ផែនការ​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ដើម្បី​សម្លាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​បរាជ័យ​

208

​បុរស​ម្នាក់​ត្រូវបាន​បង្គាប់​ឱ្យ​ឃុំខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​៦​ធ្នូ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ផែនការ​ធ្វើឃាត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉ា​សា មេ​។​

​បុរស​ឈ្មោះ ណា​អៃ​មួ ហ្សាការីយ៉ា រ៉ា​ម៉ាន់ (Naaimur Zakariyah Rahman) អាយុ ២០ ឆ្នាំ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​តុលាការ​វេស​មីន​ស្ទើរ ម៉ា​ជី​ស្ត្រេ​។​

​ផែនការ​ធ្វើឃាត​នោះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កប់​គ្រាប់បែក​មួយ​នៅ​ជិត​ច្រកចេញ​នៅលើ​ផ្លូវ​ដោ​ន​នី​ង ហើយ​បន្ទាប់មកទៀត​គឺ​បន្ត​ការវាយប្រហារ​ដោយ​កាំបិត​និង​អាវ​បំពាក់​គ្រាប់បែក​អត្តឃាត ក្នុង​គោលបំណង​សម្លាប់​មេដឹកនាំ​អង់គ្លេស​រូបនេះ​។​

​ប៉ូលិស​បាន​និយាយថា​លោក​រ៉ា​ម៉ាន់​បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​ទីក្រុង​ឡុង​ដ៍​នេះ​រួមជាមួយ​លោក​ម៉ូ​ហា​ម៉េ​ត អា​គីប អ៊ី​ម​រ៉ា​ន់ (Mohammed Aqib Imran) អាយុ ២១ ឆ្នាំ​មកពី​ទីក្រុង​បឺ​មីង​ហ៊ែ​ម ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្យាយាម​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​បុរស​ទាំងពីរ​នាក់ ដែល​ទទូចថា​ពួកគេ​នឹងមិន​សារភាព​ទោស​នោះ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​រហូតដល់​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​នៅ​តុលាការ​ជា​លើក​ទី​២​នៅ​ថ្ងៃទី ២០ ខែធ្នូ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉ា​សា មេ