ផលិតកម្ម​មួយ​ក្រោយពី​ទទួល ជោគជ័យ​បានសម្រេច​បង្ហាញមុខ​តារា​ខ្លួន​ទាំង​១៥​រូប​

130
ចែករម្លែក

ភ្នំពេញ​៖ ផលិតកម្ម ហ្គោល​(Gold Production) បានប្រកាស​បង្ហាញមុខ និង​ជួបជុំ​តារាចម្រៀង របស់ខ្លួន​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ផលិតកម្ម​នេះ​បាន​ផលិត​ស្នាដៃ​បទ​ចម្រៀង​អស់​រយៈពេល ជាង​១​ឆ្នាំ​រួចមក​។​

​តារាចម្រៀង​ដែល​បាននិងកំពុង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​នេះ​មាន​ចំនួន​១៥​រូប ក្នុងនោះ តារា​សម្តែង​វ័យក្មេង​ល្បីឈ្មោះ​មួយចំនួន​ក៏មាន​វត្តមាន​ក្នុង​ផលិតកម្ម​នេះដែរ មានដូចជា កញ្ញា អាង សុជាតា ,​កញ្ញា អួន វ៉ាន់​វី​តា​, លោក ឃី​ង សាន់ ,​លោក ផាត់ តា​ភូ​, លោក សុគន្ធ ដេវីត ,​កញ្ញា យេ​យេ ជាដើម​។​

​តារា​សម្តែង និង​ចម្រៀង​កញ្ញា អាង សុជាតា ហៅ ឈូ​ឈូ បាន​បញ្ជាក់ថា នាង​មាន​បទ​ចម្រៀង មួយចំនួន​បានចេញ​រួចជាស្រេច​ទាំង​បទ​មនោសញ្ចេតនា និង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​។ បទ​ថ្មី​បែប​ចង្វាក់​ហ៊ី​ប​ហប​គឺ​បទ​”​រាំ​ចង្វាក់​អែនអន​” របស់​នាង​ទទួលបាន​ការពេញចិត្ត​ច្រើន ពី​ទស្សនិកជន​។

​តារាចម្រៀង​វ័យ​១៥​ឆ្នាំ​រូបនេះ​លើកឡើង​ដែរ​ថា​ការផ្តល់​ឱកាស​ពី​ផលិតកម្ម គឺ​ពិតជា​ជួយ ជំរុញ​ឲ្យ​វិស័យ​សិល្បៈ ពិសេស​ផ្នែក​ចម្រៀង កាន់តែ​សម្បូរបែប និង​អាចជួយ​ឲ្យ​សិល្បករ ដែលមាន​ទេពកោសល្យ​អាច​បញ្ចេញ​សមត្ថភាព និង​កសាង​ប្រជាប្រិយភាព​របស់ខ្លួន លើ​វិស័យ​សិល្បៈ​។​

​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ហ្គោល លោក យ៉ាំង បូ​រិន្ទ បានបញ្ជាក់​ក្នុង​ពិធី​ជួបជុំ​របស់ ពួកគេ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​កន្លងមក​ថា ការបើក​ដំណើរការ​ផលិតកម្ម​ជាង​មួយឆ្នាំ​មក ផលិតកម្ម​សម្រេចបាន​សម្មិទ្ធផល​ជាច្រើន​ពិសេស​បទ​ចម្រៀង​ប្រមាណ​ជិត​១០០​បទ​រួចមកហើយ​។ លោ​កថា​ផលិតកម្ម​លោក​ផ្តល់ឱកាស​សម្រាប់​សិល្បករ​ក្មេងៗ​ដែលមាន​សមត្ថភាព​ច្រៀង និង​ធ្លាប់​ឆ្លងកាត់​ការប្រកួតប្រជែង​កម្មវិធី​ធំ ប៉ុន្តែ​មិនមាន​ឱកាស​ច្រៀង ។​

​លោក​បាន​និយាយថា បច្ចុប្បន្ន​ផលិតកម្ម​មាន​តារាចម្រៀង​ក្នុង​ដៃ​ប្រមាណ​១៥​នាក់​រួចមកហើយ ហើយ​ពួកគាត់​សុទ្ធតែ​ទទួលបាន​ឱកាស​ក្នុងការ​ច្រៀង និង​សម្តែង​ក្នុង​បទ​ចម្រៀង​ផ្ទាល់ខ្លួន ផងដែរ​។​លោក​លើកឡើង​ដែរ​ថា​ក្រៅ​ពីបទ​ចម្រៀង​ផលិតកម្ម​ក៏​ធ្លាប់​ចេញ​ផលិត​ភាពយន្ត​អប់រំ​ខ្លីៗ​ដើម្បី​ជា​ចំណែក​ជួយ​ដល់​សង្គម ពិសេស​អប់រំ​សម្រាប់​ក្រុម​យុវវ័យ ហើយ​លោក​មាន គម្រោង​ចេញ​ផលិត​ទាំង​បទ​ចម្រៀង​ថ្មី​សម្រាប់​ឱកាស​ចូលឆ្នាំថ្មី ៕ ដោយៈ បូ​រិ​ន