ផែន​ការធ្វើ​បដិវត្តន៍​ផ្តួលរំលំ​បក្ស​កុម្មុយនីស្ត​កម្ពុជា​

ដកស្រង់​ចេញពី​ឯកសារ​ចម្លើយសារភាព​លេខ​D១៣៤៣៨

1021
ចែករម្លែក

ដោយ :​ផាត ចាន់​សុ​និ​តា បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ខ្ញុំបាទ​ឈ្មោះ ឥន សារ៉ុន ហៅ ថុល មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ចំបក់​ពាម ឃុំ​ស្វាយរៀង ស្រុក​ប្រសូត្រ តំបន់​២៣​។ ខ្ញុំ​មាន​អាយុ​២៧​ឆ្នាំ (​នៅ​ឆ្នាំ​១៩៧៨)​។ នៅ​ឆ្នាំ​១៩៦៣ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៥ នៅ​វិទ្យាល័យ​កំពង់​រោទ៍​។ ក្រោយមក​ដោយសារ មាន​រដ្ឋប្រហា​នៅ​ថ្ងៃទី​១៨ មីនា ឆ្នាំ​១៩៧០ ខ្ញុំ​ក៏បាន​ឈប់រៀន ហើយ​ចូលធ្វើ​បដិវត្តន៍ ជាមួយ​ខ្មែរក្រហម​។ អំឡុង​ពេលនោះ ឈ្មោះ សូ ដែលជា​លេខា​តំបន់​២៣ បាន​ចាត់ តាំង​ខ្ញុំ​ឲ្យ​ទៅធ្វើជា​កងការពារ​នៅ​មន្ទីរ​ស្រុក​។ ក្រោយមក សូ បាន​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ចូល សេ​.​អ៊ី​.​អា ដោយ​លើកឡើង​ពី​ការលំបាក​នៃ​ការ​ធ្វើវ​ដិ​វត្ត​ន៍ ដែលមាន​ភាពអន់ថយ​ជាង សង្គមចាស់​។ នៅ​ខែធ្នូ ឆ្នាំ​១៩៧០ សូ ក៏បាន​បញ្ចូល​ខ្ញុំ​ជា សេ​.​អ៊ី​.​អា ជាមួយ យ៉ាន បច្ចុប្បន្ន ប្រធាន​ពេទ្យ តំបន់​២៣, សំអឿន សមាជិក​ស្រុក​, សាត យុទ្ធជន​ប្រធាន​វរ​សេនា ធំ​១១២ តំបន់​២៣​។ អំឡុង​ពេលនោះ ខ្ញុំ​មាន​ភារកិច្ច​ជា​នីរសារ​សម្រាប់​ទាក់ទង​ខ្សែ សេ​.​អ៊ី​.​អា​។

វត្ត​បឹង​រ៉ៃ ស្ថិត​ក្នុងស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​ត្រូវបាន​ខ្មែរក្រហម​ជ្រើសរើស​ធ្វើជា​មន្ទីរ​សន្តិសុខ សម្រាប់​ឃុំឃាំង​អ្នកទោស​។​

​បន្ទាប់ពី​ខ្មែរក្រហម​ឡើង​គ្រប់គ្រង​អំណាច​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ សូ បាន​បើក​កិច្ចប្រជុំ​ផែនការ​ជាមួយ​ខ្សែបណ្តាញ​ក្នុង​ក្រុម នៅផ្ទះ​របស់គាត់​ដែលមាន កង​ការ ពារ​មួយក្រុម​នៅចាំ​យាមល្បាត​។ ក្រោយពី សូ បាន​ណែនាំ​រួច ខ្ញុំ​បាន​ពិភាក្សា ជាមួយ​សមាជិក​ក្រុម​ដើម្បី​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​។ ក្រុម​ខ្ញុំ​បាន​លួចលាក់​ស្រូវ ២.០០០ ថាំង នៅក្នុង​ជង្រុក​ស្រូវ​របស់​តំបន់​២៣ ដោយ​មិន​រាយការណ៍​ឲ្យ​អង្គការ​បានដឹង​ឡើយ​។

ក្រៅពីនេះ ខ្ញុំ​បាន​លាក់​សាំង​២០​ពុ​យ នៅ​ឃ្លាំង​ពាណិជ្ជកម្ម​តំបន់​២៣ ដើម្បី​ទុក​ត្រៀម ធ្វើ​រដ្ឋប្រហារ​បក្ស​កុម្មុយនីស្ត​កម្ពុជា នៅ​ដើមឆ្នាំ​១៩៧៦​។ ។ ក្រុម​ខ្ញុំ​បាន​លួច​លក់​ស្រូវ​ទៅ ឲ្យ​យួន​១.០០០​បាវ នៅ​ដើមឆ្នាំ​១៩៧៦​។ ក្រោយមកទៀត ក្រុម​ខ្ញុំ​ក៏បាន​ធ្វើ​វិច្ឆេទកម្ម​លួច ដុត​ស្រូវ​នៅតាម​ព្រំដែន​អស់​ចំនួន​២០​ហិកតា និង​បាន​លួចលាក់​ស្រូវ​បាន​១.៥០០​បាវ បន្ថែមទៀត​នៅ​ជង្រុក​ស្រូវ​របស់​ឃុំ​ត្រពាំង​លាច ស្រុក​កំពង់​រោទ៍​។

​ក្រុម​របស់ខ្ញុំ​បាន​លួច ធ្វើ​សកម្មភាព​បែបនេះ​ជាច្រើនលើក​ច្រើនសារ​។ សូ បាន​បញ្ជា​ឲ្យ​សមាជិក​នៅក្នុង​ក្រុម ទាក់ទង​ជាមួយ​វៀតណាម ដើម្បី​ត្រៀមខ្លួន​ធ្វើ​រដ្ឋប្រហារ​នៅ​ខែមេសា ឆ្នាំ​១៩៧៦​។ នៅ ខែមីនា ឆ្នាំ​១៩៧៦ ក្រុម​ខ្ញុំ​បាន​ប្រជុំ ដោយបាន​លើក​ផែនការ ដូចជា ជ្រើសរើស កម្លាំង​ចេញពី​អ្នក​ដែល​មិន​ពេញចិត្ត​ចំពោះ​បដិវត្តន៍​, ផែនការ​លួចលាក់​ស្បៀង និង​លក់ ស្បៀង​ទៅ​ឲ្យ​វៀតណាម​, ផែនការ​លួច​បំផ្លាញ​សេដ្ឋកិច្ច​អង្គការ និង​ផែនការ​លួច​បាញ់ សម្លាប់​កម្មាភិបាលបដិវត្តន៍​។

​នៅ​ខែឧសភា ឆ្នាំ​១៩៧៦ សូ បាន​ប្រមូល​បក្ខពួក​ទាំងអស់​មក​ប្រជុំ ដោយបាន លើកឡើង​ពី​ផែនការ​បន្តធ្វើ​រដ្ឋប្រហា​រ​។ នៅក្នុង​ផែនការ​នេះ​ត្រូវ​ត្រៀម​ស្បៀង គ្រាប់រំសេវ និង​ឡាន​សម្រាប់​ដឹកជញ្ជូន​។ ជាពិសេស សូ បាន​ឲ្យ​សមាជិក​ត្រៀម​សព្វាវុធ​សម្រាប់ ធ្វើ រដ្ឋប្រហារ ព្រមទាំង​ទាក់ទង​ជាមួយ​វៀតណាម​ជា​កម្លាំង​ជំនួយ​។ មួយវិញទៀត សូ បាន​ឲ្យ បង្កប់​គ្រាប់មីន​តាម​ថ្នល់ ដើម្បី​កម្ទេច​ឡាន​យោធា​ខ្មែរក្រហម ហើយ សូ ក៏បាន ចាត់តាំង​ឲ្យ​បក្ខពួក​លួច​បាញ់សម្លាប់ និង​បំពុល​កម្មាភិបាល​ខ្មែរក្រហម​។

​នៅ​ចុងខែ​មករា ឆ្នាំ​១៩៧៨ សូ បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​រៀបចំ​កម្លាំង​ការពារ​១០​នាក់ ដើម្បី​ជូន សូ ទៅ​ប្រជុំ​ផែន​ការណ៍​ជាមួយ​វៀតណាម ក្នុងផ្ទះ​សម្ងាត់​របស់ សូ នៅក្នុង​ឃុំ​ត្រពាំង​លាច ស្រុក​កំពង់​រោទ៍​។ ពេលនោះ ខ្ញុំ​ក៏បាន​ណែនាំ ថុ​ន មេក្រុម​កងការពារ​ម​ន្ទីរ​តំបន់​២៣ ឲ្យ​យក​កម្លាំង​ក្នុង​ក្រុម​ទាំងអស់​មក​យាម​ការពា​រ​។ សមាសភាព​ប្រជុំ​ពេលនោះ​ខាង​យួន​មាន បៃ​កាវ ហុក និង​ម្នាក់ទៀត​ខ្ញុំ​មិន​ស្គាល់ឈ្មោះ​មាន​តួនាទី​ជា​ប្រធាន​យោធា​ខេត្ត​តៃនិញ​។ ចំណែក​ខ្មែរ​មាន សូ លេខា​តំបន់​២៣, គួ​ន អនុ​លេខា​តំបន់​២៣, កែវ សំណាង ហៅ ម៉ុ​ន ប្រធាន​សេនាធិកា​យោធា​ភូមិភាគ​បូព៌ា​, ឆែម ប្រធាន​សេនាធិការ​យោធា​តំបន់​២៣, ស៊ែ​ល​ប្រធាន​កងពល​តំបន់​២៣, សាម៉ន​, ផន​, ថា​ន់ និង ម៉ាន​។

​កិច្ចប្រជុំ​នេះ​ស្តីអំពី ការរៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​បក្ស​កុម្មុយនីស្ត​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៨​។ តាមរយៈ​កិច្ចប្រជុំ​នេះ​ខ្ញុំ​បានដឹង​អំពី​ផែនការ​របស់​វៀតណាម​ក្នុងការ​វាយលុក​ខ្មែរក្រហម និង​ផែនការ​ត្រៀមខ្លួន​ធ្វើ​រដ្ឋប្រហារ​របស់​បក្ខ​ពួក​ខ្ញុំ ក្នុងការ​ផ្តួលរំលំ​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ ក្នុងនោះ​វៀតណាម​បាន​លើកយក​មុខព្រួញ​២​ជាសំខាន់ ៖ មុខព្រួញ​ទី​១) គឺ ចូលមក​បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ហើយ​មកជួប​គ្នា​ជាមួយ​ក្រុម​ខ្ញុំ​នៅ​ស្រុក​ប្រសូត្រ​។ មុខព្រួញ​ទី​២) គឺ មាន​គោលដៅ​វាយយក​ទីក្រុង​ស្វាយរៀង​ឲ្យ​បាន​។

ចំពោះមុខ​ព្រួញ​នីមួយៗ​វៀតណាម​យក​កងទ័ព​ស្រួច​មជ្ឈិម​បក្ស​របស់​ប្រទេស​វៀតណាម​មួយ​កងពល មក​ធ្វើជា​កម្លាំង​ស្នូល ហើយ​ឲ្យ​កងទ័ព​ខេត្ត​តា​យ​និ​ញ និង​ឡុង​អាន​ជួយ​ជា​កម្លាំង​បន្ថែម​។ នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​១៩៧៨ គណៈ​យោធា​ខេត្ត​តៃនិញ បាន​សួរ​អំពី​សភាពការណ៍​យោធា​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ទាក់ទង​នឹង​ចំនួន​កម្លាំង​ទ័ព ប្រភេទ​អាវុធ និង​រថក្រោះ​នៅតាម​ព្រំដែន និង​នៅ​ក្រុង​ស្វាយរៀង​។

ខាង​វៀតណាម​ចង់ដឹង​អំពី​ផែនការ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ថា នឹង​វាយលុក​ទៅលើ​ប្រទេស​វៀតណាម​ថ្ងៃ​ណា​? តាមរយៈ​ការណែនាំ​របស់ សូ ខ្ញុំ​ក៏បាន​រាយការណ៍​ប្រាប់​ទៅខាង​វៀតណាម​វិញ​ថា កងកម្លាំង​ទ័ព​របស់​មជ្ឈិមបក្ស​កុម្មុយនីស្ត​កម្ពុ​ជាមាន​ចំនួន​ច្រើន មាន​រថក្រោះ​១០​គ្រឿង មាន​កាំភ្លើង​ធំ​ច្រើន ហើយ​កងទ័ព​ស្រួច​រប​ស់​អង្គការ​ខ្មែរក្រហម​អូស​កាំភ្លើង​១៣០​ចល័ត​ជាប់​រហូត ដោយ​មិន​នៅតែ​មួយកន្លែង​ទេ​។ ចំណែក​សភាពការណ៍​ខាងក្នុង​ខ្សែបណ្តាញ​របស់​ក្រុម​ខ្ញុំ​កំពុងតែ​ត្រូវបាន​អង្គការ​ស្រាវជ្រាវ​តាមដាន និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។

​ដូច្នេះ​ការរៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​បក្ស​កុម្មុយនីស្ត​កម្ពុជា ពិតជា​មានការ​លំបាក​។ បើទោះបីជា​លំបាក​យ៉ាងណាក៏ដោយ បក្ខពួក​ខ្ញុំ​នឹង​ខិតខំ​អនុវត្តន៍​ផែន​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៨ ខាងមុខនេះ ឲ្យ​បានសម្រេច​។

ព្រះវិហារ វត្ត​បឹង​រ៉ៃ ស្ថិត​ក្នុងស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​ត្រូវបាន​ខ្មែរក្រហម​ជ្រើសរើស​ធ្វើជា​មន្ទីរ​សន្តិសុខ សម្រាប់​ឃុំឃាំង​អ្នកទោស​។​

​ខាង​ខ្ញុំ​ស្នើសុំ​ខាង​វៀតណាម​ជួយផ្តល់​ជា​កម្លាំង និង​អាវុធ ដើម្បី​ត្រៀមខ្លួន​ធ្វើ​រដ្ឋប្រហារ​។ បន្ទាប់ពី​ខ្ញុំ​បាន​រាយការណ៍​ហើយ វៀតណាម​ក៏បាន​ឲ្យ​ត្រៀម​រៀបចំ​សម្ភារ កម្លាំង ស្បៀង និង​ឧបករណ៍​ដឹកជញ្ជូន​សម្រាប់​អនុវត្ត​ផែនការ​។ ក្រោយមក នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ដដែល សូ បាន​ឲ្យ​ខ្ញុំ និង ថា​ន់​ប្រធាន​កងការពារ ដឹក​អាវុធ​ចំនួន​២​ឡាន​ទៅ​ឲ្យ​វៀតណាម ក្នុងនោះ​មាន​កាំភ្លើង​បេ​៤០, បេ​៤១, ដេ​កា​៧៥, ដេ​កា​៨២ និង​កាណុង​១២០​មី​លី​ម៉ែត្រ​។ ចុងខែ​កុម្ភៈ ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ខ្ញុំ​បាន​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​តំបន់​២៣ រហូតដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៧៨​។

​សូ ត្រូវបាន​អង្គ​ការដក​ឲ្យ​ទៅធ្វើជា​លេខា​តំបន់​២៤ ហើយ​គាត់​ក៏បាន​នាំ​ខ្ញុំ​ទៅជា​មួយ​ដែរ​។ ខ្ញុំ​ទៅ​នៅ​ជាមួយ សូ បាន​៤​ថ្ងៃ អង្គការ​បាន​ចាប់ខ្លួន សូ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៧៨​។ ក្រោយពី​ការចាប់ខ្លួន សូ បាន​មួយថ្ងៃ អង្គការ​ក៏បាន​ចាប់ខ្លួន​ខ្ញុំ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​១៩៧៨​។​

​កំណត់ចំណាំ​៖ រាល់​ចម្លើយសារភាព​របស់​អ្នកទោស​ទាំងអស់​ដែល​ជាប់ឃុំ​ឃាំង​នៅ​មន្ទីរ​សន្តិសុខ​ស​-២១ សុទ្ធតែ​ឆ្លងកាត់​ការបង្ខិតបង្ខំ និង​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​កង​សួរចម្លើយ​របស់​ខ្មែរក្រហម ដូច្នេះ​យើង​មិនអាច​សន្និដ្ឋាន​បានឡើយ​ថា ចម្លើយ​របស់ ឥន សារ៉ុន ហៅ ថុល នេះ​ពិត​ឬ​យ៉ាងណា​នោះទេ​៕ ល​

#