ប្អូនស្រី​គីម​ជុង​អ៊ុន​មកដល់​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​ពិធី​បើក​កីឡា​អូឡាំពិក​រដូវរងា​

200

​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​បាន​មកដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​៩​កុម្ភៈ​ដើម្បី​ធ្វើជា​បេសកជន​ពិសេស​របស់​បងប្រុសរ​បស់​នាង​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្រុង​ព្យឹ​ង​ចាង​។​

​នាង គីម យ៉ូ​ជុង (Kim Yo Jong) ដែល​ប្រហែលជា​មនុស្ស​ស្និទ្ធស្នាល​បំផុត​របស់​គីម​ជុង​អ៊ុន​និង​ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​គណបក្សកាន់អំណាច​របស់​កូរ៉េខាងជើង គឺជា​សមាជិក​ដំបូង​នៃ​គ្រួសារ​ត្រកូល​គីម​ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ទោះបីជា​ជីតា​របស់​នាង គឺ គីម អ៊ី​ល​ស៊ុ​ង ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​មួយ​របស់​កូរ៉េខាងត្បូង ដែល​កាន់កាប់​ដោយ​កងទ័ព​របស់គាត់ អំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ ដែល​សព្វថ្ងៃ​វា​ជា​តំបន់​គ្មាន​យោធា (DMZ)​។​

​ទស្សនកិច្ច​នេះ​អាច​នឹងមាន​អ្វីមួយ​ចេញពី​បក្ស​កុម្មុយនីស្ត​កូរ៉េ ជាពិសេស​សម្រាប់​នាង​គីម យ៉ូ​ជុង តែម្តង ប៉ុន្តែ​ក៏​សម្រាប់​ប្រទេស​ឯកោ​ខ្លាំង​នេះ​ផងដែរ​។​

​គីម ជុង​អ៊ុន​មិនដែល​ឈាន​ជើង​ជាន់​ក្រៅពី​ទឹកដី​កូរ៉េខាងជើង ឬ​ជួប​ជាមួយ​ប្រមុខរដ្ឋ​ណា​ម្នាក់​ឡើយ ចាប់តាំងពី​លោក​បាន​បន្ត​ឡើងកាន់​អំណាច​ពី​ឪពុក​ដែល​ស្លាប់ទៅ គឺ​លោក គីម ជុងអ៊ីល នៅ​ចុងឆ្នាំ ២០១១​។ ការខិតខំ​ប្រឹងប្រែង​តែមួយ​មុខ​គត់​របស់គាត់​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ប្រឆាំងនឹង​អ្វីដែល​គាត់​មើលឃើញថា​ជាការ​គំរាមកំហែង​ឈ្លានពាន​ដោយ​សហរដ្ឋអាមេរិក​នោះបាន​បង្កើន​ភាព​តានតឹង​មិន​ត្រឹមតែ​ជាមួយ​គូប្រជែង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​របស់ខ្លួន គឺ ចិន និង​រុស្ស៊ី ដែលជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់ខ្លួន​ផងដែរ​។​

​ការមកដល់​របស់​ប្អូនស្រី​គីម​ជុង​អ៊ុន​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងត្បូង​។ ដោយ​មើលទៅ​មាន​ទំនុកចិត្ត​និង​ភាពកក់ក្តៅ​ក្នុង​ចិត្ត​នោះ នាង​បាន​ជួបប្រជុំ​ខ្លី​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង​រួមទាំង​រដ្ឋមន្ត្រី​បង្រួបបង្រួម​ជាតិ លោក ឆូ ម្យុ​ង​យឹ​ន ផងដែរ​មុនពេល​ត្រូវបាន​ដឹក​ចេញ​តាម​រថយន្ត​ខ្មៅ រួច​បន្ត​ឡើង​ជិះ​រថភ្លើង​ល្បឿន​លឿន​ទៅ​ទីក្រុង​ព្យឹ​ង​ចាង​។​

​គីម យ៉ូ​ជុង ដែល​គេ​ជឿថា​មាន​អាយុ​ប្រហែល ៣០ ឆ្នាំ​បាន​ឡើង​កូដ​លេចធ្លោ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​រចនាសម្ព័ន្ធ​អំណាច​របស់​កូរ៉េខាងជើង​ហើយ​ត្រូវគេ​ជឿថា​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​រក្សា​និង​លើកតម្កើង​មុខមាត់​កិត្តិយស​របស់​គីម ជុង​អ៊ុន​។ ប៉ុន្ដែ​ជាទូទៅ​នាង​បន្ត​នៅក្រោម​ការការពារ​ពី​បងប្រុស​របស់​នាង​យ៉ាង​មាន​សុវត្ថិភាព​។ នេះ​ជាការ​បង្ហាញខ្លួន​ដ៏​លេចធ្លោ​ជា​អន្តរជាតិ​លើកដំបូង​របស់​នាង បើទោះបីជា​នាង​គ្រាន់តែ​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រតិភូ​កីឡា ដែល​ដឹកនាំ​ដោយ​លោក គីម យ៉ុង ណាំ អាយុ ៩០ ឆ្នាំ ដែលជា​អតីតរដ្ឋមន្ត្រី​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង​ក៏ដោយ​។​

​សម្រាប់​ហេតុផល​សន្តិសុខ ព័ត៌មាន​លម្អិត​តិចតួច​បំផុត​អំពី​ដំណើរ​រយៈពេល​៣​ថ្ងៃ​របស់​នាង គីម យ៉ូ ជុង ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​បន្ទាប់ពី​បានមក​ដល់​តាម​យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក​គីម​ជុង​អ៊ុន​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​អ៊ី​ន​ឆន់​របស់​កូរ៉េខាងត្បូង ពីព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​សំខាន់ៗ​របស់​កូរ៉េខាងជើង​ត្រូវបាន​ដាក់ទណ្ឌកម្ម​នោះ នាង​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្យឹ​ង​ចាង ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក កន្លែង​ដែល​អត្ត​ព​លិ​ក​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​នឹង​ដើរ​ក្បួន​រួមគ្នា​នៅ​ពីក្រោយ​ទង់ជាតិ “​បង្រួបបង្រួម​” ពណ៌​ខៀវ​និង​ស​។​

​ព្រឹត្តិការណ៍​នេះ​នឹង​នាំមក​នូវ​អារម្មណ៍​រំភើប​ក្តុកក្តួល​ជាក់​ជាមិនខាន​។

​កូរ៉េ​ទាំង​២ ដែល​តាមន័យ​បច្ចេកទេស​កំពុងមាន​ស​ង្គ្រា​ម​នឹង​គ្នា​នៅឡើយ​នោះ បាន​បែកបាក់​គ្នា​អស់ ៧០ ឆ្នាំ​ហើយ​៕ ដោយ៖ កញ្ញាដាលីស

នាង គីម យ៉ូ​ជុង មកដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ