ផាន់ គ្រាន់ ចាញ់​ពិន្ទុ ឯ ម៉ន ព្រំ​ម៉ាញ សន្លប់​ទឹក​១

497
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​សងសឹក រវាង​អ្នក​ប្រដាល់​ថៃ សេន ឃុំ (Sen Khum) ជាមួយ​អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​២៧ មេសា កន្លងទៅនេះ ផាន់ គ្រាន់ ចាញ់​គូប្រកួត​របស់ខ្លួន ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​ផាន់ គ្រាន់ ធ្លាប់​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ​រូបនេះ ដោយ​ពិន្ទុ​ម្ដង​ដែរ ។ សេន ឃុំ មក​សងសឹក​លើក​នេះ គេ​ត្រៀមខ្លួន​ជាមុន បានល្អ ទោះបី ផាន់ គ្រាន់ ប្រកាសថា គេ​ត្រូវតែ​រក្សា​តំណែង ជា​អ្នកឈ្នះ​ឲ្យ​បាន​ក៏ដោយ ។ ស្ថានភាព នៃ​ការប្រកួត អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​បាន​ព្យាយាម វាយប្រហារ​ជើង​ក្រោម​គូប្រកួត តែ​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​វាយប្រហារ​ជើង​ក្រោម សង​វិញ ធ្វើ​ឲ្យ ផាន់ គ្រាន់ រារែក​ចិត្ត ក្នុងការ​វាយប្រហារ​ជើង​ក្រោម គូប្រកួត​បន្តទៀត ។​

​នៅ​ទឹក​ទី​៣ និង​ទឹក​ទី​៤ ផាន់ គ្រាន់ ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ បន្ទាប់ពី​ទទួលរង​ការវាយប្រហារ ដោយសារ​ជង្គង់​របស់ សេន ឃុំ នោះ ។ តែ​នៅ​ទឹក ៤ នេះដែរ សេន ឃុំ មាន​របួស នៅក្រោម​ភ្នែក​ឆ្វេង​បន្តិច តែ​មិនមាន​បញ្ហា​ឡើយ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក ដែល​លទ្ធផល​ចុងក្រោយ សេន ឃុំ សងសឹក​ជាមួយ ផាន់ គ្រាន់ បាន​ជោគជ័យ​តែម្ដង ។​

​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដែរ អ្នក​ប្រដាល់​កម្ពុជា ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​អ្នក​ប្រដាល់​ថៃ ពែ​ក ធៀង (Pek Thieng) ប្រើ​កណ្ដាប់ដៃ​ឆ្វេង វាយ​ចំ​គុម្ព​ថ្គាម បណ្ដាល​ឲ្យ​ដួលសន្លប់​ធំ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។​

​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​២៨ មេសា អ្នក​ប្រដាល់​កម្ពុជា រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ត្រូវ​អ្នក​ប្រដាល់​បារាំង ម៉ូ​រី​ន ឆា​លី (Maurin Charlie) វាយ​ឲ្យ​បែក​ចិញ្ចើម​ស្ដាំ នៅ​ទឹក​ទី​២ យ៉ា​ធ្ងន់ធ្ងរ ។​

​សម្រាប់​ជំនួប រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ វណ្ណៈ ជា​អ្នក​នាំអាទិ៍​លេង​កែង​មុន តែ​កែង​របស់ វណ្ណៈ វ៉ៃ​ត្រូវតែ​ខ្យល់​ប៉ុណ្ណោះ ។ ជាមួយនឹង​ការនាំ​អាទិ៍ លេង​កែង​នេះ ម៉ូ​រី​ន ឆា​លី បាន​សង​មួយ​កែង​វិញ នៅ​ទឹក​ទី​២ បណ្ដាល​ឲ្យ វណ្ណៈ មាន​របួស​លើ ចិញ្ចើម​ស្ដាំ​តែម្ដង ។​

​បន្តា​ប់​ពី​មាន​របួស វណ្ណៈ វ៉ៃ​ដោយ​បំពាន លើ​គូប្រកួត​តែម្ដង ។ នៅ​ទឹក​ទី​៣ ក្នុងខណៈ​អាជ្ញាកណ្ដាល ស្រែក​ឃាត់​ទៅហើយនោះ វណ្ណៈ ទាត់​ជើង​ក្រោម គូប្រកួត​មួយ​ទំហឹង ធ្វើ​ឲ្យ ម៉ូ​រី​ន ឆា​លី ដួល ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ ដោយ​មិន​ព្រមាន​វណ្ណៈ​ឡើយ ។​

​ក្នុងស្ថានភាព ដែល​គូប្រកួត​មាន​បញ្ហា​ជើង ដោយ​ការបំពាន​នោះ វណ្ណៈ បាន​វាយប្រហារ​ជើង​ក្រោម​បន្ថែម ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់ ៨ លើ​អ្នក​ប្រដាល់ ជនជាតិ​បារាំង ជា​លើក​ទី​២ នៅក្នុង​ទឹក​ទី​៣ តែមួយ ។ មកដល់​ទឹក​ទី​៤ របួស វណ្ណៈ កាន់តែ​រយះ​ធំ ហើយ​ឈាម ក៏​កានតែ​ហូរ​ខ្លាំង​នោះ លោក​អាជ្ញាកណ្ដាល បានបញ្ចប់​ការប្រកួត តាម​ការផ្ដល់​សញ្ញា ពី​គ្រូពេទ្យ ។ វណ្ណៈ ចាញ់​នៅត្រឹម​ទឹក​ទី​៤ តែម្ដង ។​

​ការប្រកួត​រវាង ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ជាមួយ​អ្នក​ប្រដាល់​ថៃ សាវ៉ា​ត់ ផេ​ត (Sawath Phat) ត្រូវ​អាជ្ញា​បញ្ឈប់ នៅ​ទឹក​ទី​១ ដោយសារតែ​អ្នក​ប្រដាល់​ថៃ រូបនេះ វ៉ៃ​មិន​អស់ពី​សមត្ថភាព ។ គូ​នេះ ត្រូវ​បញ្ចប់ ដោយ​មិន​ប្រកាស​លទ្ធផល ។​

​នី សុ​ភី ក្លិប​ប្រដាល់​សាល​វ័​ន្ដ​កីឡា បាន​ប្រើ​ជង្គង់ បញ្ចប់​អ្នក​ប្រដាល់​ថៃ យ៉​ត ភូ​លូ​ង (Yorth Phuluong) នៅត្រឹម​ទឹក​ទី​៣ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ជង្គង់​ល្អ​ដែរ តែ​ទៅ​មិន​រួច ជាមួយ​ជង្គង់ សុ​ភី ឡើយ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Wurkz រសៀល​ថ្ងៃទី​២៨ មេសា នេះដែរ អ្នក​ប្រដាល់​កម្ពុជា លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ បាន​ទាត់​អ្នក​ប្រដាល់​ថៃ កង សា​ណាន (Kong Sanan) ឲ្យ​ខូច​ជើងឆ្វេង​នៅ​ទឹក​ទី​២ ។ ជាមួយគ្នានេះដែរ វេ​ង សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រើ​កែង​យកឈ្នះ អ្នក​ប្រដាល់​ថៃ ឆៃ យ៉​រ៍ (Chhai Yor) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៥ ៕v

សកម្មភាព​លើស​ង្វៀន អាស៊ីអាគ្នេយ៍