ប​.​ស​.​ស បាន​ឲ្យ​ដឹងថា រយៈពេល​ជាង​បី​ខែ​មកនេះ រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង​០៥​ពាន់​លាន​រៀល ដល់​ស្ត្រី​សម្រាលកូន​រួច​

1025
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: របាយការណ៍​ការ​ការ​ងារ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា រហូតដល់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​សរុប​៥.៦៦៩.២០០.០០០​រៀល ស្មើនឹង​ជាង ០៤​សែន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​រួច​នៅ​ទូទាំងប្រទេស​។​

​យោងតាម​របាយការណ៍​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ចំពោះ​កម្ម​ការ​នី​សម្រាលកូន ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០៤ ខែមេសា​នេះ បាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ថ្ងៃនេះ កម្មករនិយោជិត​ជា ស្ត្រី​សម្រាលកូន​រួច​សរុប​ចំនួន​១៤.០៧៩​នាក់ ស្មើនឹង​ទារក​សរុប​១៤.១៧៣​នាក់​។

​គួរ​បញ្ជាក់ថា ប្រាក់ឧបត្ថម្ភ​បន្ថែម​ពេល​សម្រាលកូន​ចំពោះ​កម្មករនិយោជិត​ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ ប្រព័ន្ធ​ដែល​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ សម្រាប់​ស្ត្រី​សម្រាល​កូនទោល (​មួយ​) ទទួលបាន​៤០​ម៉ឺន​រៀល​។ សម្រាល​កូនភ្លោះ (​ពីរ​) ទទួលបាន​៨០​ម៉ឺន​រៀល និង​សម្រាល​កូនភ្លោះ (​បី​) ទទួល បាន​០១​លាន​២០​ម៉ឺន​រៀល​។ ប្រាក់ឧបត្ថម្ភ​ទាំងនេះ​ត្រូវ​ផ្តល់ជូន​ដោយផ្ទាល់​ពី ប​.​ស​.​ស ក្រោយពេល​សម្រាល កូន​ទោះបីជា​ទារក​រស់ ឬ​ស្លាប់​ក៏ដោយ​៕ ល​