ប្លន់​អ្នករត់ម៉ូតូឌុប​នៅ​ក្រុង​ស្ទឹងត្រែង​ទាំង​កណ្តាលថ្ងៃត្រង់​

16122

(​ស្ទឹងត្រែង​)៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវគេ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់ ហេតុការណ៍​នោះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ផ្លូវ​ចូល​ចម្ការ​ស្វាយចន្ទី​គីឡូម៉ែត្រ​លេខ​៦ ភូមិ​រាជា​នុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ អ៊ុក អៀង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​/​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ ម៉ូតូ​របស់គាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្ទឹងត្រែង 1C 3901​។ មុនពេល​កើតហេតុ​ជនរងគ្រោះ ត្រូវ​យុវជន​ពីរ​នាក់​ឱ្យ​ឌុប​ចេញពី​កាច់ជ្រុង កែង​ផ្ទះសំណាក់​អប្សរា​ផ្សារ​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ចម្ការ​ម៉ៃសាក់​គីឡូម៉ែត្រ​លេខ​៦​។ ពេលទៅដល់​ចំណុច ចម្ការ​ម៉ៃសាក់ ក៏​ឱ្យ​ចូលទៅ​ក្នុងព្រៃ​ចម្ការ​ស្វាយចន្ទី ដែលជា​កន្លែង​ស្ងាត់​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ក៏​ចាប់​ផ្តើមធ្វើ​សកម្មភាព​ប្លន់ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ផ្តាច់​បំពង់ក​អ្នករត់ម៉ូតូឌុប​។ តែ​ខណៈ​ពេលនោះ អ្នករត់ម៉ូតូឌុប​បាន​ព្យាយាម​រើខ្លួន​រហូត​ដួល​ម៉ូតូ​ទៅនឹង​ដី​។​

​ជនរងគ្រោះ​បាន​និយាយថា ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ជា​មនុស្ស​ពុំ​ធ្លាប់​ស្គាល់​បាន​យក​ម៉ូតូ​របស់គាត់ បើក​គេច​ទៅ​បាត់​។ ពេល​ដឹងថា ខ្លួន​មាន​របួស​ក៏​ខំ​យកដៃ​ខ្ទប់​ឈាម រត់ចេញ​មករក​ផ្លូវជាតិ ដើម្បី​ហៅ​គេ​ជួយ​។ ពី​ចំណុចកើតហេតុ​ប្រហែល​៤០០​ម៉ែត្រ មានផ្ទះ​អ្នក​ចាំចម្ការ​ឃើញ​ជនរងគ្រោះ​ត្រូវរបួស ក៏​ទូរស័ព្ទ​ទៅប្រាប់​ប្រពន្ធ​អ្នករត់ម៉ូតូឌុប​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​ភ្លាមៗ​៕L ដោយ​៖ សុខុម​