ផាន ផាត់​យុទ្ធ តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ចំណូល​ថ្មី មកពី​ស្រុកថៃ​

120

(​ភ្នំពេញ​): អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចំណូល​ថ្មី មកពី​ស្រុកថៃ កូ​ឡាប ដួ​យ (Kolap Douy) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២៣​ធ្នូ​។​

​អាច​និយាយបានថា នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ទទួលបាន​ឱកាស ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​។ ផាត់​យុទ្ធ ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​គួរសម​ដែរ ពិសេស​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ជាមួយ​គេ​ភាគច្រើន​គេ​ជា​អ្នកឈ្នះ​។​

​ផាត់​យុទ្ធ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៣​ដង ឈ្នះ​៣៩​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ គេ​មាន​របៀប​វ៉ៃ​ស្រដៀង​គ្នា​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ បឺត ខាំ ដែលជា​គ្រូ​របស់គេ​ដែរនោះ​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ កូ​ឡាប ដួ​យ វិញ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ គេ​មិនដឹងថា អ្នក​ប្រដាល់​រូបនេះ មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​ដង ឈ្នះ​៣៨​ដង ចាញ់​១០​។ ចាំមើល​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ នរណា​ជា​អ្នកខ្លាំង​ពិតប្រាកដ​។​

​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​លោកតា​ដំបង​ដែក ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ អា​រ៉ាំ ប៊​យ (Aram Boy) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​សេង ស្រឿ​ន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​២​ប្រកួត​របស់គេ​ជាមួយ​ថៃ នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍​ជាមួយ​ថៃ គេ​ផ្ដួល​ថៃ​មុន​ទឹក​ទី​៥ បាន​ទាំង​២​លើក​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៩​ដង ឈ្នះ​៥៨​ដង ចាញ់​១១​ដង​។ គេ​មាន​សមត្ថភាព​ប្រើ​បានល្អ​ទាំង​ទាត់ កែង និង​កណ្ដាប់ដៃ​។​

​អា​រ៉ាំ ប៊​យ វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ណាស់ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ទាំង​កែង និង​ជង្គង់​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រ​កួ​ចំនួន​៨១​ដង ឈ្នះ​៦២​ដង ចាញ់​១៨​ដង និង ស្មើ​ពិន្ទុ ១​ដង​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ពួកគេ​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ហើយ​បើ​គេ​ប្រកួត​ដល់​ទឹក​ទី​៥​នោះ អ្នកឈ្នះ និង អ្នកចាញ់​ពិតជា​ទ្រមខ្លួន​ដូចគ្នា​មិន​ខាន​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ថៃ រដ្ឋ ក្លិប​ក្រុង​ប៉ោយប៉ែត ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​