ប​ញ្ញ​វត្ត​សង្ឃៈ ការ​ចោល​សំរាម​នៅតាម​វត្ត​អារាម​និង​ទីសាធារណៈ គឺជា​អំពើ​បាប​

1054
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ បន្ទាប់ពី​ភាពសប្បាយ​រី​រាយ​ដូចជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង បុណ្យកឋិន​ជាដើម​ទៅ អ្វីដែល​គេ​បានឃើញ​ដដែល​ជា​ដដែល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ គឺ​សំរាម ដូចជា​ថង់​ប្លា​ស្ទីក ដប​ទឹក​សុទ្ធ និង កាកសំណល់​ផ្សេងៗ នៅ​យ៉ាង​រាយប៉ាយ​ពាសពេញ​បរិវេន​វត្ត​អារាម ជាពិសេស​វត្ត​អារាម​នៅតាម​ទីជនបទ ។ ប្រការនេះ​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ ប៉ុន្តែ​វា​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា និង កិត្តិយស​ប្រទេសជាតិ​ទៀតផង ហើយ​ត្រូវគេ​រិះគន់ថា អ្នក​កាន់​ព្រះពុទ្ធសាសនា មិន​ម​ទទួលខុសត្រូវ​ម្ចាស់ការ​លើ​សំរាម​ដែល​ខ្លួន​ប្រើប្រាស់ មិនចេះ​ទុកដាក់​សំរាម​ឱ្យបាន​សមរម្យ មិនចេះ​សម្អាត​បរិស្ថាន មិនមាន​ទម្លាប់​រស់នៅ​ស្អាត ហើយ​ថា​ព្រះពុទ្ធសាសនា​មិនចេះ​ប្រៀនប្រដៅ​បរិស័ទ​ឱ្យ​ខ្លួន​ច ព្រោះថា​សូម្បីតែ​វត្ត​អារាម​ដែល​ជាទីគោរព​សក្ការៈ និង ជាទី​រក្សា​ទៅដោយ​ប្រពៃណី​វប្បធម៌​ព្រលឹង​ជាតិ​ផង ក៏​ពួកគេ​បោះ​សំរាម​ចោល​តាម​អំពើ​ចិត្ត​ដែរ ។

​តាមពិតទៅ ចំពោះ​ព្រះពុទ្ធសាសនា បុគ្គល​ដែល​បាន​បោះចោល​សំរាម​ផ្តេសផ្តាស គឺជា​អំពល​បាប ។ ព្រះ​ភិក្ខុ សឿ ហេង ព្រះគ្រូ​ចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង​បាន​ពន្យល់​សង្ខេប​ថា ” អ្នក​ដែល​បោះ​សំរាម​ចោល​ផ្តេសផ្តាស គឺ​ទាំង​ក្នុង​ទីសាធារណៈ ក៏ដូចជា​ទី​វត្ត​អារាម គឺជា​អំពើ​អកុសល ហើយ​អកុសលកម្ម​នោះ នឹង​នាំឱ្យ​អ្នក​ទាំងនោះ​ទៅជា​មនុស្ស​មាន​កមរមាស់ ស្បែក​មិន​ស្អាត សម្បុរ​មិន​ជ្រះ រូប​មិន​ស្អាត ហើយ​ជាពិសេស​សំបូរ​ជំងឺ​ឈឺ​ថ្កាត់​ច្រើន​ប្រការ ” ។​

ព្រះ​ភិក្ខុ សឿ ហេង ព្រះគ្រូ​ចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង (​រូបៈ មេសា​)

​ដូច្នេះ​ដើម្បី​ចៀសវាង​បាន​នូវ​បញ្ហា​សុខភាព​ផង ផុតពី​ការ​រិះគន់ថា​ជា​ជន​ឥត​មារយាទ និង ដើម្បី​ចៀសបាន​នូវ​ពី​បាបកម្ម ហើយ​ថែមទាំង​នាំមក​នូវ​បុណ្យ​កុសល​ផង និង ក្លាយជា​មនុស្ស​មាន​សីលធម៌ និង មាន​សេចក្តីថ្លៃថ្នូរ​ផង ព្រះមហា​សមណៈ​ខេ​មរ​បញ្ញវន្ត​សង្ឃ សឿ ហេង បានផ្តល់​អនុសាសន៍​ថា ” សំរាម​ដែល​ប្រើ​ហើយ ចូរ​កុំ​បោះចោល​ពាសវាល​ពាសកាល ត្រូវ​ចេះ​វិច​ខ្ចប់​ទុកដាក់​ឱ្យបាន​សមរម្យ ហើយ​យកទៅ​ចោល​ក្នុង​ធុងសំរាម ឬ គំនរ​សំរាម​ដែល​បាន​ចាត់ចែង ។ ចំណែក​អ្នកលក់ដូរ​ក៏ត្រូវ​តែ​ចេះ​ខ្ចប់​សម្អាត​ឱ្យបាន​ស្អាតបាត​ក្រោយពេល​ធ្វើ​អាជីវកម្ម​រួច ” ។​

​ព្រះពុទ្ធសាសនា ត្រូវ​បានទទួល​ទូទាំង​ពិភពលោក​ថា គឺជា​សាសនា​លេខ​១​ដែល​បាន​បង្រៀន​មនុស្ស​ឱ្យឃើញ​ទោស នៃ ភាព​គ្មាន​អនាម័យ ហើយ​បាន​បង្រៀន​មនុស្ស​ចេះ​ស្រឡាញ់​អនាម័យ និង បរិស្ថាន ។ ដូច្នេះ​ចំពោះ​ពុទ្ធសាសនិក គួរតែមាន​ស្មារតី​ម្ចាស់​ទុកដាក់​សំរាម​ឱ្យបាន​ស្អាត​ល្អជា​ទីបំផុត​ទើប​សមជា​ពុទ្ធសាសនិក ហើយ​ចៀសវាង​នូវ​ការរិះគន់​នានា ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា​ដ៏​ផូរផង់​ផង និង ដើម្បី​សុខភាព​ទាំងអស់គ្នា​ផង ក៏​ដើម្បី​ជា​កិត្តិយស​មុខមាត់​ដល់​ប្រទេសជាតិ​ផងដែរ ហើយក៏​ជា​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ម្នាក់ៗ និង គ្រួសារ​ផង ព្រោះ​ថាបើ​បោះចោល​សំរាម​ផ្តេសផ្តាស​ច្បាស់​ជា​ត្រូវគេ​និន្ទា​ទាំង​បុគ្គល​នោះ ហើយ​ថា​គ្រួសារ​របស់​បុគ្គល​នោះ​គ្មាន​សណ្តាប់ធ្នាប់ ឥត​របៀបរបប​ជាដើម ។​

​សូមជម្រាបថា ពាក្យ​ថា អារាម ឬ វត្ត​អារាម គឺជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា​ខេមរភាសា​ថា សួនច្បារ ឬ ទី​ដែល​ញ៉ាំ​ឱ្យ​កាយ និង ចិត្ត​រីករាយ​ក្សេមក្សាន្ត ៕ Kh