ផលិតផល​ទេសចរណ៍​ថ្មី​នឹង​លេច​រូបរាង​នៅ​ខេត្តសៀមរាប​

456
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​នា​ល្ងាច​ថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៩ លោក ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍ រួមជាមួយ​លោក Michael Newbill ឯកអគ្គរដ្ឋទូត​ស្តីទី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​តំណាង​ក្រុមហ៊ុន Angkor Wildlife & Aquarium បាន​អញ្ជើញ​បើកសម្ពោធ​ដំណើរការ​សាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជុំរក​អភិរក្ស​សត្វ ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ផ្នែក​ឯកជន និង​សមាគម​នានា​។

​លោក​ ទិ​ត ចន្ថា​ រដ្ឋមន្ត្រី​ស្តីទី​បាន​មានប្រសាសន៍​ក្នុង​ឪ​កាស​នោះ​ថា ​នេះ​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន Angkor Wildlife & Aquarium ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា​ដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពី​សហរដ្ឋអាមេរិក​។

​គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​សរុប ប្រមាណ៧០​លាន​ដុល្លារ​អាមេរិក (​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ ១០០​ហិកតា នៅ​ខេត្តសៀមរាប​) ដោយ​ចែកចេញជា ៣​ដំណាក់កាល ហើយ​ដំណាក់កាល​ទីមួយ គ្រោង​ចំណាយ​អស់​ប្រមាណ១៨​លាន​ដុល្លារ​អាមេរិក​។

​ការសាងសង់​ក្នុងដំណាក់កាល​ទី​១ នឹង​ប្រើ​រយៈពេល២​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ខែឧសភា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២១​។ គម្រោង​នេះ​នឹង​នាំមក​នូវ​មជ្ឈមណ្ឌល ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ដើម្បី​បម្រើ​សេចក្តីត្រូវការ និង​ការសិក្សាអប់រំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្តសៀមរាប​។

​ជាងនេះទៀត គម្រោង​វិនិយោគ​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តសៀមរាប ដែល​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​បំផុត​ទី​ពីរ បន្ទាប់ពី​អង្គរវត្ត ពិសេស គឺជា​ការបង្កើត​ភាព​ទាក់ទាញ​ថ្មី​ដែល​នឹង​ជម្រុញ​អោយ​ទេសចរ​មកកាន់​ខេត្តសៀមរាប​បន្ត​ការ​ស្នាក់​នៅបាន​យូរថ្ងៃ​ទៀតផង​។​

លោក​ថោង ខុន​កាលពីពេល​ថ្មីៗ​នេះ​ធ្លាប់​លើកឡើងថា​ មួយរយៈមួយឆ្នាំ​ចុងក្រោយ​នេះ ប៉ូល​ទេសចរណ៍​ខេត្តសៀមរាប​មានការ​ថយចុះ​ចំនួន​ភ្ញៀវ​។ ​ពិសេស​ភ្ញៀវ កូរ៉េ ភ្ញៀវ​ជប៉ុន​និង​ភ្ញៀវ​អឺ​រ៉ុ​ប​។ ​គាត់​ថា ​នេះ​បណ្តាលមកពី​ខេត្ត​នេះ​អត់​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ក្រៅពី​ភ្ញៀវ​មើល​ប្រាសាទអង្គរវត្ត​រួច​។ ​ដូច្នេះ​ខេត្ត​ទាមទារ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីឲ្យបាន​ច្រើន​៕B/