ផែនការ ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ពេលយប់​នៅ​ភ្នំពេញ ក្នុង​រយៈពេល​បី​ខែ​ចុងឆ្នាំ​នេះ​

725
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានដាក់​ចេញ​នូវ​គោលការណ៍ ដឹកនាំ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ពេលយប់ នៅក្នុង​រាជធានី​ភ្នំពេញ​។ វិធានការ​រឹតបន្តឹង​នេះ អនុវត្តតាម​ផ្លូវជាតិ​សំខាន់ៗ ចេញចូល​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ថ្ងៃទី​០១ ខែតុលា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។​

សកម្មភាព​របស់​ប៉ូលិស​ចរាចរណ៍​(​រូបថត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​)

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ខេង បានលើកឡើង​ក្នុង​លិខិត​ជូន​អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ ថា “​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ពិសេស​ចំពោះ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង នៅពេល​យប់ សំដៅ​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរ ដោយសារ​អ្នកបើកបរ​យ​យ​យានយន្ត​មាន​ជាតិ​ស្រវឹង នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ ( ខែតុលា វិច្ឆិកា និង​ខែធ្នូ ) ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី និង​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើក បរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ពេលយប់ នៅ​រាជធានី​ភ្នំពេញ​”​។​

​លោកស្នងការ ស ថេត បាន​បញ្ជាក់ថា “​ការត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ពេល យប់ នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើឡើង​មួយ​យប់ ត្រួតពិនិត្យ ៧​គោលដៅ ដែល​ក្នុងនោះ មាន​កម្លាំង​ប៉ូលិស​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ១​គោលដៅ និង​ខណ្ឌ ៦​គោលដៅ ដោយ​ផ្លាស់ប្តូរ​វិលជុំ ១​យប់ ៦​ខណ្ឌ​”​។​
​ជាមួយនឹង​លិខិត​ជូនដំណឹង​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ជូន​ភ្ជាប់​មកជា​មួយ​នូវ​កម្មវិធី និង​គោលដៅ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ចំពោះ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​ពេលយប់ នៅ​រាជធានី​ភ្នំពេញ ប្រចាំត្រីមាស​ទី​៤ ឆ្នាំ​២០១៨​។ កម្មវិធី និង​គោលដៅ​នេះ បានកំណត់​ពី​គោលដៅ​ត្រួតពិនិត្យ អង្គភាព ថ្ងៃ​ចុះ​ត្រួតពិនិត្យ នៅ​ខែតុលា ខែវិច្ឆិកា និង​ខែធ្នូ រៀងរាល់​យប់ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែតុលា​តទៅ​។​

​ក្នុងនោះ គ្រប់​ផ្លូវជាតិ​ចេញចូល​រាជធានី​ភ្នំពេញ ទាំង ៦​ខ្សែ ចាប់ពី​ផ្លូវជាតិ​លេខ​១ ដល់​ផ្លូវជាតិ​លេខ​៦ មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ្នកបើកបរ​យានយន្ត​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង នៅពេល​យប់ រួមទាំង​គោលដៅ​នៅតាម​មហាវិថី និង​ផ្លូវធំៗ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ក៏មាន​ប៉ូលិស ដាក់​របាំង ត្រួតពិនិត្យ​នៅពេល​យប់​ដែរ​។​

​ការពិន័យ​អន្តរការណ៍ ចំពោះ​បទល្មើស នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា ១១ ស្តីពី អ្នកបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ចែងថា “​ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន ស្ថិតនៅក្នុង​ភាពស្រវឹង ដោយមាន​ជាតិ​អាកុល ចាប់ពី ០,៤០ mg/l ខ្យល់ ឬ​ចាប់ពី ០,៨០ g/l ឈាម​ឡើងទៅ ត្រូវ​ពិន័យ​ជា​ប្រាក់ រួម មាន​៖ ២០​ម៉ឺន​រៀល សម្រាប់​អ្នកបើកបរ​ម៉ូតូ ឬ​ម៉ូតូ​កង់​បី ឬ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​។ ពិន័យ ៤០​ម៉ឺន​រៀល សម្រាប់​យានយន្ត​ធុន​ស្រាល និង​ពិន័យ ៨០​ម៉ឺន​រៀល សម្រាប់​យានយន្ត​ធុន​ធ្ងន់​។​

​ច្បាប់​ដដែល បាន​កំណត់ថា ក្នុងករណី ដែល​ជនល្មើស ធ្លាប់​ទទួលរង​ការពិន័យ​ម្តង​រួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ តល្មើស​ទៀត ក្នុងកំឡុងពេល ៦​ខែ ចាប់​គិតពី​ការពិន័យ​អន្តរការណ៍​លើក​មុន ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ កាន់​តុលាការ ដែល​បទល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨០​ម៉ឺន​រៀល ទៅ ៤​លាន​រៀល​៕SRN

​ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរ​នេះ​ពេល​កន្លងទៅ​(​រូបថត​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​)