ផលិតកម្ម Paramount Pictures ផ្អាកថតភាពយន្ត “Mission: Impossible” នៅអ៊ីតាលី ដោយសារវីរុសកូរ៉ូណា

151
ចែករម្លែក

ផលិតកម្ម Paramount Pictures កាលពីថ្ងៃចន្ទទី២៤កុម្ភៈបានផ្អាកការផលិតខ្សែភាពយន្ត “Mission: Impossible” វគ្គទី ៧ ដោយសារតែវីរុសកូរ៉ូណា ខណៈហូលីវូដចាប់ផ្តើមសម្របខ្លួនកាន់តែខ្លាំងទៅនឹងការផ្ទុះខ្លាំងឡើងនៃវីរុសកូរ៉ូណានៅលើពិភពលោក។

រឿង “Mission: Impossible 7” គ្រោងនឹងថតរយៈពេល ៣ សប្តាហ៍នៅទីក្រុងវេនីសរបស់អ៊ីតាលី។ មនុស្សជាង ២០០ នាក់បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅអ៊ីតាលី ដែលជាចំនួនច្រើនជាងគេនៅក្រៅទ្វីបអាស៊ី។ ខណៈករណីភាគច្រើនកើតឡើងនៅក្នុងតំបន់ជិតខាង ឡំបាឌី អាជ្ញាធរបាននិយាយថាមនុស្ស ៣ នាក់នៅទីក្រុងវេនីសបានធ្វើតេស្តវិជ្ជមានវីរុសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផលិតកម្ម Paramount បានយោងលើរដ្ឋបាលក្រុងវេនីស ដែលបានបញ្ឈប់ការប្រមូលផ្តុំជាសាធារណៈ ហើយបាននិយាយថា ផលិតកម្មលុបចោលការថតនេះ “ដោយសារការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់តួសម្តែងនិងសហសេវិករបស់យើង”។

កាលពីថ្ងៃចន្ទ ផលិតកម្ម Paramount ក៏បានពន្យាពេលដាក់បញ្ចាំងភាពយន្តភាសាចិនរឿង “Sonic the Hedgehog” ដែលគ្រោងបញ្ចាំងនៅថ្ងៃសុក្រខាងមុខផងដែរ។ រោងកុននៅប្រទេសចិនត្រូវបានបិទដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដោយបិទនូវទីផ្សារភាពយន្តធំជាងគេលំដាប់ទី ២ នៅលើពិភពលោក។

ការលក់សំបុត្រកុននៅក្នុងប្រទេសចិននិងកន្លែងផ្សេងទៀតរាប់លានសន្លឹកក៏ប្រឈមផលប៉ះពាល់ដែរ។ ភាគហ៊ុនរបស់ផលិតកម្មនានាបានស្ថិតក្នុងចំណោមភាគហ៊ុនដែលធ្លាក់ចុះកាលពីថ្ងៃចន្ទនៅផ្សារហ៊ុន Wall Street ខណៈមានការកើនឡើងភាពភ័យខ្លាចអំពីផលប៉ះពាល់របស់វីរុសកូរ៉ូណាមកលើសេដ្ឋកិច្ចពិភពលោក។

កាលពីសប្តាហ៍មុន ខ្សែភាពយន្តជេមស៍ ប៊ន រឿង “No Time to Die” បានលុបចោលផែនការដាក់ចាក់បញ្ចាំងនៅប៉េកាំង និង ផែនការផ្សព្វផ្សាយរបស់ខ្លួន។ ខ្សែភាពយន្តនេះនឹងដាក់បញ្ចាំងនៅចក្រភពអង់គ្លេសនៅថ្ងៃទី ២ ខែមេសា និង នៅអាម៉េរិកខាងជើងនៅថ្ងៃទី ១០ ខែមេសា៕ ដោយ៖ កញ្ញាដាលីស

ផលិតកម្ម Paramount Pictures ផ្អាកការថតរឿង “Mission: Impossible 7” នៅទីក្រុងវេនីស