ផាន ផាត់​យុទ្ធ សាក​ជាមួយ ម៉ន វីរៈ​

346

ផាន ផាត់​យុទ្ធ និង ម៉ន វីរៈ (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​: លើស​ង្វៀន​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ យប់​ថ្ងៃទី​៥​សីហា អ្នក​ប្រដាល់ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា ប្រកាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ន វីរៈ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​។ នេះ​ជា​ជំនួប​រវាង​អ្នកខ្លាំង​ទម្ងន់​ស្រាល ជាមួយ​អ្នកខ្លាំង​ទម្ងន់​ស្រាល​ដូចគ្នា​។

​វីរៈ ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ផ្លែ​វ៉ៃ​ល្អ រហ័ស ទាំង​កែង ជង្គង់ កណ្ដាប់ដៃ ហើយក៏​ខូច​ខាង​ពូកែ​វាយ​បន្ថែម​លើ​គូប្រកួត​ដែរ​។ អ្នក​ប្រដាល់​រូបនេះ មួយរយៈ​នេះ មានការ​ស្រុតចុះ​ច្រើន​អីចឹង​ហើយ ទើប​នៅពេល​ប្រកួត​គេ​ព្យាយាម​វាយ​សម្រុក លើ​គូប្រកួត​តាំងពីដើម​ទឹក​ទី​១ ទៅក្នុង​បំណង​ផ្ដួល​គូប្រកួត​ឲ្យ​បាន​រហ័ស តែបើ​គូប្រកួត​មិន​ដួល​ទេនោះ ចាប់ពី​ទឹក​ទី​៣ ទៅ​កម្លាំង​គេ​ស្រុតចុះ​គេ​ក៏​លេង​ស្នៀត​បែរខ្នង​ឲ្យ​គូប្រកួត​វាយ​តែម្ដង​។​

​ផាន ផាត់​យុទ្ធ ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ជា​រហ័ស​នោះទេ តែ​ធ្ងន់​មិនតែប៉ុណ្ណោះ គេ​មាន​កម្លាំង​អស្ចារ្យ​ការ​វ៉ៃ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ​។ អ្នក​ប្រដាល់​រូបនេះ មាន​កម្លាំង​វ៉ៃ​បាន ៥​ទឹក ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។​

​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា ជ័យជំនះ​ជា​របស់ ម៉ន វីរៈ ឬ​ជា​របស់ ផាន ផាត់​យុទ្ធ នោះឡើយ​។ ពួកគេ​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​។​

កំពែង ខ្មៅ និង អាំង សំអាត (​រូប​៖ រ៉ូ​ហ្សា​)

​កំពែង ខ្មៅ មកពី​សមាគម​ប្រដាល់​ក្រសួងកសិកម្ម ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អាំង សំអាត ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ជា​ញឹកញាប់​ណាស់​មកហើយ ដោយមាន​ឈ្នះ​-​ចាញ់​ទៅវិញទៅមក​។ សំងាត់​មួយរយៈ​នេះ ក៏​ស្រុតចុះ​ច្រើន​ដែរ ឯ កំពែង ខ្មៅ ក៏​មិនជា​ខ្លាំង​ណាស់ណា​ដែរ​ទេ​។ ការ​វ៉ៃ​ចេញ​របស់​សំអាត​រហ័ស​ជាង តែ​កំពែង​ខ្មៅ​ធ្ងន់​ជាង​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធ​កម្លាំង​ឆាប់​ស្រុតចុះ​ដូចគ្នា ហើយ​ពួកគេ​ក៏​សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា​ដែរ​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ សំអាត មានឱកាស​ឈ្នះ​ច្រើនជាង តែបើ​ហ៊ាន​មើលស្រាល​កំពែង ខ្មៅ​ក៏​អាច​នឹងមាន​គ្រោះថ្នាក់​បានដែរ​។​

​ពុទ្ធ ភា​រិ​ន ក្លិប​បាត់ដំបង​ពាយ័ព្យ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ឹ​ក ឈៀង ក្លិប​កលង​យោធពលខេមរភូមិន្ទ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម ។ សួន ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន ឃុន​ផែន ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​។ ធូ សារ៉េត ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​៕ ដោយ​៖ រ៉ូ​ហ្សា​