ផ្តន្ទាទោស​ស្ត្រី​អូស្ត្រាលី​និង​បក្ខពួក​រឿង​ពពោះ​ជំនួស​

935
ចែករម្លែក

ភ្នំពេញ​៖ ស្ត្រី​អូស្ត្រាលី​ម្នាក់​និង​ខ្មែរ​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​អំពើ​ជា​អន្តរការី នៃ​កា​រពរ​ពោះ ឬ ការជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ជំនួស និង ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត ត្រូវបាន​លោកស្រី ស៊ លីន​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៣ ខែសីហា ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ក្នុង​ម្នាក់ៗ​១​ឆ្នាំ​៦​ខែ និង ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល ។​

​ជនជាប់ចោទ​ឈ្មោះ CHALES TAMMY ALAYNE ភ អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PE-0402481 ឈ្មោះ ពេញ រិទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង ឈ្មោះ សំរិទ្ធ ចាន់​ចរិយា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

គួរ​បញ្ជាក់ថា នៅពេលដែល​បណ្តា​ប្រទេស​ដទៃ​ចេញ​ច្បាប់​បិទ​មិន​ឲ្យ​មាន​ការជួល​ស្រី្ត​ពរ​ពោះ​ដើម្បី​កើតកូន​ជំនួស បណ្តាញ​ជំនួញ​នេះ​បាន​ហូរ​ចូល​កម្ពុជា ហើយ​បង្កើត​មេខ្យល់​ឲ្យ​ដើរ​លួងលោម អូសទាញ ស្ត្រី​ឲ្យ​រកស៊ី​ឈ្នួល ពរ​ពោះ​ជំនួស​អ្នក​ដែល​ចង់​បានកូន ហើយ​រហូតដល់​ក្រុមមនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូចគ្នា​ចង់បាន​កូន ក៏​មក​កម្ពុជារ​កកូន​ដែរ ។ ជំនួញ​មួយ​នេះ ធ្វើ​ឲ្យ​ពួក​ឈ្មួញ​ចំណេញ​កប់​ពពក អ្នក​ចង់​បានកូន​ត្រូវ​ចំណាយ​៥​ម៉ឺន​ដុល្លារ​អាមេរិក ។
​ស្ត្រី​អូស្ត្រាលី​បានអោយដឹងថា កាលពី​ឆ្នាំ​២០១៣ ខ្លួន​បាន​ទៅ​ប្រកបមុខរបរ​ជួល​ស្ត្រី​ឲ្យ​បង្កើតកូន​នៅ​ប្រទេស​ថៃ ចំនួន​១៥​នាក់ ហើយ​ក្រោយមក​ប្រទេស​ថៃ​គេ​បិទ ខ្លួន​ក៏បាន​មក​ប្រទេស​កម្ពុជា បាន​រយៈពេល​ប្រហែល​១២ ទៅ​១៤​ខែ​ហើយ ។ ខ្លួន​ក៏បាន​រក​ស្ត្រី​ខ្មែរ​ជួល​ឲ្យ​ពពោះ​បង្កើតកូន​ឲ្យ​បាន​ចំនួន​២៣​នាក់ នាំ​ចេញទៅ​ក្រៅប្រទេស​បាន​៦​នាក់ ក្នុងនោះ​កូនភ្លោះ​មួយ​នាក់ ដោយ​តម្លៃ​ខ្លួន​ទទួលបាន​គ្រួសារ​ចង់បាន​កូន​ម្នាក់ ៥០ ០០០​ដុល្លារ​អាមេរិក ។​

​ចម្លើយ​បន្តថា ពេល​ខ្លួន​មក​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ឲ្យ​ម្នាក់​តម្លៃ​ពី​១០ ០០០​ទៅ​១២ ០០០​ដុល្លារ​អាមេរិក ហើយ​បើ​សរុប​ទាំង​ការពារ​ព្យាបាល ថែទាំ និង​មើល​ទារក​ត្រូវ​ចំណាយ​អស់​២០ ៤០០​ដុល្លារ​អា​រិ​ក​ឯណោះ ឯ​ការចាក់​បញ្ចូល​ទឹក​មេជី​វិត​បុរស ក្នុង​ម្នាក់​តម្លៃ​៥ ០០០ ទៅ​៧ ០០០​ដុល្លារ​អាមេរិក ពេល​កើតកូន​យកទៅ​បង្កើត​នៅ​មន្ទី​ពេទ្យ​សំរាក​ព្យាបាល​ក្នុង​កូន​ម្នាក់​តម្លៃ ១ ៥០០​ទៅ ២ ០០០​ដុល្លារ​អាមេរិក ។ សេវា​ក្រៅពីនេះ​ចំពោះ​អ្នក​ដែល​បាន​ជួយ​រក​ស្ត្រី​មក​ស៊ី​ឈ្នូ​ល​ពពោះ​បង្កើតកូន​ម្នាក់ ៤០០​ដុល្លារ​អាមេរិក ចំណាយ​ទៅ​ឲ្យ​ឈ្មោះ ពេញ រិ​ទ្ធិ ជួយ​រត់​ការធ្វើ​សំបុត្រកំណើត​ឲ្យ​ទារក​ម្នាក់ ៦០០ ទៅ ៨០០ ដុល្លារ​អាមេរិក និង​ជួយ​ដឹក​ក្មេង​ចេញទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម្នាក់​ឲ្យ​តម្លៃ​៧០០​ដុល្លារ រួមទាំង​ជួយ​រត់ការ​ពន្យា​លិខិតឆ្លងដែន​៕ ដោយ​៖ ស្រី​លក្ខណ៍​