ផាក យូ​ជុន ជាតា​រា K-pop ដំបូង​គេ ត្រូវ​តុលាការ​ព្យួរទោស ២ ឆ្នាំ​

302
ចែករម្លែក

​រឿងអាស្រូវ K-Pop ដែល​ផ្ទុះឡើង​កាលពី​ខែមករា បាន​ឈាន​មកដល់​ដំណាក់កាល​ដាក់ទណ្ឌកម្ម​ហើយ​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា តារា​សម្តែង ផាក យូ​ជុន អាយុ ៣៣ ឆ្នាំ ត្រូវបាន​ព្យួរទោស ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១.២០០ ដុល្លារ​អាម៉េរិក​ជុំវិញ​ការប្រើប្រាស់​គ្រឿងញៀន​។​

​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទិញ​និង​ប្រើប្រាស់​ថ្នាំញៀន​ជាមួយនឹង​អតីត​សង្សារ​ឈ្មោះ វ៉ាង ហា​ណា ចំនួន​៦​ដង​ក្នុង​ឆ្នាំ ២០១៩​។​

​រដ្ឋអាជ្ញា​បានស្នើ​ឱ្យ​ដាក់គុក​មួយឆ្នាំ​ប្រាំ​មួយខែ​ដល់ ផាក យូ​ជុន ដែល​មិន​ជំទាស់​នឹង​ការចោទប្រកាន់​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ខណៈដែល​ចៅក្រម​បាន​សង្កេតឃើញថា​ការប្រើ​គ្រឿងញៀន​គឺជា​បទល្មើស​ធ្ងន់ធ្ងរ គាត់​បានសម្រេច​ថា​ការព្យួរទោស​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​សិល្បករ​រូបនេះ ព្រោះ​គាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ​និង​ជា​ជនល្មើស​លើកដំបូង​។​

​ផាក យូ​ជុន ដែល​ត្រូវបាន​ចាប់​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ចាប់តាំងពី​ថ្ងៃទី ២៦ ខែមេសា​នោះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​គាត់​ត្រូវបាន​ដោះលែង​។​

​តារាចម្រៀង​ទឹកមុខ​ល្ហិតល្ហៃ​រូបនេះ​បាន​សម្រក់​ទឹកភ្នែក​នៅពេល​គាត់​ប្រាប់​អ្នកកាសែត​នៅ​ខាងក្រៅ​តុលាការ​ថា​គាត់​នឹង​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​របស់គាត់​ឡើងវិញ​។​

​ខណៈ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បង្ហោះ​ពាក្យសម្តី​លើកទឹកចិត្ត អ្នកខ្លះ​ខកចិត្ត​ដែល​គាត់​ទទួលទោស​ស្រាល ដោយហេតុថា​ថ្នាំញៀន​បាន​ជះ​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​សង្គម​៕ ដោយ៖ កញ្ញាដាលីស

ផាក យូ​ជុន ត្រូវបាន​ដោះលែង​ឱ្យ​រួចខ្លួន បន្ទាប់ពី​តុលាការ​ព្យួរទោស​រយៈពេល​២​ឆ្នាំ