ប្រ​ធានា​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​ត្រូវបាន​ចាប់ខ្លួន​

486

​ប៉ូលិស​បាន​ចាប់ខ្លួន​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ លោក អ៊ែន​ជែ​ល ម៉ា​រី​យ៉ា វី​ល​យ៉ា កូនប្រុស​របស់លោក និង នាយក​ប្រតិបត្តិ​សហព័ន្ធ ៣ នាក់​ទៀត សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​។

​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​អេ​ស្ប៉ា​ញ (Guardia Civil) និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា លោក​វី​ល​យ៉ា កូនប្រុស​ឈ្មោះ ហ្គ័​រកា វី​ល​យ៉ា និង មន្ត្រី​៣​នាក់​ផ្សេងទៀត ត្រូវបាន​ឃុំខ្លួន នៅពេល​ការ​ឆ្មក់​បង្ក្រាប​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​នៅក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ត​។

​លោក​វី​ល​យ៉ា​ក៏​ជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​អង្គការ​បាល់ទាត់​ហ្វី​ហ្វា និង យូ​ហ្វា ផងដែរ​។

​ប៉ូលិស​និយាយថា បុរស​បីនាក់​ផ្សេងទៀត ដែល​បាន​ចាប់ខ្លួន គឺមាន​ឈ្មោះ ហ្សួ​ន ផា​ដ្រុ​ន អនុប្រធាន​កិច្ចការ​សេដ្ឋកិច្ច ព្រមទាំង ប្រធាន​និង​លេខា​សហព័ន្ធ​តំបន់​ក្នុង​ទីក្រុង​ធើ​ណេ​រី​ហ្វ​។

​ក្រុមមន្ត្រី​និយាយថា បុរស​ទាំង ៥ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ករណី​ហិរញ្ញវត្ថុ​របស់​សហព័ន្ធ​បាល់ទាត់​នេះ​។

​រដ្ឋមន្ត្រី​អប់រំ វប្បធម៌ និង​កីឡា​អេ​ស្ប៉ា​ញ លោក អ៊ី​ណី​ហ្គោ មិន​ដេ​ស ដេ វី​ហ្គោ បាន​ប្រាប់​ទូរទស្សន៍​ជាតិ​បន្ទាប់ពី​ការ​ឆ្មក់​បង្ក្រាប​នោះ​ថា “​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ច្បាប់​គឺ​ត្រូវបាន​អនុវត្ត ច្បាប់​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា និង គ្មាន​នរណាម្នាក់​អាច​នៅ​ពីលើ​ច្បាប់​បានឡើយ​”​។​

​យូ​ហ្វា បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ខ្លួន​បាន​ជ្រាប​អំពី​របាយការណ៍​នេះ​។ យើង​ពុំទាន់​មាន​អត្ថាធិប្បាយ​អ្វី​ទេ​នៅ​ខណៈ​នេះ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ លោក អ៊ែន​ជែ​ល ម៉ា​រី​យ៉ា វី​ល​យ៉ា (​កណ្តាល​)