ផលិតករ​ភាពយន្ត​ហូលីវូដ លោក វេន​ស្ទិ​ន សារភាព​រាល់​ការចោទប្រកាន់​អំពី​ការ​បៀតបៀន​ផ្លូវភេទ​

1034
ចែករម្លែក
  • 50
    Shares

​ផលិតករ​ភាពយន្ត​ហូលីវូដ លោក ហា​វី វេន​ស្ទិ​ន កាលពី​ថ្ងៃ​សុក្រ​ទី​២៥​ឧសភា​បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​នៅ​ទីក្រុង​ញូវយ៉ក​ពីបទ​ចោទប្រកាន់​ជាច្រើន​ទាក់ទង​ផ្លូវភេទ គឺ​ប៉ុន្មាន​ខែ​បន្ទាប់ពី​គាត់​ត្រូវបាន​ផ្តួលរំលំ​ចេញពី​ឥស្សរជន​មានអំណាច​បំផុត​របស់​ហូលីវូដ​ដោយ​ស្ត្រី​ជាច្រើនរូប ដែល​ចោទប្រកាន់​គាត់​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​។​

​ស្ត្រី​ជាង ៧០ នាក់​បាន​ចោទប្រកាន់​សហ​ស្ថាបនិក​ស្ទូ​ឌី​យ៉ូ​ភាពយន្ត Miramax និង Weinstein Co រូបនេះ​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ផ្លូវភេទ រួមទាំង​ការចាប់រំលោភ​ផងដែរ ជាមួយ​ការចោទប្រកាន់​ខ្លះ គឺមាន​តាំងពី​រាប់​ទសវត្សរ៍​មកម្ល៉េះ​។​

​ការចោទប្រកាន់​ដំបូង ដែល​រាយការណ៍​ដោយ​កាសែត New York Times និង​កាសែត New Yorker កាលពី​ឆ្នាំមុន បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​ចលនា #MeToo ដែល​ក្នុងនោះ​ស្ត្រី​រាប់រយ​នាក់​បាន​ចោទប្រកាន់​ជា​សាធារណៈ​លើ​បុរស​មានអំណាច​ជាច្រើនរូប​នៅក្នុង​វិស័យ​ធុរកិច្ច រដ្ឋាភិបាល និង កម្សាន្ត​អំពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​។​

​លោក​វេន​ស្ទិ​ន​បាន​មកដល់​ស្ថានីយ៍​ប៉ូលិស​ញូវយ៉ក​ដោយ​ពាក់អាវ​ក្រៅ​ពណ៌​ខ្មៅ​ពីលើ​អាវយឺត​ពណ៌​ខៀវ​និង​អាវ​កបត់​ពណ៌​ស​មួយតង់​ទៀត និង​ខោ​ខូវប៊យ​ខ្មៅ ដោយ​ទំនង​កាន់​សៀវភៅ​ក្រាស់ៗ ៣ ក្បាល​ក្នុង​ដៃស្តាំ​របស់គាត់​។​

​មន្ត្រីប៉ូលិស​បាន​នាំខ្លួន​គាត់​ចូលក្នុង ខណៈដែល​អ្នកកាសែត​ជាច្រើន​បាន​ប្រជ្រៀត​គ្នា​ក្បែរ​របាំង​ដើម្បី​ថតរូប ខណៈ​ឧទ្ធម្ភាគចក្រ​ប៉ូលិស​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​ពីលើ​។​

​កាសែត Times រាយការណ៍​ថា លោក​វេន​ស្ទិ​ន​ត្រូវគេ​រំពឹងថា​នឹងត្រូវ​បាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ស្ត្រី​ម្នាក់ និង​បង្ខំ​ឱ្យ​អ្នកដទៃ​ធ្វើការ​រួមភេទ​តាម​មាត់​។​

​ទោះយ៉ាងណា លោក​វេន​ស្ទិ​ន​នៅតែ​អះអាងថា រាល់​ការ​រួមភេទ​ជាមួយ​ពួកគេ គឺ​សុទ្ធតែ​ព្រមព្រៀងគ្នា​៕ ដោយ៖ កញ្ញាដាលីស

លោក​វេន​ស្ទិ​ន មកដល់​ស្ថានីយ៍​ប៉ូលិស​ញូវយ៉ក​កាលពី​ថ្ងៃ​សុក្រ