ផ្ដន្ទាទោស​បុរស​ជនជាតិ​ចិន​ដែល​ចូល​ប្លន់​បាញ់សម្លាប់​សន្តិសុខ​ខ្មែរ​ម្នាក់​និង​របួស​ម្នាក់​

359

​(​ភ្នំពេញ​)៖​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​០៦​កញ្ញា​ឆ្នាំ​២០១៧​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​ចិន​២​នាក់​ដែល​ធ្វើឱ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​

ក្នុង​សាលក្រម​នេះ​លោក​ចៅក្រម តុ​ប​ឈុន​ហេង​បានសម្រេច​ផ្ដន្ទាទោស​ឈ្មោះ​ចាវ​ជី​វៃ​អាយុ​៤០​ឆ្នាំ​ជនជាតិ​ចិន​ដាក់ពន្ធនាគា​រ​កំណត់​១៥​ឆ្នាំ បង្គាប់​ឱ្យ​សង​សំណង​ទៅ​ជនរងគ្រោះ​ដែល​ស្លាប់​ជា​ប្រាក់​ចំនួន​៤០​លាន​រៀល និង​សង​ទៅ​ជនរងគ្រោះ​ដែល​រងរបួស​ចំនួន​៥​លាន​រៀល​។ ក្រោម​ការចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទំងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ និង​បទ​ឃាតកម្ម មាន​ស្ថាន​ទំងន់ទោស ដោយ​មរណៈភាព​នៃ​ជនរងគ្រោះ​តាម​មាត្រា​៣៥៣​មាត្រា​៣៥៧​និង​មាត្រា​១៩៩​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ​។​

ជាមួយគ្នានេះ​តុលាការ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ ហៀ​ង ប៊ុន​តេ ដាក់ពន្ធនាគារ​កំណត់​១៥​ឆ្នាំ និង​ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​យកមក​អនុវត្តតាម​សេចក្ដីសម្រេច​របស់​តុលាការ ។​រឿងក្ដី​នេះ​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើកសវនាការ​កាលពី​ថ្ងៃ​ទី ០១​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​និង​ប្រកាស​សាលក្រម​នា​រសៀល​ថ្ងៃទី ០៦​កញ្ញា​នេះ​។​

សូម​រំលឹកថា​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា​កន្លងទៅ បានធ្វើ​សន្និសីទកាសែត​បង្ហាញ មុខសញ្ញា​ឃាតក បាញ់សម្លាប់​ជនជាតិ​ចិន​ក្នុង​បណ្ណាគារ ប្លន់​យក​ទ្រព្យសម្បត្តិ​។​
​បើតាម​លោក អធិការ យឹម សារ៉ាន ជនដៃដល់​ឈ្មោះ ចាវ ជី​វៃ បាន​សារភាពថា ខ្លួន ពិតជា​មេខ្លោង ក្នុងការ​រៀបចំ​ផែនការ ប្លន់​សម្លាប់​ជនរងគ្រោះ លូ បាយ​ហេ នៅ​ម៉ោង​ប្រមាណ​១២៖៥៥ នាទី​ថ្ងៃទី​៦ ខែវិច្ឆិកា ខណៈ​ជនរងគ្រោះ​កំពុង​លក់ដូរ​នៅក្នុង​ផ្ទះ​។ ជនសង្ស័យ​ជា​មេខ្លោង បានរៀបចំ​គម្រោង និង​ចង្អុលបង្ហាញ​ផ្ទះ ឲ្យ​បក្ខពួក​២​នាក់​ទៀត ចូល​ប្លន់​។​

​លោក យឹម សារ៉ាន់ បាន​បន្តថា ពេលធ្វើ​សកម្មភាព ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ចូលទៅ​បាញ់​គំរាម​២​គ្រាប់ ប្លន់​យក​ខ្សែក​ជនរងគ្រោះ និង​យកលុយ​៥០០​ដុល្លារ ក្រោយ​ធ្វើ​សកម្មភាព ក៏បាន​គេចខ្លួន សំដៅ​មក​រង្វង់​មូល​ចោមចៅ ហើយ​រត់​ចូល​ភូមិគ្រឹះ​វូ​ហ្គោ ក្នុង​សង្កាត់​កា​កាប​។ ដោយមាន​ការសង្ស័យ ជនរងគ្រោះ យ៉េន រី​ណង់ ជា​សន្តិសុខ​ភូមិគ្រឹះ មានការ​សង្ស័យ​ក៏​ដេញតាម តែ​ត្រូវ​ជនសង្ស័យ បាញ់​១​គ្រាប់​ចំ​ទ្រូង​ស្លាប់ រួច​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួនបាត់​។​

​លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ អស់​រយ​:​ពេល​៣​យប់​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦​ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ទើប​ទម្លាយ​អាថ៌កំបាំង នៃ​ករណី​ជន​ពាក់​ម៉ាស់​មុខ ចូល​ប្លន់​បណ្ណាគារ​ជនជាតិ​ចិន កាលពី​ថ្ងៃ​ទ​៦ ខែវិច្ឆិកា រួច​បាន​ទៅ​បាញ់សម្លាប់​សន្តិសុខ​ពីរ​នាក់ ជា​ជនជាតិខ្មែរ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​នោះ ទើប​ឈានទៅ​ឃាត់ខ្លួន​មេខ្លោង ក្នុងការ​រៀបចំ​គម្រោង​ប្លន់ បណ្ណាគារ​ជនជាតិ​ចិន​នេះ​បាន​ម្នាក់ បញ្ជូន​ឡើង​តុលាការ​កាត់ទោស​តាមច្បាប់ ៕S/​ដោយៈ ស្រី​លក្ខណ៍​