ប​.​ស​.​ស និង ស​.​ស​.​យ​.​ក សហការគ្នា​ពង្រឹង​សុវត្ថិភាព​ធ្វើដំណើរ​របស់​កម្មករ​និយោជិត​

1212
ចែករម្លែក

ដោយ : ពៅ និមល / ភ្នំពេញ : បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​សភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​ការលើក​ដើម្បី​ពង្រឹង សុវត្ថិភាព​ធ្វើដំណើរ​របស់​បងប្អូន​កម្មករនិយោជិត​។​

​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក អ៊ុក សមវិទ្យា ប្រតិភូ រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក ប​.​ស​.​ស និង​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​។​

​នៅក្នុង​ពិធី​នាឱកាស​នោះ លោក អ៊ុក សមវិទ្យា បាន​លើកឡើងថា គោលបំណង​នៃ​ពិធី​ចុះ​អនុស្សា​- រណៈ មាន​គោលដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​និង​អនុវត្ត​ផែនការ​សុវត្ថិភាព ចរាចរណ៍ សំដៅ​ទប់ស្កាត់​និង​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ កម្ម​ការ​នី ក្នុងស្រុក​ឲ្យ​នៅ កម្រិត​អប្បបរមា ព្រមទាំង​ប្តេជ្ញា​រួមគ្នា​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ជាមួយគ្នានេះ លោក​ប្រធាន ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា ស​.​ស​.​យ​.​ក បាន​បើក​ទំព័រ​ថ្មី​មួយ ទៀត នៃ​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​សាធារណៈ​ក្នុងការ​រួមចំណែក​ដល់​ការបណ្តុះបណ្តាល​អប់រំ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​បងប្អូន​កម្មករនិយោជិត និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ឲ្យ​បាន​យល់ដឹង​កាន់តែ ច្បាស់​បន្ថែមទៀត​ពី​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករនិយោជិត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សុ​វ​ជីវ​ធម៌​ក្នុងការ​បើកបរ និង​សកម្មភាព​សំខាន់ៗ​ចាំបាច់​ផ្សេងទៀត​តាម​តម្រូវការ​ជាក់ស្តែង​។​

​ដោយឡែក នៅក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់ ប​.​ស​.​ស បាន​ឲ្យ​ដឹងថា ក្រោយ​ពិធី​ចុះ អនុស្សារណៈ ប​.​ស​.​ស នឹង​ចុះ​ស្រង់​ស្ថិតិ​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ ហើយ​បញ្ចូល​ជា​សមាជិក​សភាព ស​.​ស​.​យ​.​ក​, ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​កម្មករនិយោជិត និង​អ្នកបើកបរ​យានយន្ត ដឹក​កម្មករ​នៅតាម​រោងចក្រ​ប្រមូលផ្តុំ​និង​នៅ​កន្លែង​ផ្សេងៗ​ទៀត និង​ចុះ​សម្របសម្រួល​ពេល​មាន​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​, ចុះ​បំពាក់​បដា​ពាក្យស្លោក​នៅតាម​រោងចក្រ និង​ចុះ​បណ្តុះបណ្តាល​ភ្នាក់ងារ​សង្គ្រោះ បឋម​សម្រាប់​អ្នកបើកបរ​យាន្ត​ដឹក​កម្មករ ប្រតិភូ បុគ្គលិក សហជីព​មូលដ្ឋាន និង​គ្រូពេទ្យ​ប្រចាំ​រោងចក្រ ជាដើម​។​ល​៕