ផ្តន្ទាទោស​គ្រូបង្រៀន​សាលា​ជម្ពូ​វ័ន​២​នាក់​ក្នុង ម្នាក់​កំណត់​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ​

1051
ចែករម្លែក

​ដោយ : ​ស​រិ​ទ្ធ​/​ភ្នំពេញ ៖ គ្រូបង្រៀន​២​នាក់ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការជំនុំជម្រះ​ផ្ទាល់ នៅ​រសៀល​ថ្ងៃទី​៣១​ ខែកក្កដា​និង បានប្រកាស​សាលក្រម​ភ្លាមៗ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦​ខែ តែ​ទោស​នោះ​ត្រូវបាន​ព្យួរ​ទាំងអស់ ក្រោម​ការចោទប្រកាន់​ពីបទ​លួច ពាក់ព័ន្ធ​ករណី​លួច​ថ្នាំ​ជ្រលក់​ដៃ​របស់​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។​

ជនជាប់ចោទ​ឈ្មោះ ទែន រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ឈ្មោះ ជា សុធា​រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
ជន​ជាប់​ឈ្មោះ ជា សុធា​រី ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​.​លួច​។ ចំណែក​ជន​ជាប់​ឈ្មោះ ទែន រតនា ចោទប្រកាន់​ពីបទ​.​សមគំនិត​ក្នុង​អំពើ​លួច ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់ គ​.​ជ​.​ប ។

ប្រ​ភ​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៣១ កក្កដា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជូន​គ្រូបង្រៀន ២​នាក់ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ រឿង​លួច​ទឹកខ្មៅ​ជ្រលក់​ចង្អុលដៃ​របស់​គ​.​ជ​.​ប ។

ប្រភពព័ត៌មាន​ឲ្យ​ដឹង​ទៀតថា ដំបូង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​អ្នកគ្រូ ជា សុធា​រី តែ​ម្នាក់​ទេ​។ ប៉ុន្តែ​ក្រោយ​ការសាកសួរ​យក​ចម្លើយ​អ្នកគ្រូ បាន​ជាប់​ពាក់ព័ន្ធ លោកគ្រូ​ម្នាក់ទៀត ទើប​តំណាង​អយ្យការ​តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំមក​ទាំងពី​រ​នាក់​តែម្ដង ។

នៅក្នុង​សវនាការ​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ អ្នកគ្រូ​បាន​សារភាពថា​បានជា​លួច​យក​ទឹកខ្មៅ​គ​.​ជ​.​ប នោះ ដោយសារ​លោកគ្រូ​បាន​ពឹងពាក់​ឲ្យ ជួយ​យក​ដប​ទឹក​ថ្នាំ​ខ្មៅ​នោះមក​ជ្រលក់​ដៃ ព្រោះ​លោកគ្រូ​ជាប់រវល់​នៅ​ថ្ងៃ​បោះឆ្នោត​មិនបាន​ទៅ​បោះឆ្នោត​មិនមាន​ស្នាម​ទឹកខ្មៅ​ជាប់​ចង្អុលដៃ​ដូច គេ ។ ចំណែក​លោកគ្រូ​វិញ​បាន​បដិសេធ​សំដី​អ្នកគ្រូ ដែល​ចោទប្រកាន់​យ៉ាង​ដូច្នោះ ។ ​លោកគ្រូ​បាន​តប​ទៅ​អ្នកគ្រូ​វិញ​ថា ខ្ញុំ​គ្រាន់តែ​និយាយថា បើសិនជា​ខ្ញុំ​មិនបាន​ទៅ​បោះឆ្នោត ខ្ញុំ​អាច​សុំ​ទឹក​ថ្នាំ​ខ្មៅ​របស់​គ​.​ជ​.​ប មក​ជ្រលក់​ចង្អុលដៃ​បាន​អត់ ? ។​ ទោះបី​លោកគ្រូ​បដិសេធ​ក៏ដោយ ក៏​តំណាង​អយ្យការ​នៅតែ​តម្កល់​ការចោទប្រកាន់​ពីបទ​លួច ហើយ​ស្នើអោយ​ចៅក្រម​សម្រេច​តាមច្បាប់ ។​

លោក ​ពេជ្រ វិជ្ជាធរ ចៅក្រម​ជំនុំ​ជំ​រះ បានសម្រេច​ភ្លាមៗ​ផ្ដន្ទាទោស​គ្រូបង្រៀន​ទាំង​២​នាក់​ដាក់ពន្ធនាគារ​៦​ខែ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់​ក្រោម​ការចោទប្រកាន់​ពីបទ​លួច​និង​សមគំនិត​លួច ។​បន្ទាប់មក​តុលាការ​បាន អនុញ្ញាតឲ្យ​ជនជាប់ចោទ​ទាំង​២​នាក់​ត្រឡប់ទៅផ្ទះ​វិញ ៕​B