ផលិតករ​ភាពយន្ត លោក​វូ​ឌី អាល់​ឡិន ប្តឹង​ក្រុមហ៊ុន Amazon ទារប្រាក់ ៦៨ លាន​ដុល្លា​ពីបទ​រំលោភ​កិច្ចសន្យា​

544
ចែករម្លែក
  • 6
    Shares

​ផលិតករ​ភាពយន្ត​លោក​វូ​ឌី អាល់​ឡិន (Woody Allen) បានដាក់​ពាក្យ​បណ្តឹងទាមទា​រ​ប្រាក់​ចំនួន ៦៨ លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Amazon ពីបទ​រំលោភ​លើ​កិច្ចសន្យា ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​តយ​ក្ស​នេះ​ថា​បាន​លុបចោល​កិច្ចព្រមព្រៀង​ខ្សែភាពយន្ត​មួយ ដោយសារតែ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​រាប់​ទសវត្សរ៍​មុន​ថា គាត់​រំលោភ​ផ្លូវភេទ​លើ​កូនស្រី​របស់គាត់​។​

​មេធាវី​របស់គាត់​នៅ​ក្រុមហ៊ុន Quinn Emanuel Urquhart & Sullivan បាន​និយាយថា ក្រុមហ៊ុន Amazon បានបញ្ចប់​កិច្ចព្រមព្រៀង​នេះ​កាលពី​ខែមិថុនា​ហើយ​តាំងពី​ពេល​នោះមក​បាន​បដិសេធ​មិន​បង់ប្រាក់ ៩ លាន​ដុល្លារ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ខ្សែភាពយន្ត​ថ្មី​របស់គាត់​រឿង “A Rainy Day in New York” ។​

​ខ្សែភាពយន្ត​នេះ​គឺជា​ខ្សែភាពយន្ត​មួយ​ក្នុងចំណោម​ខ្សែភាពយន្ត​ជាច្រើន​ដែល​ត្រូវបាន​ផលិត​ជាមួយនឹង​ផលិតករ​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​រូបនេះ​ក្រោម​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​អាល់​ឡិន​បាន​បង្កើត​កម្មវិធី “Crisis in Six Scenes” សម្រាប់​ក្រុមហ៊ុន Amazon ដែល​នៅ​គ្រានោះ​គឺជា​អ្នកផ្តល់​មាតិកា​ថ្មី​។​

​យោងតាម​ពាក្យបណ្តឹង​ដែល​ដាក់​ប្តឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក​និង​ត្រូវ​បានទទួល​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា គាត់​កំពុង​ស្វែងរក​ប្រាក់​ចំនួន ៩ លាន​ដុល្លារ​រួមជាមួយ​ការធានា​អប្បរ​មា​ដែល​ជំពាក់​គាត់​សម្រាប់​ខ្សែភាពយន្ត​ចំនួន​បី​ផ្សេងទៀត​ដែល​សរុប​គឺ “​លើសពី ៦៨.០០០.០០០ ដុល្លារ​”​។​

​ក្រៅពី​ប្រាក់​៩​លាន​ដុល្លារ​ដំបូង កិច្ចសន្យា​នេះ​បានផ្តល់​នូវ​ប្រាក់​អប្បបរមា​ចំនួន ៩ លាន ២៥ លាន និង ២៥ លាន​ទៀត​សម្រាប់​ខ្សែភាពយន្ត​ចំនួន​បី​ផ្សេងទៀត​ដែល​គ្រោង​សម្រាប់​ឆ្នាំ ២០១៨ ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។ សរុប​ទាំងអស់​គឺមាន​ចំនួន ៦៨ លាន​ដុល្លារ​។​

​លោក​អាល់​ឡិន​និយាយថា ក្រុមហ៊ុន Amazon បាន​ប្រាប់​គាត់​ថា​កិច្ចព្រមព្រៀង​នេះ​បានក្លាយ​ទៅជា “​មិនអាច​អនុវត្តបាន​” ដោយសារតែ “​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​នានា រួមទាំង​ការចោទប្រកាន់​ថ្មីៗ​ប្រឆាំងនឹង​លោក​អាល់​ឡិន មតិយោបល់​ដ៏​ចម្រូងចម្រាស់​របស់គាត់​” និង​ការបដិសេធ​របស់​តារា​ឯក​ជាច្រើន​ដើម្បី​ធ្វើការ​ជាមួយ​គាត់​។​

​ផលិតករ​ភាពយន្ត​ទទួល​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ​បួន​សម័យ​រូបនេះ​បាន​និយាយថា លោក​បាន​សុំ​ឱ្យមាន​ព័ត៌មាន​លម្អិត​អំពី “​ការចោទប្រកាន់​” និង “​សេចក្តីថ្លែងការណ៍​” ទាំងនោះ​ឱ្យខាងតែបាន​។​

​ហើយ​លោក​អាល់​ឡិន​បាន​អះអាងថា​ការបញ្ចប់​កិច្ចសន្យាឯកតោភាគី​រប​ស់​ក្រុមហ៊ុន Amazon បាន​បង្ខំ​ឱ្យ​គាត់​និង​ក្រុមហ៊ុន​ផលិតកម្ម​របស់គាត់​ឈ្មោះ Gravier Productions លុបចោល​កិច្ចសន្យា​ជាមួយ “​តារា​ល្បីៗ​ជាច្រើន​” ដែល​គាត់​បាន​ជួល​។​

​អាល់​ឡិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​នាង​ឌី​លែ​ន ហ្វា​រ៉ូ ដែលជា​កូនស្រី​ចិញ្ចឹម​របស់គាត់ នៅពេល​នាង​មាន​អាយុ ៧ ឆ្នាំ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ គាត់​ត្រូវបាន​ជម្រះ​ឱ្យ​រួចខ្លួន​ពី​ការចោទប្រកាន់​នេះ ប៉ុន្តែ​ឌី​លែ​ន ដែល​ឥឡូវនេះ​ជា​មនុស្សពេញវ័យ​ម្នាក់​បាន​អះអាងថា​នាង​ត្រូវបាន​លោក​អាល់​ឡិន​រំលោភ​៕ ដោយ៖ កញ្ញាដាលីស

ផលិតករ​ភាពយន្ត​លោក​វូ​ឌី អាល់​ឡិន