ផង់ សុភាព មក​ជំនួស មាស សុជាតិ ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​បារ​លី​ប្លេ​ក​

339

(​ភ្នំពេញ​): មាស សុជាតិ ក្លិប​ក្រុង​ប៉ោយប៉ែត​កីឡា ត្រូវ​ដកចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​បារ​លី​ប្លេ​ក របស់​អាស៊ីអាគ្នេយ៍ នៅ​រាល់​ល្ងាច​ថ្ងៃអាទិត្យ​ហើយ​។​

​ជាមួយនឹង​ការដក​នេះ ត្រូវបាន​គេ​ដាក់ជំនួស​ដោយ​អ្នក​ប្រដាល់ ផង់ សុភាព របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​វិញ​។ ការផ្លាស់ប្ដូរ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សុជាតិ​វ៉ៃ​ឈ្នះ​អ្នក​ប្រដាល់​ថៃ បាន​មួយ​ប្រកួត​ទៅហើយនោះ គឺ​ឈ្នះ អា​រ៉ាំ ប៊​យ (Aram Boy) ដោយ​ពិន្ទុ​។ ជាមួយនឹង​ជ័យជំនះ​នេះ បានធ្វើ​ឲ្យ​គេ​គេ​ចោទប្រកាន់ថា អា​រ៉ាំ ប៊​យ​វ៉ៃ មិន​អស់ពី​សមត្ថភាព ព្រោះ​អ្នក​ប្រដាល់​ថៃ គឺ​លោក ថៃ អ៊ូ ដែលជា​ម្ចាស់​ក្លិប​ក្រុង​ប៉ោយប៉ែត ជា​អ្នក​នាំមក​។​

​សម្រាប់​ថ្ងៃទី​១៥​តុលា​នេះ ផង់ សុភាព ត្រូវ​ប្រកួត​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​ឯក (Phich Nam Ek) ឯ​ជ័យជំនះ​របស់ មាស សុជាតិ​លើ អា​រ៉ាំ ប៊​យ ត្រូវប្រគល់​ឲ្យ សុភាព ដែរ​។​

​សុភាព ជា​អ្នក​ប្រដាល់​ចិត្តធំ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ ច្បាស់ និង​ទាត់​ចេញ​បានល្អ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​ដង ឈ្នះ​៦៥​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ប្រសិនបើ​មួយ​ប្រកួត​នេះ សុភាព បានទទួល​ជ័យជំនះ​នោះ គឺ​បាន​ជ័យជំនះ ២​ប្រកួត​ហើយ ដោយ​មួយ​ប្រកួត​សុជាតិ​កាដូ​ឲ្យ​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​ឯក វិញ​នោះ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់គេ​ហើយ ដែល​ការប្រកួត​ដំបូង​របស់គេ​ជួប​បរាជ័យ គឺ​ចាញ់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ​។ ការប្រកួត​មួយ​នេះ​ជ័យជំនះ​មិនដឹងថា ជា​របស់​នរណា​នៅឡើយ​ទេ​។​

​សូម​បញ្ចា​ក់ថា អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​ឯក នេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៦​ដង ឈ្នះ​៦៨​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង​។​

​មួយ​ប្រកួត​ទៀត​អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy)​។​

​ការប្រកួត​មួយ​នេះ គេ​ជឿថា សុខ​ហ៊ុ​ច មានឱកាស​ឈ្នះ​ច្រើនជាង​។ សុខ​ហ៊ុ​ច នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់គេ​ដែល​មួយ​ប្រកួត​ដំបូង​របស់គេ​ឈ្នះ ភេ​ច ណាំ​ឯក ដោយ​ពិន្ទុ​។ សុខ​ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៧​ដង ឈ្នះ​៧៣​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ចំពោះ អា​រ៉ាំ ប៊​យ វិញ​មួយ​ប្រកួត​ដំបូង​របស់គេ​ជួប​បរាជ័យ​។ ការប្រកួត​នេះ ក៏​គេ​ជឿថា អ្នក​ប្រដាល់​ថៃ​រូបនេះ​លំបាក​នឹង​ដណ្ដើមបាន​ជ័យជំនះ​ដែរ​។ អា​រ៉ាំ ប៊​យ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦១​ដង ចាញ់​១៧​ដង​៕L ដោយ​: រ៉ូ​ហ្សា​