ផាយ ផេ ចាប់ផ្ដើម​ដំណើរការ​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ដោយ​មិន​ប្រើ​សាច់ប្រាក់

1278
ចែករម្លែក

(​ភ្នំពេញ)៖ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ អ្នកដើរ​ទិញ​ទំនិញ ក្នុង​រាជធានី​ភ្នំពេញ ប្រហែលជា​បានកត់សម្គាល់​ឃើញ​ស្តង់​ប្លែក​ជាច្រើន​កន្លែង ស្ថិតនៅ​ជាប់​នឹង​កន្លែង​គិតលុយ​ក្នុង​ហាង​ទំនិញ ភោជនីយដ្ឋាន និង​ទី​កម្សាន្ត​នានា​ជាច្រើនទូទាំង​រាជធានី ។​

​សម្គាល់​ដោយ​ឡូហ្គោ (logo) ពណ៌​ផ្កាឈូក ជាមួយនឹង​ពាក្យ​ថា ផាយ ផេ (Pi Pay) និង​បុគ្គលិក​វ័យក្មេង​ដែល​រួសរាយ​រាក់ទាក់ ស្ថិតក្នុង​ឯកសណ្ឋាន​អាវយឺត មាន​រចនា​ឡូហ្គោ​របស់​ក្រុមហ៊ុន​ផង​នោះ មានន័យថា ទីតាំង​ខាងលើ​នោះ ជាទី​កន្លែង​នាំមុខគេ​ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​កម្មវិធី​ទូទាត់​ការចំណាយ ដោយ​មិន​ប្រើ​សាច់ប្រាក់ដែល​ក្រុមហ៊ុន ផាយ ផេ មានបំណង​កែប្រែ​របៀបរបប​ក្នុងការ​ទូទាត់​ប្រាក់ និង​ការផ្ទេរ​ប្រាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ។

​ផាយ ផេ កំពុងតែ​បន្ថែម​ល្បឿន​ដើម្បី​ឆ្ពោះទៅរក​ការបើក​សម្ពោធ​ជា​សាធារណៈ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ជា​សាធារណៈ​សម្រាប់​កម្មវិធី​នេះ ។ ដូច្នេះ បុគ្គលិក​ជួរមុខ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បកស្រាយ​ចំពោះ​ចម្ងល់​នានា​របស់​សាធារណជន ។

​កម្មវិធី ផាយ ផេ នេះ ត្រូវបាន​ប្រើប្រាស់​សាកល្បង ដោយ​មនុស្ស​ជាង១០០០នាក់ តាមរយៈ​កូដ​អញ្ជើញ​ឲ្យ​ប្រើ​ជាពិសេស ។ នាពេលនេះ កម្មវិធី ផាយ ផេ អាច​ឲ្យ​មនុស្ស​គ្រប់គ្នា​ទាញយក​ដោយ​សេរី​ពី App Store ឬ Google Play បាន​ហើយ ។

​នៅពេលដែល​ទាញយក​កម្មវិធី​នេះ​រួចហើយ ការចុះឈ្មោះ​ដើម្បី​បើក​គណនី​ផាយ ផេ និង​បញ្ចូល​ឥណទាន មាន​ភាព​សម​ញ្ញ និង​ឆាប់រហ័ស ថ្វីដ្បិតតែ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​អតិថិជន​ថ្មី​ចាំបាច់​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​តាម​ខ្លួន នៅពេល​ចុះឈ្មោះ​ក្តី ។ ​កម្មវិធី​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​អាច​ជាវ​ទំនិញ​ដោយ​មិន​ប្រើ​សាច់ប្រាក់ និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​ផង នៅតាម​បណ្ដាញ​ហាង​ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​រោងកុន​នានា​កាន់តែ​ច្រើ​ឡើងៗ ដែល​ប្រើប្រាស់​ការទូទាត់​តាម​សេវា ផាយ ផេ នេះ ៕

ទីតាំង​អគារ ផាយ ផេ