ផល​នេសាទ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៩ ​នៅ​ខេត្តកំពត​មានការ​កើនឡើង​

382
ចែករម្លែក

ដោយ:បូកគោ/​កំ​ពត ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​ បាន​អះអាងថា ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២១០៩ ការប្រមូល​ផល​នេសាទ​ទូទាំង​ខេត្តកំពត​ទទួលបាន​ប្រមាណ​ជាង​មួយ​ម៉ឺន​បី​ពាន់​តោន​។ បរិមាណ​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​ អាស្រ័យ​លើ​ការចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ពី​ប្រជា​នេសាទ​សហគមន៍ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​នានា​។​

លោ​កស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ផល​ខេត្ត​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ការប្រមូល​ផល​នេសាទ​ទូទាំង​ខេត្ត​ទទួលបាន​១៣.០១៧​តោន​។ ក្នុងនោះ ផល​នេសាទ​ទឹកសាប​មាន​១.៧៩៣​តោន និង​ផល​នេសាទ​សមុទ្រ​១១.២២៤​តោន​។ បរិមាណ​នេះ​មានការ​កើនឡើង​បី​ភាគរយ​បើ​ប្រៀបធៀប​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​កន្លងទៅ​។

លោកនាយ​ខណ្ឌ​បាន​អះអាងថា មូលហេតុ​នៃ​ការកើនឡើង​ដោយសារ​កត្តា​ជាច្រើន​ដូចជា ការចូលរួម​ការពារ​ធនធាន​ជលផល​ពី​សហគមន៍នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជាប្រចាំ ព្រមទាំង​បានរៀបចំ​តំបន់​ការពារ តំបន់​អភិរក្ស​ស្មៅ​សមុទ្រ ផ្កាថ្ម ការដាំ​ព្រៃកោងកាង​ឡើងវិញ​ដោយមាន​កិច្ច​ចូលរួម​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា​។

លើសពីនេះ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ជំរុញ​ឱ្យ​បង្កើត និង​បង្កើន​ធនាគារ​ក្តាម​នៅតាម​សហគមន៍​នេសាទ ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍន៍​ខាង​វារីវប្បកម្ម​ជាដើម​។

លោក ស​សូ​រិ​ន​បាន​បញ្ជាក់ថា ថ្វីបើ​ការប្រមូល​ផល​នេសាទ​ក្នុង​ឆមាស​ទី​១​បាន​កើន ប៉ុន្តែ​បញ្ហា​ប្រឈម​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ប្រជា​នេសាទ​ខេត្តកំពត ដូចជា ករណី​ព្យុះភ្លៀង ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ជា​ញឹកញយ​ដែល​ធ្វើឱ្យ​អ្នក​ប្រកប​របរ​នេះ​ជួប​ការលំបាក​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​៕​B/Ha