ផលិតករ​ទូរទស្សន៍​លេខ​៥ ត្រៀម​បញ្ចេញស្នាដៃ​ថ្មី​ពីរ​រឿង​ជាប់​គ្នា​ឱ្យ​កាន់តែ​ផ្ទុះ​ជាង​មុន​

485
ចែករម្លែក

ដោយ​: បូ​រិ​ន​
​ភ្នំពេញ​:
ក្រុម​ផលិតករ​ស្ថានីយទូរទស្សន៍​លេខ​៥ បានប្រកាស​ការត្រៀម​បញ្ចេញស្នាដៃ​ថ្មី​រឿង​ភាគ​ចំនួន​ពីរ​ជាប់​គ្នា ឱ្យ​កាន់តែ​ផ្ទុះ​ជាង​មុន គឺ​រឿង “​រៃ​ប្តូ​ទ្រនុំ “ និង “​ពិស​ស្នេហ៍​”​។

​ក្រុម​ផលិតករ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បានបញ្ជាក់​ក្នុង​ពិធីជប់លៀង​កាលពី​រាត្រី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ឱ្យដឹងថា ក្រោយពី​ប្រឹងប្រែង​ផលិត​ដោយ​យកចិត្តទុកដាក់ ទាំងពី​សំណាក់​ក្រុមការងារ​បច្ចេកទេស និង​សិល្បករ រឿង “​រៃ​ប្តូ​ទ្រនុំ “ និង​រឿង​”​ពិស​ស្នេហ៍​” បានបញ្ចប់​ការផលិត​ប្រកបដោយ​ជោគជ័យ​។​
​ផលិតករ​ទាំងពី​រឿងនេះ​បាន​ថ្លែងថា ភាពយន្ត​ទាំងពី​សុទ្ធ​តែមាន​ចំណុច​ទាក់ទាញ​រៀងខ្លួន ពិសេស​សាច់រឿង​ដែល​ពោរពេញ​ដោយ​ខ្លឹមសារ​អប់រំ ប្រទាក់ក្រលា​។
​រឿង​ទាំងពីរ​ត្រូវបាន​ផលិត​ដោយ​ថត​នៅ​ទីតាំង​សំខាន់​ជាច្រើន ពិសេស​ខេត្ត​ដែលមាន​ទេសភាព​ស្អាត និង​ត្រូវ​ទៅនឹង​សាច់រឿង​ខណៈដែល​រឿង​”​ពិស​ស្នេហ៍​”​នឹងធ្វើ​ការចាក់​ប​ញ្ជាំ​ង​ក្នុងអំឡុង​ខែសីហា​ឆ្នាំ​២០១៩ និង​រឿង​”​រៃ​ប្តូ​ទ្រនំ​” និង​ត្រូវ​ចាក់​បញ្ចាំង​នៅក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៩​ខាងមុខ​។

​តួឯក​ស្រី​ក្នុង​រឿង “​រៃ​ប្តូ​ទ្រនុំ​” កញ្ញា ផាត់ ផាន់​ណា បានបញ្ជាក់​ថា​នេះ​គឺជា​ភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​តស៊ូ​របស់​នារី​ដែល​ធ្វើដំណើរ​មកពី​ជនបទ មក​រស់នៅ​ទីក្រុង និង​ប្រឹងប្រែង​ក្នុងនាម​ជីវិត​ជា​សិល្បករ​។ ទោះជា​យ៉ាងណា​ជីវិត​នាង​ជួប​រឿងរ៉ាវ​ជាច្រើន រួមទាំង​ការ​ធ្វើទុក្ខបុកម្នេញ ដែលមាន​ឈុត​ឆាក កាច់​កុង ឈ្នានីស និង​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ច្រើន​។ ក្នុង​រឿងនេះ​នាង​ត្រូវបាន​សម្តែង​ជា​តួឯក​រួមជាមួយ​លោក​លេង មង្គល​។

​ភាពយន្ត​ភាគ​ថ្មី “​រៃ​ប្តូ​ទ្រនុំ​” បាន​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​មានដូចជា កញ្ញា នី​តា វរវង្ស កញ្ញា ភី យ៉ា​ដា លោក សន ពិសិដ្ឋ អ្នកនាង ឆៃ លីដា​ឡែ​ន និង​សិល្បករ​ជាច្រើន​ទៀត​។

​ចំណែក​តួឯក​ស្រី​ក្នុង​រឿង “​ពិស​ស្នេហ៍​” កញ្ញា ព្រះកាយ​ច័ន្ទ វិញ​ក៏បាន​បញ្ជាក់ថា ក្នុង​ភាពយន្ត​នេះ​ឆ្លងកាត់​ការលំបាក​ជាច្រើន​ទាំង​សម្រាប់​សិល្បករ និង​ផលិតករ​ព្រោះតែ​ភាពយន្ត​នេះ​មានការ​លាយ​បញ្ចូល​គ្នា​ទាំង​ឈុត​ឆាក​បុរាណ និង​សម័យ ដែល​ឈុត​បុរាណ​ត្រូវ​ប្រើប្រាស់​ទាំង​សម្ភារៈ ការតុបតែង​ខ្លួន និង​ភាសា​រាជ​ស័ព្ទ​ផងដែរ ។​

​តារា​ស្រី​រាង​ស្លី​ម ព្រះកាយ​ច័ន្ទ បាន​បញ្ជាក់ថា​ទោះជា​យ៉ាងណា​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិល្បករ​ផលិតករ និង​ក្រុមការងារ​ទាំងអស់​អាច​សម្រេច​បា​លទ្ធផល​គួរ​ជាទី​មោទនៈ​។ នាង​ថា ក្នុង​រឿង​នាង​ត្រូវ​សម្តែង​ជា​តួឯក​ស្រី​កម្សត់​ជួប​រឿងរ៉ាវ​ជាច្រើន ប៉ុន្តែ​នាង​ពិតជា​ពេញចិត្ត​ខ្លាំង​សម្រាប់​ឈុត​ឆាក​នៃ​ការ​រាំ​របាំ​ក្បាច់បុរាណ​ខ្មែរ ដែល​នាង​ធ្លាប់បាន​ហ្វឹកហាត់​កន្លងមក​។ នាង​រំពឹងថា​ស្នាដៃ​ថ្មី​ដែល​នាង​សម្តែង​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ជាក់​ជាមិនខាន​៕ ល​