ដោយៈដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត/ភ្នំពេញៈនៅក្នុងចម្លើយសារភាពដែលមានកម្រាស់៦៦ទំព័រ ផាន ឃោន ហៅ ជួន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧។ ជួន ត្រូវបានបញ្ជូនទៅកាន់គុកទួលស្លែង ឬមន្ទីរស-២១ ហើយត្រូវបានសួរចម្លើយចំនួនពីរលើក។ លើកទីមួយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧៧ និងលើកទីពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧។ ជួន ត្រូវបានសួរចម្លើយដោយឈ្មោះ ឡាក់ ហើយនៅលើចម្លើយសារភាពមានចំណារបស់ ឌុច ដែលជាអតីតប្រធានមន្ទីរស-២១។
ខាងក្រោមនេះជាសកម្មភាពរបស់ ផាន ឃោន ហៅ ជួន មុនការចាប់ខ្លួន៖
ខ្ញុំឈ្មោះ ផាន ឃោន ហៅ ជួន មានអាយុ៣៥ឆ្នាំ។ ខ្ញុំគឺជាជនជាតិលាវ។ ឪពុកម្ដាយខ្ញុំបានមករស់នៅក្នុងប្រទេសកម្ពុជា តាំងពីពួកគាត់ទាំងពីរនាក់មិនទាន់រៀបការជាមួយគ្នា។ ម្ដាយឪពុកខ្ញុំជាអ្នកធ្វើស្រែចម្ការ។ នៅពេលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំបានទៅរស់នៅវត្តពាមជីមាត។ ខ្ញុំរស់នៅ និងបម្រើព្រះសង្ឃរាជព្រះនាម ប៊ួ។ ខ្ញុំបានរស់នៅក្នុងវត្តពាមជីមាត បានរយៈពេល៣ឆ្នាំ។ នៅពេលព្រះសង្ឃរាជ ប៊ួ និមន្តទៅប្រទេសលាវវិញ ខ្ញុំក៏បានត្រឡប់ទៅរស់នៅជាមួយឪពុកម្ដាយខ្ញុំវិញដែរ។
នៅអាយុ១៨ឆ្នាំ ខ្ញុំមានមុខរបរជាអ្នកផ្សាំងសត្វដំរីស្រុកឲ្យបុរសម្នាក់ឈ្មោះ តាផេង។ តាផេង គឺជាកសិករដែលមានទ្រព្យស្ដុកស្ដម្ភម្នាក់រស់នៅក្នុងភូមិលំផាត់។ អំឡុងពេលដែលខ្ញុំស៊ីឈ្នួលជាអ្នកផ្សាំងសត្វដំរី ខ្ញុំបានស្គាល់គិញម្នាក់ឈ្មោះ ខាំផៃ ដែលរស់នៅក្នុងភូមិស្រុកជាមួយខ្ញុំ។ ខាំផៃ ពីមុនធ្វើជាទាហានឲ្យបារាំង។ ក្រោយមកគាត់បានធ្វើជាគិញប្រចាំប៉ុស្ដិ៍នៅ ខេត្តមណ្ឌលគិរី មានភារកិច្ចតាមដានសកម្មភាពរបស់ខ្មែរក្រហមក្នុងភូមិជីមាត។
នៅក្នុងឆ្នាំ១៩៦១ ខាំផៃ បានជួបខ្ញុំ និងបានបបួលខ្ញុំធ្វើជាទាហាន។ ខ្ញុំប្រាប់ ខាំផៃថា ខ្ញុំមិនចង់ធ្វើជាទាហានទេព្រោះមិនមានអ្នកណាជួយធ្វើស្រែចម្ការឪពុកម្ដាយខ្ញុំ។ មួយខែក្រោយមកខ្ញុំបានជួប ខាំផៃ ម្ដងទៀតនៅពេលខ្ញុំកំពុងផ្សាំងដំរី។ ខាំផៃ បានឲ្យខ្ញុំស៊ើបការណ៍ពីក្រុមខ្មែរក្រហមនៅក្នុងភូមិ ហើយខ្ញុំក៏យល់ព្រមទទួលកាងារនេះព្រោះទទួលបានប្រាក់ខែ។ បន្ទាប់ពីស៊ើបការណ៍បានហើយ ខាំផៃ ឲ្យខ្ញុំរាយការណ៍ប្រាប់គិញស័ក្ដិពីរនៅមណ្ឌលគិរី ឈ្មោះ អ៊ុយ អេង។ ខាំផៃ បានធ្វើការណែនាំខ្ញុំបន្ថែមទៀតឲ្យបន្លំខ្លួនប្រកបមុខរបររកស៊ីដូច ប្រជាជនដែលរស់នៅតាមភូមិ តាមស្រែ និងតាមព្រៃ។ ជាពិសេសតាមដានអ្នកដែលនិយាយនយោបាយ។អ្នកដែលធ្វើសកម្មភាពជាមួយ ខ្ញុំពេលនោះមានឈ្មោះ មុង, លាប, វ៉ន, ហា និងឈ្មោះ ផាត់។
នៅឆ្នាំ១៩៦៥ ខាំផៃ មានជំងឺ ហើយក៏បានស្លាប់ទៅ។ ខ្ញុំក៏បានបន្តសកម្មភាពតាមដានក្រុមខ្មែរក្រហមដោយធ្វើការរាយការណ៍ទៅឈ្មោះមុង ដែលធ្លាប់ធ្វើការជាមួយ ខាំផៃ និងផ្ដល់ពត៌មានឲ្យទាហានស័ក្ដិពីរឈ្មោះ សន បន្តទៀត។ នៅដើមឆ្នាំ១៩៦៧ សកម្មភាពរបស់ខ្មែរក្រហម មានភាពផុសផុលខ្លាំងណាស់។ មុង ក៏បានហៅ ខ្ញុំ, ហា, ផាត់, វ៉ន និងឈ្មោះលាប ទៅណែនាំ ហើយឲ្យបន្លំខ្លួនជាអ្នកលក់មាន់ ដើម្បីតាមដានក្រុមខ្មែរក្រហម។ ខ្ញុំបានទទួលផែនការឲ្យទៅទិញមាន់នៅស្រែលំម៉ាន់។ ខ្ញុំបានឃើញប្រជាជននៅស្រែលំម៉ាន់ ចំនួន៣នាក់យកអង្ករដើរកាត់តាមមាត់ទន្លេស្រែពក។ ខ្ញុំបានដឹងច្បាស់ថាប្រជាជនទាំងនោះយកអង្ករទៅឲ្យខ្មែរក្រហម។ ខ្ញុំនិងឈ្មោះហា បានរាយការណ៍ប្រាប់ទៅ មុង។ មុង បានធ្វើការទាក់ទងទៅប៉ូលីសឈ្មោះ ម៉ន ចាប់ខ្លួនជនទាំងនោះយកទៅឃុំឃាំង។
នៅក្នុងឆ្នាំ១៩៦៨ បងហម (ហៅឡាំង) បានឲ្យខ្ញុំនៅជាមួយគាត់នៅមន្ទីរសម្ងាត់៦០។ ខ្ញុំនៅជាមួយបងឡាំង បានរយៈពេល២ខែ បងឡាំងក៏បានចាត់តាំងខ្ញុំឲ្យធ្វើនីរសារបស់កម្មាភិបាល។ ប៉ុន្ដែក្រោយមកខ្ញុំបានធ្វើជានីរសារបស់បង កុយ ធុច ហៅ ឃួន(កុយ ធួន) ។ ពេលខ្ញុំនៅជាមួយបងឃួន បានចំនួនពីរថ្ងៃ បងឃួន បានឲ្យមួកស្បែកពណ៌ខ្មៅមកខ្ញុំហើយគាត់បាននិយាយថាមិត្តពាក់មួកនេះសមណាស់។ មិត្តសមធ្វើជាហ្មដំរី។ ចាប់ពីថ្ងៃនោះមកខ្ញុំគោរពស្រឡាញ់ បងឃួន ព្រមទាំងគិតថាគាត់ជាមនុស្សល្អ។ បងឃួន ទុកចិត្តខ្ញុំខ្លាំងណាស់។ នៅថ្ងៃមួយខ្ញុំបានដឹក បងឃួន ពីខេត្តមណ្ឌលគិរីទៅខេត្តក្រចេះ។ នៅពេលធ្វើដំណើរតាមផ្លូវ បងឃួន បានអប់រំខ្ញុំអំពីបញ្ហាដូចជា ធ្វើបដិវត្តន៍មានភាពលំបាកខ្លាំង ភាពស្មុគស្មាញ អត់បាយ គ្មានអាវុធគ្រប់គ្រាន់។ បងឃួន ប្រាប់ខ្ញុំថា គាត់ធ្វើបដិវត្តន៍ពីរផ្នែកគឺ ធ្វើបដិវត្តន៍ផង និងប្រឆាំងបដិវត្តន៍ផង។
នៅឆ្នាំ១៩៦៩ បងឃួន បានអប់រំខ្ញុំ, ធី (ប្រធានមន្ទីរទទួលភ្ញៀវភូមិភាគឧត្តរ) និងឈ្មោះសែម (នីរសារ) ម្ដងទៀត ដោយលើកឡើងអំពីបញ្ហាលំបាកដដែល និងបន្តបំផ្លាញបដិវត្តន៍។ មិត្តដែលបរដំរីត្រូវបំផ្លាញសម្ភារតាមរបៀបបរដំរី ចំណែកមិត្ត សែម និងមិត្ត ធី ត្រូវបំផ្លាញតាមអ្វីដែលអាចធ្វើទៅបាន។ ក្រោយមកយើងទាំងបីនាក់បាននាំគ្នាធ្វើសកម្មភាពដោយបានយកក្រណាត់ចំនួន២កីទៅទម្លាក់ចោលក្នុងព្រៃអូរច្បារ និងបានធ្វើឲ្យថ្នាំពេទ្យខូចអស់មួយចំនួន។
នៅដើមឆ្នាំ១៩៧០ ខ្ញុំបានផ្ដាច់ការទាក់ទងជាមួយ បងឃួន ពីព្រោះគាត់ត្រូវបានផ្លាស់ប្ដូរទៅភូមិភាគឧត្តរវិញ។ មុនពេល បងឃួន ផ្លាស់ទៅ គាត់បាននិយាយប្រាប់ខ្ញុំថា ត្រូវទាក់ទងធ្វើសកម្មភាពជាមួយ មិត្តកង (ប្រធានបច្ចេកទេសខាងសិប្បកម្ម១០៥)។ ក្រោយពេល បងឃួន ផ្លាស់ទៅ ខ្ញុំក៏ត្រូវបានផ្លាស់ទៅកន្លែងផ្សេងដែរ។ ខ្ញុំបានផ្លាស់មកកាន់សមាជិកពាណិជ្ជកម្មតំបន់១០៥មានទីប្រចាំការនៅតំបន់៥០៥។
នៅខែវិច្ឆិកា ឆ្នាំ១៩៧១ ទើបខ្ញុំជួបធ្វើការទាក់ទងជាមួយមិត្តកង។ នៅឆ្នាំ១៩៧២មិត្តកងបានហៅខ្ញុំទៅប្រជុំនៅខេត្តក្រចេះ។ អ្នកចូលរួមប្រជុំមានមិត្តកង (អនុលេខាតំបន់៥០៥),ឈ្មោះខន (ប្រធានសន្តិសុខតំបន់៥០៥),ឈ្មោះសៃ (អនុប្រធានសន្តិសុខ៥០៥) និងខ្ញុំ។ ដំបូង មិត្តកង បានណែនាំឲ្យខ្ញុំស្គាល់ មិត្តខន និង សៃ ដែលជាខ្សែរយៈ សេ-អ៊ី-អា។ បន្ទាប់មក មិត្តកង បានឲ្យធ្វើសកម្មភាពតាមផែនការដោយធ្វើការបំផ្លាញសម្ភាររបស់អង្គការ និងទាក់ទងលោកសង្ឃនៅវត្តក្រចេះដើម្បីឲ្យយន្តហោះមកទម្លាក់គ្រាប់បែកកម្ទេចស្ពានថ្មនៅអូរដែកដូន និងទម្លាក់លើប្រជាជននៅជិតៗនោះ។
នៅខែមករា ឆ្នាំ១៩៧២ យើងបានអនុវត្តតាមផែនការ។ ខ្ញុំបានធ្វើឲ្យខូចឡាន មួយគ្រឿង និងបង្ហូរអំបិលចេញពីក្នុងឡានអស់៥០០គីឡូក្រាម។ ចំណែក មិត្តកង បានទៅទាក់ទងព្រះសង្ឃនៅវត្តក្រចេះ ផ្ដល់សញ្ញាទៅយន្តហោះទម្លាក់គ្រាប់បែកធ្វើឲ្យខូចស្ពានថ្មអូរដែកដូនចំនួន២ និងស្លាប់ប្រជាជនមួយចំនួន។
នៅខែតុលា ឆ្នាំ១៩៧៣ បងឃួន បានហៅខ្ញុំឲ្យទៅជួបគាត់នៅចម្ការកៅស៊ូគីឡូម៉ែត្រលេខ១០ខេត្តកំពង់ចាម។ ជួបគ្នានៅពេលនោះបងហើយគាត់បានបញ្ចូលខ្ញុំជា សេ-អ៊ី-អា។ នៅខែធ្នូ ឆ្នាំ១៩៧៣ មិត្តកង បានហៅខ្ញុំទៅប្រជុំនៅក្រុងក្រចេះ ជាមួយ មិត្តខន និងមិត្តសៃ។ ខ្លឹមសារប្រជុំគឺបន្តសកម្មភាពពង្រីងកម្លាំង សេ-អ៊ី-អា បំផ្លាញសម្ភាររបស់អង្គការ បំផុសប្រជាជនឲ្យខ្លាចក្នុងការធ្វើសង្គ្រាម កាត់បន្ថយការដាំដុះ និងរៀបចំអង្ករដើម្បីលក់ឲ្យយួន ឈ្មោះ អឺក។ អឺក គឺជាខ្សែរបស់ មិត្តកង និងខ្ញុំ។ ខ្ញុំកសាងកម្លាំងបានចំនួន១០នាក់មានឈ្មោះ ៖ ស៊ុន ថន (ប្រធានពាណិជ្ជកម្មតំបន់១០៥), ថា (សមាជិកពាណិជ្ជកម្មតំបន់១០៥), ឈ្មោះ ញុន (អនុភ័ស្ដុភារយោធាតំបន់១០៥), នឿន (ប្រធានទទួលស្រែនៅក-១៦), ឡាន (ប្រធានចិញ្ចឹមគោ និងក្របីនៅក-១៦), ឡាំ (សមាជិកផ្នែកចិញ្ចឹមគោ និងក្របីនៅក-១៦), ប៊ុន (កងការពារ ភុន អនុលេខាតំបន់១០៥), ដែង (យុទ្ធជនការពារ ភុន អនុលេខាតំបន់១០៥), វ៉ាន (ទទួលខុសត្រូវឡាននៅមន្ទីរ១០៥) និង ស៊ី យុទ្ធជនបើកឡាននៅមន្ទីរតំបន់១០៥។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ មិត្តកង បានហៅខ្ញុំទៅប្រជុំនៅក្រចេះ ពេលនោះខ្ញុំឃើញ បងខាំភូន (អនុលេខាតំបន់១០៥) ទៅប្រជុំដែរ។ មិត្តកង បានប្រាប់ទៅ បងខាំភូន ឲ្យទាក់ទងជាមួយ ខន និង សៃ ដើម្បីរួមគ្នាធ្វើសកម្មភាពកសាងកម្លាំងស្នូលបំផ្លាញអង្គការ។
នៅខែមករា ឆ្នាំ១៩៧៥ មិត្តកង បានហៅខ្ញុំ, កង, សៃ និង សុខន ទៅប្រជុំនៅក្រចេះ។ នៅក្នុងការប្រជុំនោះ មិត្តកង បានប្រាប់អំពីផែនការ ដែលអង្គការជិតវាយចូលទីក្រុងភ្នំពេញ។ ប្រសិនបើវាយបែកភ្នំពេញ មិត្តទាំងអស់ត្រូវប្រមូលថ្នាំពេទ្យ, ក្រណាត់ និងសម្ភារផ្សេងៗទុកឲ្យបានច្រើន ដើម្បីត្រៀមធ្វើសង្គ្រាមជាមួយបដិវត្តន៍នៅថ្ងៃខាងមុខ។ ក្រោយពីបានទទួលផែនការរួចហើយ ខ្ញុំបានទៅប្រាប់អ្នកទាំង១០នាក់ដែលខ្ញុំធ្លាប់បានអប់រំ។ ប៉ុន្តែជាអកុសលខ្ញុំមិនបានអនុវត្តផែនការនោះទេ ព្រោះនៅថ្ងៃរំដោះភ្នំពេញខ្ញុំត្រូវឡានបុកបាក់ស្មងជើងម្ខាង និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល១ឆ្នាំទើបជើងរបស់ខ្ញុំអាចដើរបាន។
នៅឆ្នាំ១៩៧៦ ខ្ញុំធ្វើការទាក់ទងជាមួយ បងខាំភូន នៅមន្ទីរ១០៥។ ខែកុម្ភៈ ឆ្នាំ១៩៧៦ បងខាំភូន បានហៅខ្ញុំទៅប្រជុំនៅមន្ទីរក-១៦ ស្ថិតនៅក្នុងមន្ទីរពាណិជ្ជកម្មតំបន់១០៥ ហើយអ្នកចូលរួមមាន ៖ ស៊ុន ជន (ប្រធានពាណិជ្ជកម្មតំបន់១០៥), ឡាប់ (អនុប្រធានពាណិជ្ជកម្មតំបន់១០៥), ថា និងខ្ញុំ។ ខាំភូន បានលើកផែនការឲ្យបំផ្លាញបក្សនិងបំផុសប្រជាជនឲ្យប្រឆាំងមាគ៌ាកសាងប្រទេសរបស់បក្ស។ មិត្ត ស៊ុន ជន ជាអ្នកចែកសម្ភារ ដោយធ្វើយ៉ាងណាត្រូវចែកមិនឲ្យគ្រប់គ្រាន់ដល់ប្រជាជនដើម្បីធ្វើឲ្យស្ទះដល់ការបង្កបង្កើនផលរបស់អង្គការ។ នៅខែសីហា ឆ្នាំ១៩៧៦ បងខាំភូន បានហៅខ្ញុំនិងឈ្មោះញុន ទៅជួបនៅមន្ទីរក-១៦ ពេលនោះប្រពន្ធរបស់ បងខាំភូន ឈ្មោះ ឡាប់ ក៏នៅជាមួយដែរ។ នៅក្នុងអង្គប្រជុំ ខាំភូន លើកឡើងដោយបានស្នើ មិត្តញុន និងប្រពន្ធរបស់គាត់ធ្វើសកម្មភាពនៅក្នុងមន្ទីរ គឺដឹកនាំកម្លាំងផ្នែកដេរ កុំឲ្យកាត់ដេរបានលឿនធ្វើឲ្យស្ទះការងារបដិវត្តន៍ព្រោះពេលនេះអង្គការត្រូវការសម្លៀកបំពាក់ខ្លាំងណាស់។
នៅខែឧសភា ឆ្នាំ១៩៧៧ បងឡាំង បានចាត់តាំងខ្ញុំឲ្យទាក់ទងជាមួយមន្ទីរពាណិជ្ជកម្មកណ្ដាល ដោយយកសត្វដំរីទៅដូរជាមួយសត្វសេះយកមកចិញ្ចឹមវិញ។ ខ្ញុំបានធ្វើដំណើរតាមការណូតជាមួយឈ្មោះ ផាវ។ នៅពេលខ្ញុំទៅដល់មន្ទីរពាណិជ្ជកម្មភូមិភាគកណ្ដាល ខ្ញុំបានជួបជាមួយឈ្មោះ ជ័យ ជាប្រធានមន្ទីរពាណិជ្ជកម្ម។ ការជួបគ្នាលើកដំបូងរវាងខ្ញុំ និងឈ្មោះជ័យ យើងបានស្រុះស្រួលគ្នាដូរដំរី១០ក្បាលជាមួយសេះ៣០ក្បាល។ ក្រៅពីដោះដូរ ខ្ញុំនិងជ័យ បានទាក់ទងគ្នារឿងដោះដូរសម្ភារក្រៅផ្លូវការ។ នៅចុងខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំបានទៅទទួលសម្ភារនៅភ្នំពេញដោយធ្វើដំណើរតាមផ្លូវទឹកទន្លេមេគង្គ។ ពេលត្រឡប់មកវិញខ្ញុំ បានទៅជួបមិត្តជ័យ នៅមន្ទីរពាណិជ្ជកម្មភូមិភាគកណ្ដាល ខេត្តកំពង់ចាម។ ខ្ញុំបានហូបបាយជាមួយជ័យ ហើយបាននិយាយអំពីស្ថាភាពប្រជាជនតាមតំបន់រៀងខ្លួន។ ជ័យ បាននិយាយប្រាប់ខ្ញុំអំពីប្រជាជនហូបតែក្តួចធ្វើឲ្យហើមខ្លួន ជាពិសេសប្រជាជននៅក្នុងតំបន់៤១ មានការខ្វះខាតជាងគេ។ ក្រោយពីជជែកគ្នា យើងទាំងពីរនាក់បានយល់គ្នាច្រើនក្នុងការធ្វើសកម្មភាពក្បត់អង្គការ។ បន្ទាប់មក ខ្ញុំក៏បានរាយការណ៍ប្រាប់ បងខាំភូន នៅមន្ទីរក-១៦។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៧៧ មិត្តជ័យ ឲ្យខ្ញុំទៅជួបគាត់ម្ដងទៀតដើម្បីនិយាយអំពីផែនការក្នុងការកម្ទេចអង្គការ។ នៅពេលខ្ញុំទៅដល់មន្ទីរ ខ្ញុំមិនបានឃើញគាត់ទេហើយទំនាក់ទំនងរវាងខ្ញុំ និង ជ័យ បានដាច់ចាប់ពីពេលនោះមក។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៧ បងខាំភូន បានសរសេរសំបុត្រទៅឈ្មោះ អន់ តយ ឲ្យខ្ញុំបានចូលរួមក្នុងការប្រជុំនៅក្នុងមន្ទីរក-១៦ ដែលប្រព្រឹត្តនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៧៧។ នៅក្នុងអង្គប្រជុំ ខាំភូន បានលើកឡើងដោយស្នើមិត្តទាំងអស់ឲ្យរៀបចំអាវុធនៅកន្លែងរៀងខ្លួនរួចយកមកទុកនៅកន្លែងរបស់គាត់ នៅមន្ទីរក-១៦វិញ។ ក្នុងការប្រមូលអាវុធនេះ គឺយើងមានផែនការក្នុងការរត់ទៅប្រទេសយួន ព្រោះសភាពការណ៍បដិវត្តន៍បច្ចុប្បន្នកាន់តែមានការតឹងរ៉ឹង។ ផែនការនេះ ខាំភូន បានសម្រេចឲ្យឈ្មោះ មិត្តញុន, ប៊ុន, នឿន, ឡាង, ឡាំង ដឹកនាំកម្លាំងរត់ចូលទៅដីយួន។ ផ្លូវដែលត្រូវធ្វើដំណើរគឺតាមផ្លូវភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីម៉ា។ ពីរថ្ងៃក្រោយយើងបានទទួលដំណឹងថា អង្គការចាប់បាន និងបាញ់សម្លាប់អស់១៣នាក់។ ដូច្នេះកម្លាំងដែលបានចូលដីយួនមានតែ៤នាក់ប៉ុណ្ណោះ ហើយអ្នកទាំងនោះក៏មិនដែលទំនាក់ទំនងមកយើងវិញដែរ។ ក្រោយព្រឹត្តិការណ៍នេះបានកើតឡើង អង្គការបានចាត់តាំង ខាំ ដែលត្រូវជាកូនរបស់ បងខាំភូន ឲ្យដើររកចាប់ក្រុមដែលបានរត់ចូលដីយួន។ មិត្តខាំ មិនបានអនុវត្តតាមអង្គការទេ ហើយថែមទាំងធ្វើសកម្មភាពប្រឆាំងវិញ។ ដូច្នេះអង្គការបានសម្រេចចាប់ខ្លួន ខាំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៧។ ក្រោយមកបងឡាំង បានដកខ្ញុំពីក្រចេះឲ្យទៅក្ដាប់សភាពការនៅពាណិជ្ជកម្ម១០៥។ ពេលនោះខ្ញុំក៏បានជួបជាមួយមិត្តស៊ុន ថន និង បងខាំភូន។ នៅពេល បងខាំភូនជួបខ្ញុំ គាត់ក៏បានប្រាប់ខ្ញុំថា គាត់លែងបានដឹកនាំខ្ញុំប្រជុំទៀតហើយ ដូច្នេះខ្ញុំត្រូវដឹកនាំប្រជុំជំនួសគាត់ បន្ទាប់ពីគាត់ត្រូវបានអង្គការដកទៅនៅភ្នំពេញ។ ខាំភូន បាននិយាយបន្តទៀតថា រឿងអង្គការបម្រុងដកគាត់នេះប្រាកដជាចាប់គាត់ហើយ ចំណែករឿងរ៉ាវរបស់យើងលើកមុនប្រាកដជាបែកការណ៍មិនខាន។ គាត់បន្តថា ពេលណាមានឱកាសល្អ ប្រាកដជាវាយ បងឡាំង ព្រោះរឿងកូនគាត់ត្រូវអង្គការចាប់ និងបែកការណ៍មកពី បងឡាំង។ ថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៧៧ បងខាំភូន ត្រូវអង្គការដកមកនៅភ្នំពេញ។ ពេលខ្ញុំមកភ្នំពេញ ខ្ញុំបានដំណឹងថា បងខាំភូន វាយបងឡាំង ស្លាប់នៅមន្ទីរពាណិជ្ជកម្មតំបន់១០៥ នៅភ្នំពេញ។ នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ១៩៧៧ អង្គការចាប់ខ្ញុំតែម្ដង។
កំណត់ចំណាំ៖ រាល់ចម្លើសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណ្មកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហមដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ ផាន ឃោន ហៅ ជួន ពិតឬយ៉ាងណានោះទេ៕
(ដកស្រង់ចេញពីឯកសារចម្លើយសារភាពលេខ D02696)