ផលិត​ពូជស្រូវ​សែន​ក្រអូប​ទុក​សម្រាប់​ស្រែប្រាំង នា​រដូវ​ទឹកសម្រក​នៅពេល​ខាងមុខ​

699
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ប្រជាពលរដ្ឋ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាននាំគ្នា​ចាប់ផ្តើម​សាបព្រោះ​ប្រភេទ​ស្រូវ​សែន​ក្រអូប ទុក​ពូជ​សម្រាប់​ស្រែប្រាំង​នា​រដូវ​ទឹកសម្រក នៅ​ខែ​ខាងមុខ គឺ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ទិញ​ពូជស្រូវ​មួយ​នេះ ដែលមាន​តម្លៃ​ថ្លៃ នៅ​រដូវ​សាបព្រោះ​នោះ​។ ចំណែក​ស្រូវវស្សា​ក៏​ចាប់ផ្តើម​សាប ព្រោះ​បណ្តើរៗ​ដែរ​។​

​លោក ស៊ឹម រឿន ជា​កសិករ​មួយរូប​នៅ​ភូមិ​ទួល​ព្រិច ឃុំ​មៀន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១៤ ឧសភា ២០១៩​ថា គ្រួសារ​លោក​បាន​សាបព្រោះ ប្រភេទ​ស្រូវ​ឈ្មោះ «​សែន​ក្រអូប​» ក្នុង​ស្រែ​ចំនួន​ពីរ​កន្លែង ដែលមាន​ផ្ទៃ​ប្រហែល​ចំនួន ១០ អារ​បាន​អាយុ​ចំនួន​ពីរ​សប្តាហ៍​ហើយ គឺ​ទុក​សម្រាប់ធ្វើ​ពូជ​សម្រាប់​ស្រែប្រាំង​ប្រមាណ ពីរ ហិកតា នា​រដូវ​ទឹក​ស្រក​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ​។​

​បុរស​ជា​កសិករ​វ័យ ៦០ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ការផលិត​ពូជស្រូវ​ទុក​បែបនេះ​មាន​កសិករ​ច្រើន​គ្រួសារ និង​ច្រើន​ភូមិ​មិន​តែ​គ្រួសារ​របស់លោក​មួយ​ទេ​។ ដោយសារ​ថា ដល់​រដូវ​សាបព្រោះ​រាល់​ឆ្នាំ ត្រូវ​ចំណាយ​ពី ៣.០០០ ទៅ​ជាង ៣.០០០ រៀល ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ពូជស្រូវ​សែន​ក្រអូប​ដែល​លក់​នៅ​ទីផ្សារ​។ ផ្ទុយ​ពី​ការដែល​កសិករ​ផលិត​បាន​លក់​ឲ្យ​ឈ្មួញ​មួយ​គីឡូក្រាម បានតែ​ពី ៩០០ ទៅ​ជាង ១.០០០ រៀល​ប៉ុណ្ណោះ​។​

​កសិករ​ម្នាក់នេះ​បាន​បន្តថា កត្តា​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​និយម​ដាំ​ស្រូវ​ប្រភេទ​សែន​ក្រអូប​នេះ គឺ​ស្រូវ​មួយ​នេះ​ផ្តល់​ផល​ជា​មធ្យម​ពី បី ទៅ បួន តោន ក្នុង​មួយ​ហិកតា​។ ពិសេស​ជា​ប្រភេទ​ស្រូវ​មាន​ទីផ្សារ​ល្អ​ជាង​ពូជស្រូវ​ដទៃ ហើយ​ម្យ៉ាង​នៅពេល​ផលិត​ចេញ​ជា​អង្ករ យកទៅ​ដាំបាយ​យកមក​បរិភោគ​ទន់​ក្រអូប​ឆ្ងាយ​។​

​លោក ជាង ហួរ មេឃុំ​មៀន បាន​ឲ្យ​ដឹង​ដែរ​ថា ពិតជា​កសិករ​ប្រមាណ​ពី ៥ ទៅ ៦ ភូមិ​ដូចជា​ភូមិ​ទួល​ព្រិច ភូមិ​ដំណាក់​ពង្រ ជាដើម​ពោល គឺ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទៃ​ស្រែប្រាំង​ស្ទើរ​ទាំង​ជិត ១.០០០ ហិកតា គឺ​ពួកគាត់​តែងតែ​នាំគ្នា​ផលិត​ពូជស្រូវ​ទុកជា​ស្រេច សម្រាប់​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​ទៅវិញ​រាល់​ឆ្នាំ​។​

​លោក​មេឃុំ​បាន​បន្តថា នៅ​ឃុំ​មៀន​ទាំងមូល​មាន​ភូមិ​សរុប​ចំនួន ១៩ គឺមាន​ផ្ទៃ​ស្រែប្រាំង​ប្រហែល​ពី ៧០០ ទៅ ៨០០ ហិកតា និង​ស្រែវស្សា​ប្រហែល​៨០០ ទៅ ៩០០ ហិកតា​។ មកដល់​ពាក់​កណ្តាលខែ​ឧសភា​នេះ មាន​ផ្ទៃដី​ស្រែវស្សា​មួយចំនួន​កសិករ​បាន​នាំគ្នា​សាប ព្រោះ​ជា​បណ្តើរៗ​ហើយ និង​មួយចំនួន​ផ្សេងទៀត​កំពុង​ភ្ជួរ​ដាស់ដី​៕ ល​