ប​.​ស​.​ស បកស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​សេចក្តីជូនដំណឹង​កន្លង​ទៅ​អំពី​ករណី​គ្រោះថ្នាក់​ការងារ​

1581
ចែករម្លែក
  • 63
    Shares

​ដោយ : ពៅ និមល​/ ​ភ្នំពេញ ៖ បន្ទាប់ពី​មាន​ការលើក​ឡើងជា​បន្ត​បន្ទាប់​របស់​បងប្អូន​សាធារណជន​ទៅលើ​កង្វល់​អំពី​ករណី​គ្រោះថ្នាក់​ការងារ​។ នៅ​រសៀល​ថ្ងៃនេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីបំភ្លឺ​មួយ​ជូន​សាធារណជន​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ ក៏ដូចជា​ការព្រួយបារម្ភ​បន្តទៀត​។​

​យោងតាម​សេចក្តីបំភ្លឺ​របស់ ប​.​ស​.​ស ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ ប​.​ស​.​ស សូម​ធ្វើការ​ជម្រាបជូន​ដល់​សាធារណជន និយោជក ម្ចាស់​គ្រឹះស្ថាន និង​កម្មករនិយោជិត​ថា ថ្មីៗ​នេះ​ប​.​ស​.​ស បានចេញ​សេចក្តីជូនដំណឹង​កន្លង​ទៅក្នុង​គោលបំណង​ថា គឺ​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ចំពោះ​បងប្អូន​កម្មករនិយោជិត​នៅពេល​មាន​បញ្ហា​សុខភាព​ក្នុងការ​ទៅ​ទទួល​សេវា​ព្យាក​បាល​និង​ថែទាំ​សុខភាព ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​អំពី​ហានិភ័យ​ការងារ​នោះឡើយ​។ ពោលគឺ​បងប្អូន​កម្មករ និយោជិត​អាច​ចូលទៅ​ទទួល​សេវាកម្ម​គ្រប់ពេល​ដោយ​ឥត​បង់ថ្លៃ​។ កាត់បន្ថយ​បែបបទ​នៃ​ការជូនដំណឹង​ហានិភ័យ​ការងារ​របស់​និយោជក​មក ប​.​ស​.​ស ក្នុងពេលដែល​កម្មករ និយោជិត​មាន​បញ្ហា​សុខភាព និង​រួមចំណែក​ជំរុញ​ឲ្យ​ការផ្តល់សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ងាយស្រួល​ជាង​មុន​។​

​ប្រភព​ដដែល​បញ្ជាក់ទៀតថា សរុបសេចក្តី​មក​គ្រប់​ពេលដែល​កម្មករ និយោជិត​មាន​បញ្ហា​សុខភាព ទោះជា​បញ្ហា​នោះ​ពាក់ព័ន្ធ​នឹង​ការងារ ឬ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ក្តី ក៏​បងប្អូន​នៅតែ​ទទួលបាន​សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រដោយ​ឥត​បង់ថ្លៃ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ តាមរយៈ​សេចក្តីបំភ្លឺ​ខាងលើនេះ ប​.​ស​.​ស ជឿជាក់ថា សាធារណជន​នឹង​ជ្រួតជ្រាប​ឲ្យ​កាន់តែច្បាស់​ពី​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​នេះ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​១៧ ខែឧសភា​កន្លងទៅ ប​.​ស​.​ស បានចេញ​សេចក្តីជូនដំណឹង​លេខ​៣០/១៨ ជម្រាបជូន​ដល់​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្មករ និយោជិត​ថា ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា​ខាងមុខ រាល់​ស្ថានភាព​របស់​កម្មករនិយោជិត​ដែលមាន អាកា​រៈ​ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម​និង​ថប់​អារម្មណ៍ ដែល​បណ្តាលមកពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ខ្វះ​សារធាតុ​អ៊ីយ៉ុង​ក្នុង​ឈាម មានដូចជា កាស់​ស្យូ​ម សូ​ដ្យូ​ម ប៉ូ​តា​ស្បូ​ម ម៉ាញ៉េ​ស្យូ​ម ដែលជា​ទូទៅ​និយោជក ឬ​កម្មករនិយោជិត​យល់ថា ជា​ស្ថានភាព​សន្លប់​ជា​បុគ្គល​ក្នុង​កន្លែងធ្វើការ ឬ​ម៉ោង​ធ្វើការ​ហើយ​ចាត់ទុកថា​ករណីបែបនេះ​ជា​គ្រោះថ្នាក់​ការងារ​។ ប​.​ស​.​ស ចាត់ទុកថា ជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​បុគ្គល​មិនមែន​បណ្តាលមកពី​ការងារ ឬ​បរិយាកាស​កន្លែងធ្វើការ​ទេ​។ ដូច្នេះ កម្មករ និយោជិត​ទាំងអស់ ត្រូវ​ទទួល​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​៕​B