ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដាក់ពន្ធនាគារ​៨​ឆ្នាំ​ករណី​នាំ​នារី​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ចិន​

585

(​ភ្នំពេញ​) ៖ លោក​លី លី​ប​ម៉េង ចៅក្រម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣​ខែមករា​បានប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​​ម្នាក់​ដាក់ពន្ធនាគារ​៨​ឆ្នាំ ពីបទ​នាំយក​ចេញ​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ​។​

​សាលក្រម​ដដែល​បាន​បង្គាប់​អោយ​ជនជាប់ចោទ​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ចំនួន​២​នាក់ ក្នុង​ម្នាក់ៗ​២​លាន​រៀល ។​

​ជនជាប់ចោទ​ឈ្មោះ អ៊ុច សេងហុង អាយុ​៤៥​ឆ្នាំ ទីលំនៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

​អ៊ុច សេងហុង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៧​នៅពេល​ជនសង្ស័យ​បាន​នាំ​នារី​រងគ្រោះ​២​នាក់​​មកពី​ស្រុកកំណើត បំរុង​នាំ​ចេញទៅ​ប្រទេស​ចិន ។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ពេល​នាំ​ជនរងគ្រោះ​មកដល់​ផ្លូវ​៦A ស្ថិតក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ពួកគេ​បាន​ចុះ​​ពី​រថយន្ត​តាក់ស៊ី ដើម្បី​រង់ចាំ​មេខ្យល់​នៅ​ភ្នំពេញ​មក​ទទួលយក ។ ពេល​កំពុង​ឈប់​ចាំ​មេខ្យល់​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន ទៅកាន់​​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ ។

​អ៊ុច សេងហុង បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​នារី​អ្នកចំការ​២​នាក់ យកមក​ឲ្យ​មេខ្យល់​នៅ​ភ្នំពេញ​នេះ​មែន​និង​មាន​គោលដៅ​នាំ​ពួក​​គេ​ទៅកាន់​ប្រទេស​ចិន តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ខេត្តស្វាយរៀង ។

​តាម​ចម្លើយ​ជនសង្ស័យ​បានអោយដឹងថា​សកម្មភាព​នាំ​នារី​ខ្មែរ​បំរុង​ទៅ​លក់ដូរ​នៅ​ប្រទេស​ចិន​នេះ​រូបគេ​ទទួលបាន​ប្រាក់​ពី​មេខ្យល់​​ក្នុង​នារី​ម្នាក់​ចំនួន​២.០០០​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ប្រាក់​នេះ គេ​បាន​ចំណាយ​ទៅវិញ​ក្នុងការ​ធ្វើដំណើរ​អស់​៥០០​ដុល្លារ​ផងដែរ ។

​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ប្រកបមុខរបរ​នាំ​នារី​ខ្មែរ​លក់​ទៅ​ប្រទេស​ចិន ចំនួន​៣​លើក​មកហើយ​និង​មាន​នារី​ខ្មែរ​៣​នាក់​ដែល​​បាន​រងគ្រោះ​ដោយ​ស្នាដៃ ជនសង្ស័យ​រូបនេះ ។

​សមត្ថកិច្ច​បន្តថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ នារី​២​នាក់​ដែល​អះអាងថា​ជា​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ទៅខាង​មន្ទីរ​សង្គម​​កិច្ច​គ្រប់គ្រង បណ្តោះអាសន្ន​៕​ដោយ​៖​ស្រី​លក្ខណ៍​/sn

​ស្ត្រី​ជាប់ចោទ​ពេល​ឃាត់ខ្លួន​