ផូ​ល ប៉ុក​បា ប្រាប់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា ចង់​ចាកចេញ​

1087
ចែករម្លែក

ផូ​ល ប៉ុក​បា (Paul Pogba) បាន​ប្រាប់​មិត្ត​រួម​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា ខ្លួន​អន្ទះសា ចង់​ចាក​ចេញពី​ពហុកីឡាដ្ឋាន Old Trafford ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Barcelona ។​
​ ​
​ប៉ុក​បា បាន​ប្រាប់​កីឡាករ​និង​ក្រុមការងារ​បង្វឹក​ដឹង​ពី​បំណង​ថា ខ្លួន​ចង់​ឲ្យ ក្លឹប​យូ​ណាយ​ធី​ត លក់​ចេញ រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ចាកចេញ​ពី Juventus មក​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​៨៩​លាន​ផោន​។​
​ ​
​គេ​ជឿថា ខ្សែបម្រើ​បារាំង​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​ផ្ញើ​សារ​ទៅ​លោក អេ​ដ វូដ​វើដ (Ed Woodward) នាយករង​ប្រតិបត្តិ​របស់​យូ​ណាយ​ធី​ត​ពី​បំណង​របស់ខ្លួន បើទោះបីជា​ក្លឹប​នេះ​មិន​ចង់​លក់​ក៏ដោយ​។​
​ ​
​យូ​ណាយ​ធី​ត​បាន​បញ្ជាក់ថា ប៉ុក​បា មិនមែន​សម្រាប់​លក់​ទេ រយៈពេល​ពីរ​ថ្ងៃ មុនពេល​ក្រុម​របស់ លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចាប់ផ្តើម​ការប្រកួត​ជាមួយ​ក្រុម Leicester សម្រាប់​រដូវ​កាល​ថ្មី​។
​ពួកគេ​នឹងមាន​ឱកាស​តិចតួច​ក្នុង​ការរក​កីឡាករ​មក​ជំនួស​មុនពេល​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ ​
​នៅពេលនេះ យូ​ណាយ​ធី​ត​ប្រឈមមុខ​នឹង​ការរក្សា​ទុក​កីឡាករ​ដែល​មិន​សប្បាយចិត្ត ហើយ​ដែល គ្រោង​ទទួលបាន​ប្រាក់​ឈ្នួល​គោល​៩,៦២​លាន​ផោន​នៅ​រដូវ​កាល​នេះ បូករួម​ប្រាក់​លើកទឹកចិត្ត ចំពោះ​ភាពស្មោះត្រង់​៣,៧៨​លាន​ផោន​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)