ផ្កាយរណប​អ៊ីរ៉ង់​មិនអាច​ចូលទៅ​ដល់​ដង​តារាវិថី ក្នុង​ការបាញ់​បង្ហោះ​មួយ​ដែល​អាមេរិក​រិះគន់

490
ចែករម្លែក

​រ៉ុក្កែត​ផ្ទុក​ផ្កាយរណប​របស់​អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ​ទៅ​ទី​អវកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា ប៉ុន្ដែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខកខាន​ដាក់​វា​ចូលទៅក្នុង​ដង​តារាវិថី នៅក្នុង​ការបាញ់​បង្ហោះ​មួយ​ដែល​សហរដ្ឋអាមេរិក​រិះ​គន់​ថា​នឹង​ជួយ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​។​

​បន្ទាប់ពី​ការបាញ់​បង្ហោះ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេ​វ​បាន​និយាយ​ចោទប្រកាន់​ម្តង​ហើយ​ម្តង​ទៀតថា កម្មវិធី​អវកាស​របស់​អ៊ីរ៉ង់​អាច​នឹង​ជួយ​អ៊ីរ៉ង់​អភិវឌ្ឍ​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ដីគោក​សហរដ្ឋអាមេរិក ដែលជា​ការរិះគន់​មួយ​កើតឡើង​ចំពេល​រដ្ឋបាល​ត្រាំ​កំពុងមាន​យុទ្ធសាស្ត្រ​ជា​អតិបរិមា​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​

​អ៊ីរ៉ង់​ដែល​និយាយ​ជា​យូរ​មកហើយ​ថា​ខ្លួន​មិនដែល​ស្វះស្វែង​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ បាន​អះអាងថា ការបាញ់​បង្ហោះ​ផ្កាយរណប​និង​រ៉ុក្កែត​របស់ខ្លួន​មិនមាន​សមាសធាតុ​យោធា​ទេ​។ ក្រុង​តេ​ហេ​រ៉ង់​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​មិនបាន​បំពាន​លើ​សេចក្តីសម្រេចចិត្ត​ណាមួយ​របស់​អង្គការសហប្រជាជាតិ ដែល “​អំពាវនាវ​” កុំឱ្យ​អ៊ីរ៉ង់​ធ្វើការ​សាកល្បង​របៀបៗ​នេះ​ទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក​ផ​ម​ផេ​វ​បាន​និយាយថា យាន​ដែល​អ៊ីរ៉ង់​ព្យាយាម​ដាក់ចូល​ទៅក្នុង​ដង​តារាវិថី​គឺ​ប្រើ​បច្ចេកវិជ្ជា ដែល​ស្ទើរតែ​ដូចគ្នា​និង​អាច​ដោះ​ប្តូរ​បាន​ជាមួយនឹង​បច្ចេកវិជ្ជា​ដែល​ប្រើ​ក្នុង​មី​ស៊ី​ល​ឆ្លង​ទ្វីប រួមបញ្ចូល​ទាំង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ផងដែរ​”​។ លោក​បាន​និយាយថា​សហរដ្ឋអាមេរិក​កំពុងធ្វើការ​ជាមួយ​ដៃគូ​របស់ខ្លួន​ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​រួមទាំង​កម្មវិធី​មី​ស៊ី​ល​ដែល​គំរាមកំហែង​ដល់​តំបន់​អឺរ៉ុប​និង​មជ្ឈិមបូព៌ា​។​

​រដ្ឋមន្ត្រី​ទូរគមនាគមន៍ ម៉ូ​ហា​ម៉ាត់ ចា​វ៉ា​ត់ អា​ហ្សា​រី ចា​រ៉ូ​មី បាន​និយាយថា រ៉ុក្កែត​ផ្ទុក​ផ្កាយរណប Payam មិនបាន​សម្រេចបាន​នូវ “​ល្បឿន​ចាំបាច់​” នៅក្នុង​ដំណាក់កាល​ទី ៣ នៃ​ការបាញ់​បង្ហោះ​របស់ខ្លួន​នោះទេ​។​

​លោក​ចា​រ៉ូ​មី​បាន​និយាយថា រ៉ុក្កែត​នេះ​បាន​ឆ្លងកាត់​ដំណាក់កាល​ទី ១ និង​ទី ២ របស់ខ្លួន​ដោយ​ជោគជ័យ មុនពេល​មាន​បញ្ហា​នៅ​ដំណាក់កាល​ទី​៣​។ នេះ​បង្ហាញថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​បន្ទាប់ពី​រ៉ុក្កែត​នេះ​បាន​រុញ​ផ្កាយរណប​ចេញពី​បរិយាកាស​ផែនដី​។ លោក​មិនបាន​បរិយាយ​លម្អិត​អំពី​អ្វីដែល​បណ្តាលឱ្យ​បរាជ័យ​នោះទេ ប៉ុន្តែ​បាន​សន្យាថា​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់​នឹង​បន្តការងារ​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បង្ហាញ​ការបាញ់​បង្ហោះ​យាន​រ៉ុក្កែត​ដឹក​ផ្កាយរណប Payam កាលពី​ថ្ងៃទី​១៥​មករា​២០១៩