ផលិតផល​ក្លែងក្លាយ ប្រមាណ​ជាង​៦០​តោន នឹងត្រូវ​កម្ទេចចោល នៅ​ព្រឹក​ថ្ងៃទី​៣​មេសា​ខាងមុខ​

1310
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​ខាងមុខ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន នៃ​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប​និង​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ​នាពេល​កន្លងមក​។ ពិធី​នេះ​កំទេចចោល​ផលិត​ក្លែងក្លាយ​ខុសច្បាប់ ធ្វើ​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុង​ឆ្នាំ​២០១៧ បាន​១៩​ករណី រឹបអូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុតបំផ្លាញ​ចោល ៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​នេះ បាន​បញ្ជាក់ថា បទល្មើស​ដែល​បង្ក្រាបបាន​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ និង​ខុសច្បាប់ ការនាំ​ចូល ស្តុក​ទុក និង​ចែកចាយ​សារ​ធាតុគីមី​ខុសច្បាប់ ការកែច្នៃ និង​ចែកចាយ​ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ការផលិត និង​កែច្នៃ​គ្រឿងទេស​គ្មាន​ស្តង់ដារ និង​គ្មាន​អនាម័យ​។​

​តាមរយៈ​ការអនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​រួម​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម មកដល់ពេលនេះ ពិនិត្យឃើញថា បាតុភាព នៃ​ការបង្កើត​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​៕L​