ផ្កា​កែវ​និង​តារា​បួន​ដួង​ខំ​យ៉ាងខ្លាំង​ទៅ​តំបន់​ដាច់ស្រយាល​ខេត្តពោធិ៍សាត់​ជូន​សម្ភារៈ​សិក្សា​ឱ្យ​ក្មេងៗ​

365
ចែករម្លែក

ដោយ​: បូ​រិ​ន​
​ភ្នំពេញ​:
ថៅកែ​ស្រី​មជ្ឈមណ្ឌល​ថែរក្សា​សម្រស់ “​ផ្កា​កែវ​” ព្រមទាំង​តារា​ល្បីៗ​បួន​ដួង កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ បាន​ប្រមូលគ្នា​ទាំង​ក្រុមគ្រួសារ និង ដៃ​មិត្ត​ភ័ក្ត្រ​រាប់អាន​ជាច្រើន​នាក់​ព្យាយាម​យក​អំណោយ​សម្ភារៈ​សិក្សា​ចែកជូន​ដល់​ក្មេងៗ សិស្សសាលា ក្នុង​តំបន់​ដាច់ស្រយាល​មួយកន្លែង ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។

​អ្នកស្រី សួរ ស្រី​កែវ នាយិកា​មជ្ឈមណ្ឌល​ថែរក្សា​សម្រស់ “​ផ្កា​កែវ​” បាន​ប្រាប់​ឱ្យដឹងថា លើក​នេះ​អ្នកស្រី និង​លោកស្រី លីន​ដា នាយិកា​ក្រុមហ៊ុន​ដេ​គ័​រ “​ម៉ា​លីន​ដា​” ឯកភាពគ្នា​យក​អំណោយ​សម្ភារ​សិក្សា និង ថវិកា ផ្ទាល់ខ្លួន​ផង សប្បុរសជន​ផង ជូន​ដល់​ក្មេងៗ​និង​លោកគ្រូ​អ្នកគ្រូ នៅ​បឋមសិក្សា វត្ត​ឈើ​តុំ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ឈ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​តំបន់​ដាច់​ស្រា​យា​ល​មួយកន្លែង​ឆ្ងាយ​ខ្លាំង​ផងដែរ​។ សម្រាប់​ដំណើរ​សប្បុរសធម៌​លើក​នេះ បាន​ចែកជូន​សម្ភារ​សិក្សា និង ចំណីអាហារ ជូន​ដល់​ក្មេង​ចំនួន​១៥០​នាក់​ដែល​រស់​ក្នុងភូមិ​នោះ ខណៈ​ជា​តំបន់​ដាច់ស្រយាល​ដែល​ក្មេងៗ​ទាំងនោះ ជា​កូន​របស់​អ្នក​កសិករ និង​កម្មករ​។

​ថៅកែ​ស្រី “​ផ្កា​កែវ​” រូបនេះ​បាន​បញ្ជាក់ថា លើក​នេះ​ពិតជា​សប្បាយចិត្ត​ដែល​បានមក​ធ្វើ​កម្មវិធី​សប្បុរសធម៌​មកដល់​តំបន់​នេះ ហើយ​មាន​វត្តមាន​តារា​ល្បីៗ​ចំនួន​៤​រូប ដែល​បាន​ចូលរួម​និង​ខំព្យាយាម​មក​ធ្វើដំណើរ​រួមគ្នា​ពី​ក្រុងភ្នំពេញ ដល់ទី​តំបន់​ដាច់ស្រយាល​យ៉ាង​ក្តៅហែង​តាម​ជើងភ្នំ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ជាប់​តំបន់​មរ​ណី​យ​ដ្ឋា​ន “​ទឹកធ្លាក់​ច្រក​ល្អៀង​” ។ លោកស្រី​ក៏​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​តារា​ទាំង​បួន​នាក់ លោក បញ្ញា សិទ្ធ​, អ្នកនាង យី​វ ម៉ូ​នី​កា , កញ្ញា ពន្លឺ មរកត (​វ​ត្តី​) និង​កញ្ញា រ៉ូ​ហ្សា (​ស្រី​ពៅ​) បាន​ចំណាយ​ពេលវេលា​និង​កម្លាំងកាយ​ចិត្ត​ក្នុង​សកម្មភាព​សប្បុរសធម៌​លើក​នេះ​៕