ផលិតករ​:​ចង់បាន​ភាពយន្ត​ល្អ​អាច​ឲ្យ​បរទេស​មើល​យល់​ពី​វប្បធម៌​របស់​កម្ពុជា​

161

​ភ្នំពេញ​៖ ការចង់បាន​នូវ​ភាពយន្ត​ដ៏​ល្អ​មួយ​សម្រាប់​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ភាពយន្ត គឺជា​ក្តី​បំណង​របស់​ផលិតករ​គ្រប់រូប បន្ទាប់ពី​ភាគលាភ ដែល​ពួកគេ​ទទួលបាន ជាពិសេស គឺ​គុណភាព​នៃ​ខ្សែភាពយន្ត​ដែល​អាច​ឲ្យ​ប្រទេស​ផ្សេងទៀត​ទស្សនា​។​ផលិតករ​មួយរូប​បញ្ជាក់ថា ខ្លួន​នឹង​បញ្ជ្រាប​រាល់​វប្បធម៌ សាសនា ប្រទេស​របស់ខ្លួន​ចូលក្នុង​ភាពយន្ត​មួយ​ដែល​អាច​ឲ្យ​បរទេស មើល​បាន និង​យល់បាន​។

​នោះ​គឺជា​ក្តី​ប្រាថ្នា​របស់លោក សែម វិសាល ជា​ផលិតករ​នៃ​ផលិតកម្ម វូ​ន​ឌ័​រ ហ្វី​ម (Wonder Film ) បានផ្តល់​សម្ភាសន៍​គ្រា​ដែល​លោក​បានធ្វើ​ពិធី​ក្រុង​ពាលី រឿង​ថ្មី ដែលជា​ស្នាដៃ​និពន្ធ​ទី​៤ ដែល​លោក​គ្រោង នឹង​ចេញ​ថត នៅ​ថ្ងៃទី​១៤ ធ្នួ ២០១៧ ស្របពេល​ដែល​រឿង​ពីរ​ទៀត​របស់លោក ក៏​កំពុង​ត្រៀម​បញ្ចាំង នៅ​ដើមឆ្នាំ​២០១៨​នេះ​ផងដែរ​។

​លោក​បន្តថា សម្រាប់​គោលដៅ​ចំបង របស់​ផលិតកម្ម Wonder Film គឺមាន​មហិច្ឆតា ចង់​ផលិត ភាពយន្ត​មួយ មាន​ច្រើនបែប​ច្រើន​សណ្ឋាន ដោយ​អ្នកទស្សនា​ជា​ជនជាតិខ្មែរ ក៏​ទទួលយកបាន ឯ​អ្នកទស្សនា​ជា​ជនបរទេស ក៏​អាច​ទទួលយកបាន ពោលគឺ​ក្នុងន័យ​ថា យើង​នឹង​ច្របាច់​បញ្ចូល​គ្នា នូវ​វប្បធម៌​របស់​បរទេស​ខ្លះៗ ចូលទៅក្នុង​សាច់រឿង ដែល​លោក​គិតថា វា​ជា​រសជាតិ និង​ជា​ទិដ្ឋភាព​ថ្មី​មួយទៀត ដែល​អ្នក​ផលិត​ភាពយន្ត​ដទៃៗ​ទៀត ពុំបាន​គិតដល់​ចំណុច​នេះ​។​

​លោក​បាន​អះអាងថា ភាពយន្ត​ទី​៤ របស់ Wonder Film គឺជា​រឿង​ត​ភាគពី​រឿង​ទី​៣ ដែល​និយាយ ពី​ភាព​ព្រាត់ប្រាស់​រហូត​បាត់បង់​ជីវិត រវាង​ប្តី​ប្រពន្ធ​មួយគូ នៅក្នុង​សាច់រឿង (​ស្នូរ​ជើង​អ្នកណា​) ប៉ុន្តែ​រឿង​នោះ​មិនទាន់​បានដាក់​បញ្ចាំង​នៅឡើយ​ទេ ប៉ុន្តែ​ក៏​នឹង​ត្រៀម​ដាក់​នៅ​ដើមឆ្នាំ​២០១៨ ខាងមុខ​នេះហើយ ស្របពេល​ដែល​រឿង ទី​៤ (​អន្ទង​វិញ្ញាណ​) នឹង​ចាប់ដំណើរការ​ថត ដើម្បី​ធ្វើការ​បញ្ចាំង ឲ្យ​កៀកៗ​ពេលវេលា​គ្នា​។

​ផលិតកម្ម ”Wonder Film” នឹង​សម្រេច​ដាក់​បញ្ចាំង​រឿង​របស់ខ្លួន ចំនួន​២​រឿង​ផ្សេងទៀត មានដូចជា​រឿង ”​ផ្ទះ​ចិញ្ចឹម​ខ្មោច​” និង​រឿង ”​អន្ទង​វិញ្ញាណ​”​។ រឿង ”​ផ្ទះ​ចិញ្ចឹម​ខ្មោច​” នឹង​បញ្ចាំង​ខែកុម្ភៈ ឆ្នាំ​២០១៨ ហើយ​រឿង ”​អន្ទង​វិញ្ញាណ​” ដែក​កំពុងដំណើរការ​ថត​នេះ នឹងដាក់​តាម​រោងកុន នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ ៕ ដោយ​: បញ្ញា​សាស្ត្រ

លោក សែម វិសាល ផលិតករ​នៃ​ផលិតកម្ម Wonder Film​។​