ផា​មេ​ឡា ថា ជូ​លៀន អាសាញ នឹងមិន​អាចរ​ស់បាន​ឡើយ ប្រសិនបើ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​

947
ចែករម្លែក

​តារា​សម្តែង​ប្រែ​មកជា​សកម្មជន​សិទ្ធិមនុស្ស នាង ផា​មេ​ឡា អ៊ែន​ឌ័​រ​សុន បាន​ទៅសួរសុខទុក្ខ​ស្ថាបនិក​វេ​ប​សាយ Wikileaks លោក ជូ​លៀន អាសាញ នៅឯ​មន្ទីរឃុំឃាំង​យាមកាម​សន្តិសុខ​ខ្ពស់ Belmarsh នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា កន្លែង​ដែល​គាត់​កំពុង​ជាប់ឃុំ​នាពេល​បច្ចុប្បន្ន​ពីបទ​រំលោភ​លើ​លក្ខខណ្ឌ​ធានា​នៅក្រៅ​ឃុំ​កាលពី​ឆ្នាំ ២០១២​។​

​នាង​ផា​មេ​ឡា ដែល​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទៅសួរសុខទុក្ខ​ជន​ទម្លាយ​ដំណឹង​សម្ងាត់​រូបនេះ​នៅក្នុង​ពន្ធនាគារ​អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន TMZ ថា លោក ជូ​លៀន អាសាញ នឹងមិន​អាចរ​ស់បាន​ទេ​បើ​ធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋអាមេរិក​។

​អតីត​តារា​ក្នុង​រឿង Baywatch រូបនេះ ដែល​ធ្លាប់​ទៅសួរសុខទុក្ខ​អ្នកកាសែត​កើត​នៅ​អូស្ត្រាលី​រូបនេះ ខណៈដែល​គាត់​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ស្ថានទូត​អេក្វាទ័រ​នៅ​ទីក្រុង​ឡុង​ដ៍​នោះ មាន “​ការព្រួយបារម្ភ​យ៉ាងខ្លាំង​” ចំពោះ​គាត់ និង​សុខុមាលភាព​របស់គាត់ ហើយ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ខាងលើ​ថា “​យើង​កំពុងនិយាយ​អំពី​ការសង្គ្រោះ​ជីវិត​មនុស្ស​”​។​

​នាង​បាន​និយាយថា “​ការដែល​បានឃើញ​គាត់​នៅថ្ងៃនេះ​ជា​លើកដំបូង​…​ខ្ញុំ​គ្រាន់តែ​ដឹងថា​វា​ជា​រឿង​បន្ទាន់​ណាស់​ហើយ​វា​ពិតជា​សំខាន់​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ដឹងថា​គាត់​ជា​នរណា​ឱ្យ​ពិតប្រាកដ ហើយ​យើង​នឹងមិន​អនុញ្ញាតឱ្យ​គាត់​ត្រូវគេ​ធ្វើ​បត្យាប័ន​នោះទេ ពីព្រោះ​ខ្ញុំ​មិន​ជឿថា គាត់​នឹងមាន​សុវត្ថិភាព​នៅក្នុង​ដៃ​របស់​អាមេរិក​ឡើយ​។ យើង​ត្រូវតែ​រក្សា​គាត់​ឱ្យ​ស្ថិតនៅក្នុង​ក្រសែភ្នែក​សាធារណជន យើង​ត្រូវតែ​បន្ត​និយាយ​អំពី​រឿងនេះ ហើយ​យើង​ត្រូវតែ​ផ្តល់​ការគាំទ្រ​ឱ្យបាន​ច្រើន​តាម​ដែល​យើង​អាចធ្វើ​ទៅបាន​សម្រាប់​មនុ​ស្សម្នាក់​នេះ ដែល​គ្រាន់តែ​ព្យាយាម​ប្រាប់​យើង​ពី​ការពិត ដែល​យើងទាំងអស់គ្នា​សម​នឹង​ដឹង​”​។​

​បន្ទាប់ពី​ដំណើរ​សួរសុខទុក្ខ​ទៅកាន់​ពន្ធនាគារ​ក្រុង​ឡុង​ដ៍ Belmarsh ដែល​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​កាលពី​ថ្ងៃ​អង្គារ កន្លែង​ដែល​លោក​អាសាញ​កំពុង​ត្រូវបាន​ឃុំឃាំង​នោះ នាង​អ៊ែន​ឌ័​រ​សុន​រួមជាមួយ​និពន្ធ​នាយក​របស់​វេ​ប​សាយ WikiLeaks គឺ​លោក​គ្រីស្ទី​ន ហឺ​រ៉ា​ហ្វ​សុន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជូ​លៀន​គឺជា​ជនស្លូតត្រង់​និង​មិន​សម​ជាប់ពន្ធនាគារ​តឹងរ៉ឹង​ដូច្នេះ​ទេ​។​

​ផា​មេ​ឡា​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ស្ថានភាព​ដ៏​គួរឱ្យ​រន្ធត់​ដែល​អាសាញ​ត្រូវ​រស់នៅ ដោយ​គាត់​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ពី​ពិភពលោក​ទាំងមូល មិនអាច​និយាយ​ទៅកាន់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់គាត់​បានឡើយ​។​

​ផា​មេ​ឡា អ៊ែន​ឌ័​រ​សុន និយាយថា “​យើង​គ្រាន់តែ​ត្រូវ​បន្ត​តស៊ូ ព្រោះ​វា​មិន​យុត្តិធម៌​ទេ គាត់​បាន​លះបង់​ច្រើនណាស់​ដើម្បី​លាតត្រដាង​ការពិត ហើយ​យើង​សម​នឹង​ដឹង​ការពិត​។ ហើយ​នោះ​ជា​អ្វីដែល​ខ្ញុំ​អាចនិយាយបាន​”​។​

​កាលពី​ថ្ងៃទី ២ ខែឧសភា តុលាការ​ទីក្រុង​ឡុង​ដ៍​បាន​កាត់ទោស​លោក​ជូ​លៀន អាសាញ ជាប់ពន្ធនាគារ​រយៈពេល ៥០ សប្ដាហ៍​ពីបទ​រំលោភ​លក្ខខណ្ឌ​ធានា​ក្រៅ​ឃុំ​របស់គាត់​ដោយ​លួច​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ស្ថានទូត​អេក្វាទ័រ​នៅ​ឆ្នាំ ២០១២​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បានឱ្យដឹងថា លោក​អាសាញ​អាច​នឹង​ប្រឈម​ជាប់គុក​អស់​មួយជីវិត ឬ ប្រហារជីវិត ប្រសិនបើ​ត្រូវបានធ្វើ​បត្យាប័ន​ពី​អង់គ្លេស​ទៅ​សហរដ្ឋអាមេរិក​៕ ដោយ៖ កញ្ញាដាលីស

នាង​ផា​មេ​ឡា ថា​អាសាញ​នឹងមិន​រស់​ទេ បើ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក