ប​រ័​មួយ​ដើម​ក្នុង​មួយឆ្នាំ​អាច​រកចំណូលបាន​ដល់​ប្រាំ​ពីរលាន​រៀល​

229
ដំណាំ​ប​រ័​នៅ​ខេត្ត​រតនគីរី​

​ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​ក្រៅពី​ដំណាំ​ឧស្សាហកម្ម​ដូចជា​កៅស៊ូ ដូងប្រេង នៅ​ខេត្ត​រតនគីរី​ក៏មាន​ដំណាំ​ហូបផ្លែ​ដូចជា​ស្វាយចន្ទី តា​ង៉ែ​ន ទុរេន និង ជាពិសេស ដើម​ប​រ័ ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ​ដោយ​ក្នុង​មួយ​ដើម អាច​រកចំណូលបាន​ពី​បួន​លាន​ទៅ​ប្រាំ​ពីរលាន​រៀល​ក្នុង​មួយឆ្នាំ​។​

​បណ្ឌិត​សយ សូ​ណា ប្រធាន​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​រតនគីរី​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែមេសា​ថា ដំណាំ​ប​រ័​នៅ​ខេត្ត​រតនគីរី​ដែល​ប្រជាពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​សរុប​បាន​ជិត​១០០​ហិកតា ។អ្នកខ្លះ​ដាំ​បាន​រហូតដល់ ប្រាំហិកតា ក្នុងនេះ​មួយចំនួន​ចេញ​ផ្លែ​ហើយ​។​
​ ​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ប​រ័​ឆ្នាំនេះ​មាន​ផ្កា​ច្រើន តែ​ផ្លែ​មិនសូវ​កាន់​ទេ​ដោយសារ​ខ្វះ​ទឹកភ្លៀង​កក់ខែ ដំណាំ​ប​រ័​ត្រូវការ​ទឹក​ច្រើន​ទើប​ចេញ​ផ្លែ​ល្អ​។ ទោះជា​យ៉ាងណា​តម្លៃ​របស់​វា​បាន​ថ្លៃ​គឺ​ពី​១០.០០០​ទៅ​១៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ។
​ប​រ័​មួយ​ដើម​លោក​សយ សូ​ណា បញ្ជាក់ថា អាច​រកចំណូលបាន​ពី​បួន​លាន​ដល់​ប្រាំ​ពីរលាន​រៀល​ក្នុង​មួយឆ្នាំ ។ ដំណាំ​ប​រ័​ពូជ​ថ្មី អាច​ចេញ​ផ្លែ​នៅក្នុង​រយៈពេល​៤​ឆ្នាំ​បន្ទាប់ពី​ការដាក់​ដាំ ។ ផ្លែ​ប​រ័​ត្រូវបាន​គេ​ប្រមូល​ទិញ​យកទៅ​ភ្នំពេញ​អស់​គ្មាន​សល់​។ ប​រ័​ចេញ​ផ្លែ​បណ្តាក់​គ្នា​តាំងបី​ខែមករា​រហូតដល់​ខែមេសា និង​ក៏មាន​ចេញ​ផ្លែ​ខុសរដូវ​ផងដែរ​។​

​លោក​សយ សូ​ណា បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត ប​រ័​នៅ​ខេត្ត​រតនគីរី អាចប្រមូលបាន​ដល់​រាប់ពាន់​តោន​ក្នុង​មួយឆ្នាំ ។ ទីផ្សារ​នៅ​ក្រុងភ្នំពេញ​សព្វថ្ងៃ​ត្រូវការ​ផ្លែ​ប​រ័​ច្រើន ។ ដំណាំ​ហូប​ផ្លែ​នៅ​ខេត្ត​រតនគីរី​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការដាំដុះ​ច្រើន ដូចជា​ប​រ័ ទុរេន​ស្វាយ​តៃវ៉ាន់ តា​ងែ​ន​ដាំ​បាន​ដល់​ជាង​៣០០​ហិកតា​៕MN