ផ្តល់ឱកាស​ជូន​កូនចៅ​ពលរដ្ឋ​ដោយ​ជួយ​អគារសិក្សា ​ដើម្បី​ទទួល​ចំណេះដឹង​ជា​មូលដ្ឋាន​

758
ចែករម្លែក

​ដោយ : បូកគោ​/កែប ៖ ឆ្លើយតប​នឹង​កំណើន​សិស្ស​ដែល​ត្រូវ​ចូលរួម​ថ្នាក់​កម្រិត​បឋម ​នា​តំបន់​ដាច់ស្រយាល អង្ក​ការ អេ​ដ អេ អាក់​ស្យុ​ង (Aide et Action) បាន​ផ្តួច​ផ្តើមគំនិត​សាងសង់​អគារសិក្សា និង​សមិទ្ធផល​មួយចំនួន​ដល់​សាលាបឋមសិក្សា​ហ៊ុន សែន​ព្រែ​កតា​នេន ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ដើម្បី​ផ្តល់ឱកាស​ជូន​កូនចៅ​ពលរដ្ឋ​សហគមន៍​បានទទួល​ចំណេះដឹង​ជា​មូលដ្ឋាន​។​

លោក​មុំ ឌី នាយក​សាលាបឋមសិក្សា​ហ៊ុន សែន ព្រែក​តា​នេន​បាន​រៀបរាប់ថា​សាលាបឋមសិក្សា ព្រែក​តា​នេន​កកើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដោយមាន​អគារ​មួយ​ខ្នង​បី​បន្ទប់​។ លុះដល់​ឆ្នាំ​២០០៨ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហុន សែន​ក៏បាន​សង់​ថ្មី​ជំនួស​អគារ​ចាស់​ដែល​រង​ការខូចខាត​។

លោកនាយក​សាលា​បាន​បន្តទៀតថា ​ដោយសារ​ក្នុង​សហគមន៍​មាន​កំណើន​កុមារ​តូចៗ​ត្រូវ​ចូលរៀន ស្រប​ពេល​អគារ​របស់​សម្តេច​ទ្រុឌទ្រោម​ផង អង្គការ​អេ​ដ អេ អាក់​ស្យុ​ង សហការ​ជាមួយ​សាលា​អាយ​លី​ដ​អន្តរជាតិ​(ILEAD International School) និង​មូលនិធិ​ធី​អ៊ិ​ច​(Tx Foundation) បាន​ជួយ​កសាង​អគារ​ថ្មី​មួយ​ខ្នង​ពីរ​ជាន់​មាន​ប្រាំមួយ​បន្ទប់​នៅ​ផ្នែក​ម្ខាង​នៃ​បរិវេណ​សាលា​។ ក្នុងនាម​នាយក​សាលា លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​អេ​ដ អេ អាក់​ស្យុ​ង និង​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​ខេត្ត ព្រមទាំង​គណៈ​អភិបាល​ខេត្ត​ក្នុងការ​ជ្រោមជ្រែង​ឱ្យ​កើតចេញ​ជា​សមិទ្ធផល​ទាំងនេះ​ឡើង​។​

តំណាង​ម្ចាស់​អំណោយ​នៃ​ភាគី​ទាំងបី​បានបញ្ជាក់​ឲ្យដឹង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ សម្រាប់​សមិទ្ធផល​ខាងលើនេះ​ថា ​ពេលដែល​គ្រប់គ្នា​ធ្វើការ​ក្នុងនាម​ជា​ដៃគូ​ពិតប្រាកដ នោះ​សមិទ្ធផល​ទាំងឡាយ​នឹង​លេចចេញ​ជា​រូបរាង​ឡើង​។ សហ​ភាគី​មាន​គោលបំណង​ជួយ​ឱ្យ​កុមារ​ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​។ ដូច្នេះហើយ​ទើប​ម្ចាស់​អំណោយ​ទាំងបី​សម្រេច​មូលមតិ​គ្នា​ក្នុងការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​អប់រំ​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​សហគមន៍​។

តំណាង​ដដែល​បាន​បន្តថា ​ដោយមាន​ការចែករំលែក​នូវ​ជំនឿ​ដ៏​មុតមាំ​ថា​ការអប់រំ​អាច​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​អំពី​ជីវិត​រស់នៅ​របស់​មនុ​ស្ដ​គ្រប់រូប ហើយ​មិនមាន​កុមា​រណា​ម្នាក់​ត្រូវបាន​គេ​បំភ្លេចចោល​នោះ ភាគី​ទាំងបី​បាន​សម្រេច​កសាង​អគារសិក្សា​មួយ​ខ្នង​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​សហគមន៍​ព្រែ​កតា​នេន​ក្នុង​ការធានា​ឱ្យ​កុមារ​ជាច្រើនរូប​មានលទ្ធភាព​ទទួល​សេវា​អប់រំ​ប្រកបដោយ​គុណភាព​នៅ​សាលា​នេះ​។ សមិទ្ធផល​ដែល​បានកើត​ឡើង ហើយ​ត្រូវ​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នាពេលនេះ រួមមាន អគារសិក្សា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​មាន​ប្រាំមួយ​បន្ទប់ ទីចាត់ការ​សាលា ប​ង្ទ​ប់​អនាម័យ ព្រមទាំង​ការដំឡើង​អណ្តូងស្នប់ និង​អាង​ស្តុក​ទឹក ដោយ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​កាលពី​ចុងខែ​សីហា​កន្លងទៅ​។​

សំណេះសំណាល លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប និង​លោក​ហ៊ាង ស៊ី​ណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​ទាំងនេះ​ជា​សមិទ្ធផល​ដ៏​ប្រពៃ​ដោយបាន​កើតឡើង​ក្នុង​ដែនដី​ជនបទ ខណៈពេល​ពីមុន​មានការ​ខ្វះខាត​តាំងពី​ផ្លូវ​ធ្វើដំណើរ​ដែល​តម្រូវឱ្យ​មាតាបិតា​ជួប​ក្តី​លំបាក​ក្នុងការ​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​ទី​ឆ្ងាយៗ បង្ក​ឱ្យ​កុមារ​ក្នុង​គ្រួសារ​ខ្លះ​ប្រឈម​នឹង​ការបោះបង់​សាលារៀន​ទៀតផង​។ លោក​អនុរដ្ឋលេខាធិការ និង​លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ថា ជាមួយនឹង​ការទទួលបាន​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ សូម​ឪពុកម្តាយ អាណាព្យាបាល​សិស្ស​ទាំងអស់​ប្រញាប់​រូតរះ​បញ្ជូន​កូនចៅ​មក​សិក្សា ពិសេស​សិស្ស​តូចៗ​ស្របតាម​គោលបំណង​របស់​អង្ក​ការដែល​ផ្តោតជាសំខាន់​លើ​ការសិក្សា​របស់​កុមារ​ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង​ជា​មូលដ្ឋាន​៕B