ផាន់ គ្រាន់ លេចមុខ​មក​ប្រកួត​ជាមួយ ថៃ​ចំណូល​ថ្មី​

90
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​១៣ តុលា ខាងមុខនេះ អ្នក​ប្រដាល់ ផាន់ គ្រាន់ ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ចំណូល​ថ្មី​ថៃ ឈ្មោះ ស៊ូ​ភើ ឡេ​ក (Super Lack) ។​

​ផាន់ គ្រាន់ បាត់​មុខ​មួយរយៈ បន្ទាប់ពី​គេ ប្រកួត​ជាប់ៗ​គ្នា រៀងរាល់​សប្ដាហ៍ ធ្វើ​ឲ្យ​គេ​គ្មាន​ឱកាស​ហ្វឹកហាត់ និង​ឈឺខ្លួន ជាប់​រហូត​នោះ ។ ពេលនេះ បន្ទាប់ពី​សហព័ន្ធ​កម្រិត​ឲ្យ ២ សប្ដាហ៍ ប្រកួត​ម្ដងនោះ ទំនងជា​គេ​អាច​វ៉ៃ​បានល្អ​ឡើងវិញ ព្រោះ​គេ​មាន​ពេលវេលា​សម្រាក និង ហ្វឹកហាត់ ។

ផាន់ គ្រាន់ និង ស៊ូ​ភើ ឡេ​ក​

​តាមពិត អ្នក​ប្រដាល់​កម្ពុជា រូបនេះ វ៉ៃ​មាន​ផ្លែ​ល្អ និង​រហ័ស និង ការពារ​បានល្អ តែ​កម្លាំង​របស់គេ មិន​ទៀងទាត់​ឡើយ ។ ពេលខ្លះ គ្រប់គ្រាន់​ល្អ តែ​ពេលខ្លះ វ៉ៃ​តែ ២ ទឹក គឺ​អស់ ក៏មានដែរ តែ​សម្រាប់​លើក​នេះ ទំនងជា​មិន​អ្វី​ទេ មើលទៅ ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ស៊ូ​ភើ ឡេ​ក វិញ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​។ មិនដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា និង មាន​របៀប​វ៉ៃ យ៉ាងណា​នោះទេ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​អន់​ទេ តែ​លោក​ពុំ​ធ្លាប់​បានឃើញ​គេ​វ៉ៃ​ឡើយ ។​

​ស៊ូ​ភើ ឡេ​ក មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ រីឯ ផាន់ គ្រាន់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១៣៤​ដង ឈ្នះ​១១០​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ជំនួប​មួយ​នះ មិនដឹងថា ជ័យជំនះ​ជា​របស់ ផាន់ គ្រាន់ ឬ ស៊ូ​ភើ ឡេ​ក​ឡើយ ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត ផានិត ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ពួកគេ ជា​អ្នក​ប្រដាល់​ថ្មី​មែន តែ​គេ​មាន​របៀប​វ៉ៃ​ល្អ និង​ចិត្តធំ ហ៊ាន​ប្ដូរ​កែង និង កណ្ដាប់ដៃ​គ្នា ដោយ​គ្មាន​ញញើត ។ អ្នកលេង​ជើង​ថ្មី ទាំង ២ រូបនេះ នរណា​ឈ្នះ ?​។​

​អ្នក​ប្រដាល់​ជើងចាស់ កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ប្រកួត​គ្នា​
​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រាកដជា​លំបាក​លេង​គ្នា​ហើយ ។ ពួកគេ មាន​ផ្លែ​វ៉ៃ មួយ​ផ្លែ ម្នាក់ អ្នកឈ្នះ និង​អ្នកចាញ់ នឹង​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន ។​

​ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជើងចាស់ វ័យ​ចំណាស់ ឌុ​ម កែវ​ដប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v