ផាន់ គ្រាន់ និង កង សា​យ៉ា​មន​រណា​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​?

153

(​ភ្នំពេញ​)៖ រសៀល​ថ្ងៃទី​៩​ធ្នូ​នេះ ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ បាន​ឈានដល់​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ​។​

​ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ កង សា​យ៉ា​ម (Kang Sayam)​។ តាំងពីដើម​ព្រឹត្តិការណ៍​មកទល់ពេលនេះ ៤​ប្រកួត​របស់ ផាន់ គ្រាន់ ឈ្នះ​ទាំង ៤​ប្រកួត ក្នុងខណៈដែល កង សា​យ៉ា​ម ៤​ប្រកួត​ឈ្នះ​បាន ៣​ប្រកួត និង​ចាញ់​មួយ​ប្រកួត គឺ​ចាញ់ ផាន់ គ្រាន់ ដោយ​ពិន្ទុ​តែម្ដង​។​

​ផាន់ គ្រាន់ ពេលនេះ​មិនមែន ផាន់ គ្រាន់ កាលពី​លើក​មុន​នោះទេ ជាមួយនឹង​ផ្លែ​ល្អ​វ៉ៃ​ចេញ​ធ្ងន់​នោះ កម្លាំង​របស់គេ​ធានា​វាយ​សម្រុក​បាន​ពេញ​ទាំង​៥​ទឹក ដោយ​គ្មាន​បញ្ហា​ទៀតផង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០២​ដង ឈ្នះ​៨៤​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ បាន​និយាយថា គេ​បាន​បង្កើន​ការហ្វឹកហាត់​កាន់តែខ្លាំង​ជាង​មុន ព្រោះ​គេ​ធ្លាប់​ឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ ពេល​ប្រកួត​វិលជុំ ហេតុនេះ​គេ​ត្រូវតែ​ប្រឹងប្រែង​យកឈ្នះ​ម្ដងទៀត ដើម្បី​យក​ខ្សែក្រវាត់​មក​គ្រប់គ្រង​ឲ្យ​បាន​។​

​កង សា​យ៉ា​ម វិញ​ក៏​អះអាង​ដែរ​ថា គេ​ក៏​បង្កើន​ការហ្វឹកហាត់​ដែរ ព្រោះ​គូប្រកួត​គេ​ខ្លាំងណាស់ គេ​ធ្លាប់​បរាជ័យ​ម្ដង ហើយ​គេ​មិន​ចង់​ដើរ​លើ​ដាន​ចាស់​នោះទេ​។ គេ​ត្រូវការ​ស្ពាយ​ខ្សែក្រវាត់​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​។ ទោះបី​ជាមាន​ម​ហិ​ច្ឆិ​តា​យ៉ាងនេះ ក៏ដោយ​ក៏ កង សា​យ៉ា​ម មិន​ហ៊ាន​មើលស្រាល ផាន់ គ្រាន់ ដែរ​។​

​គួរ​បញ្ជាក់ថា កង សា​យ៉ា​ម មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង​។ មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ ទាត់​ចំ​កញ្ចឹងក និង​ថ្កា​ម បណ្ដាល​ឲ្យ​សន្លប់ មិនតែប៉ុណ្ណោះ​ជង្គង់ និង​កែង​របស់គេ​កាន់តែ​មិនអាច​មើលស្រាល​បាន​ទៅទៀត​។ ផាន់ គ្រាន់ និង កង សា​យ៉ា​ម នរណា​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ដែ​លោ​មាន​រង្វាន់​អម​ចំនួន ៥.០០០​ដុល្លារ​នេះ​។​

​ចំពោះ​គូប្រកួត​អម​នោះ អ្នក​ប្រដាល់ មាស ច័ន្ទ​មាន របស់​ក្លិប​កងពល​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត រុណ​ធី (Phat Runthy)​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​សមត្ថភាព​ប៉ុណ្ណាៗ​នោះ ក៏​គ្មាន​នរណា​ដឹង​ដែរ តែ ច័ន្ទ​មាន មួយរយៈ​នេះ​គេ​វ៉ៃ​ធ្លាក់​ណាស់​ពិសេស​កម្លាំង​តែម្ដង​។ កលល្បិច​គេ​នៅ​ល្អ តែ​បន្ទាប់ពី​ឆ្លង​ផុត​ទឹក​ទី​៣ ទៅ កម្លាំង​របស់គេ​ចុះ​ដាប​តែម្ដង​។ សម្រាប់​ការប្រកួត​នេះ មិនដឹងថា ច័ន្ទ​មាន ជួប​សំណាងល្អ ឬ​យ៉ាងណា​នោះទេ​៕L ដោយ៖ រ៉ូហ្សា