ផល​នេសាទ​នៅ​ឃុំ​ព្រែក​ខ្សាច់​ថយចុះ ខណៈ​ជួប​គ្រោះធម្មជាតិ​បន្តបន្ទាប់​

1063
ចែករម្លែក

​ដោយៈ សុ​ផានី​តា​/​កោះកុងៈ ប្រជា​សហគមន៍​នេសាទ រស់នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង នៅ​ថ្ងៃទី​៦ កក្កដា នេះ បាន​ត្អូញត្អែរ​ស្រដៀងៗ​គ្នា​ថា ការចេញ​ទូក​ទៅ​នេសាទ​សមុទ្រ​មាន​មិន​ច្រើន​ដូច​រដូវប្រាំង​ឡើយ ខណៈ​ជួប​អាកាសធាតុ​មិនល្អ​មាន​ភ្លៀង​ព្យុះ​ជា​បន្តបន្ទាប់​។ ពោល​រកស៊ី​រដូវប្រាំង ទុក​រដូវវស្សា​។​

ប្រជា​សហគមន៍​នេសាទ រស់នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង

​មុខរបរ​នេសាទ​សមុទ្រ ជាការ​ងារ​ផ្តល់ប្រាក់​ចំណូល​ដ៏​ចម្បង​មួយ ពុំ​មិនអាច​ខ្វះ​បាន សម្រាប់​ពលរដ្ឋ​ឃុំ​ព្រែក​ខ្សាច់ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​ដទៃទៀត​ដែរ​។​ប៉ុន្តែ​ទោះយ៉ាងណា​មាន​ពលរដ្ឋ​ខ្លះ​ហ៊ាន​ចេញទៅ​នេសាទ​ទាំង​ប្រថុយប្រថាន និង​មួយចំនួនធំ​ពួន​លាក់ខ្លួន​នៅក្នុង​លំនៅឋាន ក្នុងពេលដែល​អាកាស​ធាតុ​​​មិន​អំណោយផល​។​

​លោក​ម៉ូ​វ​ណ្ណី​និង​លោក​អ៊ុំ​សំ​ឃូ​ន​ប្រជា​នេសាទ​សមុទ្រ​នៅ​ឃុំ​ព្រែក​ខ្សាច់​ដែលជា​តំបន់​មួយ​ឆ្ងាយ​ដាច់​ស្រ​យោល​ពី​ទី​រួម​ខេត្តកោះកុង​បានឱ្យដឹងថា​មុខរបរ​នេសាទ​អំ​ឡូង​រដូវវស្សា​ពុំ​សូវ​ប្រមូល​ផល​បាន​ច្រើន​ដូច​ខែប្រាំង​ទេពី​ព្រោះ​​​មាន​ព្យុះភ្លៀង​ជាប់ៗ​គ្នា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការថយចុះ​ផល​នេសាទ​សមុទ្រ ក៏​ព្រោះតែ​ពុំ​សូវ​មាន ពល​រដ្ឋ​​​ណាមួយ​ចេញទៅ​នេសាទ ពោលគឺ​បាន​ត្រឹមត្រូវ​នេ​សា​ក្បែរ​ភូមិឋាន​រស់នៅ​របស់ខ្លួន​ប៉ុណ្ណោះ​។​

​តំណាង​ប្រជា​នេសាទ​ឃុំ​ព្រែក​ខ្សាច់​ដដែល បន្ថែមថា ផល​សមុទ្រ​ដែល​រកបាន​ប្រចាំថ្ងៃ មាន​អន្ទង់ បង្គារ និង​ក្តាម មិន​ច្រើន​ទេ​តែ​លក់បាន​ក្នុង​ថ្លៃ​គួរសម​គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ពលរដ្ឋ​នេសាទ​ល្មមៗ​អាច​ទទួលបាន​ពី​៣​ទៅ​៥​ម៉ឺន​រៀល បើ​ធៀប​នឹង​រដូវប្រាំង​ពួកគាត់​រកចំណូលបាន​ពី​ការនេសាទ​ពី​៧​ទៅ​១០​ម៉ឺន​រៀល​។​

​ចំណែកឯ អ្នកស្រី សន ចាន់នី ឈ្នួ​ញ​ប្រមូល​ទិញ​ផល​នេសាទ​ពី​ប្រជាពលរដ្ឋ បាន​និយាយថា អន្ទង់ ក្តាម ខ្យង​និង​បង្គា សមុទ្រ​ដែល​ទទួល​ទិញ​បាន គឺ​យកទៅលក់​បន្ត​នៅឯ​ក្រុង​ខេមរភូមិន្ទ និង​រាជធានី​ភ្នំពេញ​តាមតែ​ការ​បញ្ជាទិញ​ពី​ឈ្នួ​ញ​ធំៗ​។

​នៅ​រដូវវស្សា​យ៉ាង​ដូច្នេះ មិនសូវមាន​ផល​នេសាទ​យកមក​លក់​ច្រើន​ឲ្យ​គាត់​ដូច​ខែប្រាំង​ទេ​។ ជាទូទៅ​ពេល​អំឡុង​រដូវវស្សា ទូក​របស់​អ្នកនេសាទ​មួយចំនួន​តែង​លិចទៅ​ក្នុង​សមុទ្រ ព្រោះតែ​មិនអាច​ទប់ទល់​នឹង​កម្លាំង​ខ្យល់ និង​ភ្លៀង​បោកបក់​បាន​។​

​គួរ​កត់សម្គាល់ថា ដើម្បី​អភិវឌ្ឍន៍ និង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​ឃុំ​ព្រែក​ខ្សាច់ ក្រុមហ៊ុន​កោះកុង SEZ បាន​ចំណាយ​ពេលវេលា និង​ធនធាន​ថវិកា​រាប់លាន​ដុល្លារ តាមរយៈ​ការស្ថាបនា​ប្រព័ន្ធ​ផ្លូវ និង​ដំឡើង​បណ្តាញ​ខ្សែ​អគ្គិសនី​ប្រវែង​ជាង​៤៧​គីឡូម៉ែត្រ​ចូលទៅ​កាន់​មូលដ្ឋាន​តំបន់​ឃុំ​ព្រែក​ខ្សាច់ ។​កាលពី​ពេលមុន​មានតែ​ការធ្វើ​ដំណើរ​​តាម​ទូក​ប៉ុណ្ណោះ ទើប​ទៅដល់​តំបន់​ដាច់​ស្រ​យោល​មួយ​នេះ​។​

​អភិបាលរង​ខេត្តកោះកុង លោក សុខ សុ​ទ្ធី ធ្លាប់​ប្រាប់​រស្មី​កម្ពុជា​ថា អាជ្ញាធរខេត្ត​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ មាន​នគរបាល​និង​កង​នាវាចរណ៍​លើ​ផ្ទៃសមុទ្រ​បង្កើន​ត្រៀមលក្ខណៈ​ចុះ​ប្រតិបត្តិ​ជួយសង្គ្រោះ​ប្រជា​នេសាទ​ឱ្យ​បាន​ទាន់ពេលវេលា ករណី​បើ​មាន​បញ្ហា​លិច​ទូក​។ ជា​វិធានការ​ទប់ស្កាត់ អាជ្ញាធរ​នៅតែ​ដាស់តឿន​ដល់​ប្រជា​នេសាទ​ក្នុង​សហគមន៍ គឺ​ចាំបាច់​តាមដាន​ស្តាប់​ព័ត៌មាន​ព្យាករណ៍​ពី​អាកាសធាតុ ឱ្យ​ត្រឹមត្រូវ​មុននឹង​ចេញ​ទូ​កនេ​សាន ។​ពិសេស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​គ្រួសារ និង​អាជ្ញាធរ​ឱ្យ​គ្រប់ពេលវេលា ជៀសវាង​ជួប​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណាមួយ​កើតឡើង​៕​សរន​

ប្រជា​សហគមន៍​នេសាទ រស់នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង