ផូ​ល ប៉ុក​បា ប្តេជ្ញា​លើក​ពាន FA Cup ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​ឈ្នះ ក្រុម​ឆេ​ល​ស៊ី​

447
ចែករម្លែក

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) របស់​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​ត្រូវបាន​ជំរុញ​ទឹកចិត្ត ដោយសារ​បរាជ័យ​និង​ការខកខាន​មិនបាន​លើក​ពាន​កាលពី​រដូវ​កាល​មុន​។

​ខ្សែបម្រើ​ម្ចាស់​ពាន​វើ​ល​ខាប់​រូបនេះ​ខកចិត្ត​នៅពេល​ប្រកួត​ចាញ់​ក្រុម​យក្ស​បារាំង PSG កាលពី​សប្តាហ៍​មុន ហើយ​វា​ជា​បរាជ័យ​លើកដំបូង​ក្រោម​ការដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ។ កីឡាករ​រូបនេះ រីករាយ​នឹង​ការឆ្លើយតប​ចំពោះ បរាជ័យ​នេះ ដោយ​យកឈ្នះ​ក្រុម​ឆេ​ល​ស៊ី ២-០ កាលពី​យប់​ថ្ងៃ​ច័ន្ទ​ក្នុង​ក្របខណ្ឌ FA Cup ។

​ប៉ុក​បា បាន​និយាយថា “​ការ​ចាញ់​១​ប្រកួត បន្ទាប់ពី​លេង​១១​ប្រកួត​ដោយ​អត់​ចាញ់​សោះ​នោះ គឺជា​ការឈឺចាប់ ហើយ​ពិត​ជាមាន​អារម្មណ៍​មិន​ស្រណុកចិត្ត​ទេ ដូច្នេះ​អ្នក​មិន​ចង់​ឲ្យ​មានរឿង បែបនេះ​កើតមាន​ជាថ្មី​ទេ​”​។

​ក្រុម​យូ​ណាយ​ធី​ត​ដែល​ធ្លាប់​ចាញ់​ក្រុម​ឆេ​ល​ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ FA Cup កាលពី​រដូវ កាល​មុន​នោះ នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម វូ​ល​វេស​(Wolves)​ក្នុង​ប្រកួត​វគ្គ​៨​ក្រុម ចុងក្រោយ​។

​ប៉ុក​បា បាន​និយាយថា “​ការប្រកួត​ទាំងអស់​សុទ្ធតែ​សំខាន់​។ យើង​ចង់​ឈ្នះ​អ្វីមួយ​។ ឆ្នាំមុន​យើង មិនបាន​ឈ្នះ​ពាន​ណាមួយ​ទេ ហើយ​ខ្ញុំ​នៅចាំ​បាន​។ នៅ​ឆ្នាំនេះ យើង​ចង់​ឈ្នះ​ពាន​”​។

​ប៉ុក​បា ធ្វើ​បានល្អ អំឡុង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដោយ​បង្កើត​ឱកាស ឲ្យ​កីឡាករ អែន​ដឺ ហឺ​រ៉េ​រ៉ា (Ander Herrera) រកបាន​គ្រាប់​បាល់​បើកឆាក​និង​តែ​ត​ចូល មួយ​គ្រាប់​ដោយ​ខ្លួនឯង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)