នៅ​រាជ​​ធានី​ភ្នំពេញ ។​
​ ​
លោក​មេឃុំ​បាន​បន្ថែមទៀតថា ប៉ុន្តែ​សព្វថ្ងៃនេះ អ្នកភូមិ​បែរ​ជាមាន​ទឹកចិត្ត​ចេះ​ថែ​​រក្សា​ការពារ​ធនធាន​ព្រៃឈើ​គួរ​ឲ្យ​កោតសរសើរ​ទៅវិញ ។ អ្នកភូមិ​បាន​ផ្លាស់ប្តូរ​មុខរបរ​ពី​អ្នក​កាប់​ឈើ​ដុត​ធ្យូង ទៅជា​អ្នក​បរ​រទេសគោ​ដឹក​ភ្ញៀវទេសចរ ទៅ​មើល​ទឹកធ្លាក់ មើល​ព្រៃ​​ឈើ​ធម្មជាតិ បាន​ចំណូល​ពី​ការជួល​ផ្ទះ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ស្នាក់នៅ ជាមួយ​ការធ្វើ​ស្រែ និង​ដាំ​ដំណាំ​រួមផ្សំ​នៅ​ជុំវិញ​ផ្ទះ ។​
​ ​
លោក ផៃ ហ៊ាន បាន​ឲ្យ​ដឹង​បន្តថា ដើម្បី​រួមចំណែក​ដល់​ការអភិរក្សនិង​អភិវឌ្ឍ​ន៍តំ​​បន់​ដែល​ធ្លាប់​ទទួលរង​ការបំផ្លិចបំផ្លាញ​ធនធាន​ព្រៃឈើ កាលពី​អតីត​កាលនោះ គឺ​សម្រាប់​ផែនការ​ប្រាំ​ឆ្នាំ​ខាងមុខនេះ ប្រជាពលរដ្ឋ​ទាំង​៦​ភូមិ នឹង​ដាំ​ដុះ​ព្រៃឈើ​នៅ​តំបន់​ដែលមាន​​ព្រៃ​សេសសល់​តិចតួច​បន្ថែមទៀត ។ ជា​ទិសដៅ​របស់​សហគម​ន៏​ចំបក់ នឹង​ប្រែក្លាយ​ទឹកដី​​ឃុំ​ចំបក់ ឲ្យ​ទៅជា​តំបន់​ដែល​សម្បូរ​ធនធាន​ព្រៃឈើ នឹង​ជា​តំបន់​ទេសចរ​ធម្មជាតិ កាន់តែ​​ទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​ពិសេស ភ្ញៀវទេសចរ​បរទេស ។​
​ ​
អ្នកស្រី សៅ រុន ប្រធាន​ក្រុម​ជួយ​ខ្លួនឯងបាន​និយាយ​ឲ្យ​ដឹងថា រហូតមក​ដល់ពេល​នេះ ក្រុម​សន្សំ​ប្រាក់​បាន​ចំនួន​២៣០​លាន​រៀលសម្រាប់ធ្វើ​សេវា​រក​ចំណូល​ដោយ​ការ​ចិ​ញ្ចឹ​ម​គោនិង​ផ្តល់​ប្រាក់កម្ចី ។ អ្នកស្រី​ឲ្យ​ដឹងថា ដំបូង​ឡើយ​ក្រុម​មាន​សមាជិក​ត្រឹម​៤០​នាក់ តែ​មកដល់​សព្វថ្ងៃ​មាន​សមាជិក​កើន​ដល់​២៥២​នាក់ ។​

​លោក ពៅ ផេង ជា​សមាជិក​សហគម​ន៍បាន​និយាយ​ឲ្យ​ដឹងថា ការដឹក​ភ្ញៀវទេសចរ​ណ៍​ឡើង​មើល​ទឺ​ក​ធ្លាក់​ម្តង ពួកគាត់​បានទទួល​ក​ម្រៃ​ចំនួន​៥​ដុល្លារ ស្មើរ​នឹង​២០ ០០០​រៀល​ក្នុង​​ភ្ញៀវ​ម្នាក់ ។ បើ​មាន​ភ្ញៀវ​ជិះ​បីនាក់ នឹង​ទទួលបាន​ប្រាក់​ទៅតាម​នោះ ។ បើ​ទោះ​យ៉ាងនេះ​ក្តី​លោក ផេង​បាន​ប្រាប់ថា ភ្ញៀវទេសចរ​បរទេស​ភាគច្រើន ចូលចិត្ត​ជិះ​រទេសគោ​មើល​ទេស​​ភាព ច្រើនជាង​ភ្ញៀវទេសចរ​ក្នុងស្រុក ៕ដោយៈ​សម្បត្តិ​កញ្ញា​/sn

សមាជិក​សហគម​ន៏​ចំបក់​មាន​ចំណូល​ពី​ការដឹក​ភ្ញៀវ​កែប្រែ​ជីវភាព​(​រូបសម្បត្តិ​កញ្ញា​)