ផលដែលពលរដ្ឋទទួលបានពី​ស្ពាន​កោះ​ប៉ែន​

1725
ចែករម្លែក

ភ្នំពេញៈ​
​ស្ពានថ្ម​កោះ​ប៉ែន​ដែល​បាន​សាងសង់​រួច​ដោយ នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ​មាន​ប្រវែង​៧៧៩​ម៉ែត្រ និង​ទទឹង​៧,២០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នេះ ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​នេះ ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

សម្តេចតេជោអញ្ជើញសម្ពោធស្ពានកោះប៉ែនខេត្តកំពង់ចាម(រូបតារារិទ្ធ៌

​លោក​វ៉ែន នាង​មេឃុំ​កោះ​មិត្ត​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា ​ថា ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន ក្នុង​ឃុំ​កោះ​មិត្ត​កាលពី​មិនទាន់មាន​ផ្លូវ​បេតុង​និង​មិនទាន់មាន​ស្ពានថ្ម​កោះ​ប៉ែន​នេះ​ជួប​ការ លំបាក​ខ្លាំងណាស់ ជាពិសេស​នៅក្នុង​រដូវវស្សា​ដែលមាន​ភ្លៀងរលឹម​និង​ទឹកទន្លេ​ជន់ ឡើង​ខ្លាំង និង នៅ​រដូវប្រាំង​មាន​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​។​ប៉ុន្តែ​ចាប់តាំងពី​ក្រោយ ពេល​ស្ពាន​កោះ​ប៉ែន បាន​សាងសង់​រួចមក​ឃើញថា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ភាព ងាយ ស្រួល​ក្នុងការ​ធ្វើដំណើរ​ទេ ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​នេះ​មានការ​ប្រែ ប្រួល គួរកត់សម្គាល់​ដែរ​។​
​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើដំណើរ និង ដឹកជញ្ជូន​កសិផល​នានា កាលពី​មិនទាន់មាន​ស្ពាន ជួប​ការលំបាក​ខ្លាំង កូនសិស្ស​ទៅ​រៀន​មិន​ទាន់ពេល​អ្នកជំងឺ ពេលយប់​គ្មានអ្វី​ឆ្លង​។​កសិផល​ធ្វើបាន​មានតម្លៃ​ថោក ដោយសារ​ការដឹកជញ្ជូន​តាម​ស្ពាន ប្រដឹស​ឬ​តាម​ទូក​មានតម្លៃ​ថ្លៃ តែ​បន្ទាប់ពី​ស្ពាន​បាន​សាងសង់​រួចមក​ការដឹកជញ្ជូន​ធ្វើ បាន​គ្រប់ពេល​និង​មាន​តម្លៃថោក ដោយមាន ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដល់ផ្ទះ ។ បន្លែ ផ្លែឈើ​ដែល​ប្រជាពលរដ្ឋ​ដាំ​បាន​បេះ​មក​ដាក់លក់​នៅតាម​មុខផ្ទះ​ហើយ​មាន​គេ ប្រមូល ទិញយក​អស់​។​
​លោក​វ៉ែន នាង បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កោះ​មិត្ត នេះ មាន​ចំនួន​ប្រមាណ​៧.០០០​នាក់​ដែល​ភាគច្រើន​ប្រកប​របរ​កសិកម្ម​។​ផ្ទៃដី​ពីរភាគបី​ជា​ដី ស្រូវប្រាំង​និង​ចម្ការ​ព​ពោត​សណ្តែក​ថ្នាំជក់ និង ចុងក្រោយ​នេះ ប្រជាជន​នាំគ្នា​ងាក ដាំ​ដើម​គ​សម្រាប់​កាប់​ដើម​លក់​វិញ ព្រោះ​វា​បាន​ថ្លៃ​។ នៅលើ​កោះ​ប៉ែន​សព្វថ្ងៃ​មាន ភ្លើង រដ្ឋ មាន​ទឹកស្អាត មាន​ផ្លូវ​បេតុង​ប្រវែង​ជាង​១៤​គីឡូម៉ែត្រ និង ជាពិសេស​មាន​ស្ពានថ្ម​ថ្មី កោះ​ប៉ែន ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន​។​
​លោក​ផេ​ន សុផល​អភិបាលស្រុក​កោះ​សូ​ទិន​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៣​ខែ មីនា​ថា ចាប់តាំងពី​ស្ពាន​កោះ​ប៉ែន​បានធ្វើ​រួច និង បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លង កាត់​ជា​បណ្តោះអាសន្ន​មក​ឃើញថា ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន​ក៏​ដូច ជា​កោះសូទិន​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន ដោយសារ​ស្ពាន​នេះ​បាន​ជួយ​កាត់ បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​នានា ។ ពីមុន​នៅក្នុង រដូវវស្សា​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសូទិន ដែលមាន​ចំនួន​ប្រមាណ​ជា​៩.០០០​នាក់ ចង់ទៅ​ក្រុង​កំពង់ចាម​ត្រូវ​ឆ្លងកាត់​ព្រែក​ដល់​ទៅ​ពីរ គឺ​ព្រែក​ដើម​ចាន់ និង​ព្រែ​កតា​ឃ្លោក ។ ការធ្វើដំណើរ​លំបាក​បំ​ផុត​នោះ​គឺ​នៅក្នុង​រដូវវស្សា​។​
​លោក​អភិបាលស្រុក​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា នៅលើ​កោះ​ប៉ែន (​ឃុំ​កោះ​មិត្ត​)​ក៏ដូចជា​កោះសូទិន​ផ្លូវ​សំខាន់ៗ​បាន​ក្លាយជា​ផ្លូវ​បេតុង​កម្រាស់​ពីរ​តឹក​អស់ហើយ ជា​ផ្លូវ​អំណោយ​ដ៏​ថ្លៃ​ថា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពេល​ស្ពាន​កោះ​ប៉ែន​បាន​សាងសង់​រួច​អ្នកស្រុក​កោះ​ប៉ែន​បាន​ក្លាយជា​អ្នកទីក្រុង​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​ព្រែ​កតា​ឃ្លោក​ដែលមាន​ប្រវែង​ទទឹង​៦០​ម៉ែត្រ នៅតែ​ជា​ឧ​បស​គ្គ័​ក្នុងការ​ធ្វើចរាចរ​រប​ស់​ប្រជាពលរដ្ឋ​នៅ​កោះសូទិន​ដោយសារ​មិនទាន់មាន​ភ្ជាប់​មក​កោះ​ប៉ែន​។
​លោក​ផេ​ន សុផល បាន​ឲ្យ​ដឹង​ទៀតថា ព្រែក​តា​ឃ្លោក​នៅ​រដូវប្រាំង​មិនមាន​ទឹក​ទេ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បានតែ​នៅ​រដូវវស្សា​ត្រូវ​ជិៈ​ទូក ដើម្បី​ឆ្លង​មក​កោះ​ប៉ែន​។ ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​សង់ស្ពាន​នេះ​មួយទៀត ដើម្បី​បញ្ចប់​ការលំបាក​ដែលមាន​ជា​យូរ​មកហើយ​នោះ ។ នៅលើ​កោះសូទិន​សព្វថ្ងៃ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​អស់ហើយ​គឺ​នៅ​ខ្វះ​តែ​ស្ពាន​ព្រែក​តា​ឃ្លោក​សម្រាប់​ឆ្លង​ក្នុង​រដូវវស្សា​នោះទេ​។​
​ចាប់តាំងពី​ក្រោយពេល​ស្ពាន​កោះ​ប៉ែន​បាន​សាងសង់​រួច ចំនួន​ភ្ញៀវ​ទៅលេង កោះ​ប៉ែន​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា​មានការ​កើនឡើង​ជា​លំដាប់​។ លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម គ្រោង​រៀបចំ​តំបន់​កោះ​ប៉ែន​ទាំងមូល​ឲ្យ​ក្លាយទៅជា​ជា​តំបន់ អេកូ​ទេសចរណ៍​របស់​ខេត្ត​៕MN/ដោយៈប៉ែនខុន

ស្ពានកោះប៉ែន