ផលិតផល​សរុប​ក្នុងស្រុក​សិង្ហ​បុរី​ធ្លាក់ចុះ​ខ្លាំង នាំ​អោយ​កំណើន​ថយក្រោយ​

73
ចែករម្លែក

​សេដ្ឋកិច្ច​សិង្ហ​បុរី​នៅ​ត្រីមាស​ទី​១​នេះ​បាន​ដើរ​ថយក្រោយ​ខ្លាំង​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នៅ​ពេល​ផលវិបាក​នៃ​ការផ្ទុះ​ជម្ងឺឆ្លង​កាន់តែ​ប៉ះពាល់​​ខ្លាំង​ឡើង នេះ​បើ​តាម​ទិន្នន័យ​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មីនា​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្អែក​លើ​ការនាំចេញ​នេះ ឥឡូវ​ធ្វើដំណើរ​ឆ្ពោះទៅរក​ការដើរថយក្រោយ​(​កំណើន​អវិជ្ជមាន​)​ខ្លាំង​នៅ​ឆ្នាំនេះ បន្ទាប់​ពី​ធ្លាក់ចុះ​២,២​ភាគរយ​​ចន្លោះ​ខែមករា​និង​មីនា ធៀប​នឹង​កំណើន​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​សេ​ឡេ​ណា លី​ង នាយក​ខាង​សិក្សា​ស្រាវជ្រាវ​និង​យុទ្ធសាស្ត្រ​នៅ​ធនាគារ​OCBC Bank​របស់​សិង្ហ​បុរី បាន​និយាយថា​« កូវី​ត​១៩ ប្រៀប​បាន​ស៊ូ​ណា​មី​វាយប្រហារ​ឆ្នេរ​​សិង្ហ​បុរី​»​។​

​សិង្ហ​បុរី​ជា​ប្រទេស​ដំបូង​គេ​ដែល​បង្ហាញ​ទិន្នន័យ​កំណើន​ចាប់តាំងពី​ជម្ងឺឆ្លង​នេះ​វាយប្រហារ​ពិភពលោក​មក ហើយ​តួលេខ​នេះ​បង្ហាញ​សញ្ញា​ជាមុន​ថា ពិភពលោក​​កំពុង​ធ្វើដំណើរ​ទៅ​រក​ការដើរថយក្រោយ​ដ៏​ឈឺចាប់ ខណៈ​មនុស្ស​ជាង​៣​ពាន់​លាន​នាក់​កំពុង​ដាក់​នៅ​ក្រោម​ការ​រឹតត្បិត​ការធ្វើដំណើរ​។​

​រដ្ឋាភិបាល​និង​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បាន​ដាក់ចេញ​វិធានការ​សង្គ្រោះ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​ដើម្បី​ប្រឈម​ដោះស្រាយ​នឹង​ផលប៉ះពាល់​​បង្ក​ឡើង​ពី​ការផ្ទុះ​ជម្ងឺឆ្លង ដោយ​អាម៉េរិក​បាន​បញ្ចេញ​ប្រាក់​ដល់​ទៅ​២​លាន​លាន​ដុល្លារ​សំរាប់​ទ្រោល​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​កំណើន​អវិជ្ជមាន​ប្រចាំ​ត្រីមាស​២,២​ភាគរយ​របស់​សិង្ហុបុរី ជា​កំណើន​អាក្រក់​បំផុត​ចាប់តាំងពី​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៩​។​បើ​ធៀប​នឹង​ត្រី​មាន​មុន​​ផលិតផល​សរុប​ក្នុងស្រុក​ធ្លាក់ចុះ​១០,៦​ភាគរយ នៅពេល​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ​រង​ផលប៉ះពាល់​ទាំងអស់​៕​ប្រែ​សម្រួល​៖​វាសនា​

​រដ្ឋ​បែប​ជា​ទីក្រុង​នេះ ធម្មតា​រងគ្រោះ​មុនគេ​ក្នុងពេល​ពិភព​លោក​ជួប​វិបត្តិ ដោយសារ​តែ​វា​តូច​និង​សេដ្ឋកិច្ច​បើកចំហ