ផ្តល់​ការ​គាំពារ​សង្គម​ដល់​កម្មករ​ការងារ​ផ្ទះ​ដើម្បី​កាត់បន្ថយ​វិសមភាព និង​លុបបំបាត់​ភាពក្រីក្រ​

445
ចែករម្លែក

ដោយ​: លោកស្រី លឹម សូ​លីន ជា​នាយិកា​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា
​ភ្នំពេញ​:
អ្នកនាង​សោ​ភ័​ណ្ឌ ជា​កម្មករ​ការងារ​ផ្ទះ​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ តែមាន​ស្រុកកំណើត​មក​ពី​គ្រួសារ​ក្រីក្រ​មួយ​នៅ ទីជនបទ​។ ប្រាក់ចំណូល​របស់​នាង​បានមកពី​ការងារ​មួយ​នេះ​ជា​ប្រាក់ចំណូល​គោល​សំខាន់ សម្រាប់​គ្រួសារ របស់​នាង​ដែល​មានកូន​បីនាក់​ក្នុងបន្ទុក​។ ជា​អកុសល នាង​មិនអាច​ទទួលបាន​ចំណូល​ទាំងនេះ​ទៀត​ទេ​ខណៈ ពេលដែល​នាង​ត្រូវ​បង្ខំចិត្ត ឈប់សម្រាក​ពី​ការងារ​ដែល​ទាមទារ​ឱ្យមាន​កម្លាំង គ្រប់គ្រាន់​មួយ​នេះ ដោយសារ​វា ធ្វើឱ្យ​នាង​មានការ​ឈឺចាប់​ទ្រាំ​មិនបាន​ក្នុងពេល​នាង​បាន​ពរ​ពោះ​កូន​ទី​បី​អាយុ​៨​ខែ​។ អ្វីដែល​គួរតែ​ជា​ពេលវេលា ដ៏​សប្បាយរីករាយ​មួយ​ក្នុង​គ្រួសារ បានធ្វើឱ្យ​នាង​ធ្លាក់​ក្នុង​ភាព​ងាយ​រងគ្រោះ​បំផុត ដោយសារតែ​នាង​គ្មាន លទ្ធភាព​ទិញ​ចំណីអាហារ បង់ថ្លៃ​ផ្ទះ​ឬ​ថ្លៃ​ថ្នាំសង្កូវ​ដើម្បី​ថែទាំ​សុខភាព​។ ប្រឈម​នឹង​សម្ពាធ​ទាំងអស់នេះ សោ​ភ័​ណ្ឌ​បាន​រើ​ទៅ​នៅ​ជាមួយ​ម្តាយ​វ័យចាស់​ដែល​គាត់​ក៏​ជា​កម្មករ​ការងារ​ផ្ទះ​ដែរនោះ សម្រាប់​ជាការ​ពឹងពាក់ ក៏ប៉ុន្តែ​អ្វីៗ មិន​ដូច​ការ​គិតទុក តែ​វា​កាន់តែ​ធ្វើឱ្យ​ស្ថានភាព​របស់​នាង​កាន់តែ​អាក្រក់​ឡើង​។ ក្រោយពេល​នាង​បាន សម្រាលកូន​រួច សុ​ភ័​ណ្ឌ​ត្រូវ​បង្ខំចិត្ត​ត្រឡប់​ទៅធ្វើ​ការ​វិញ​ទាំង​សុខភាព​នាង​នៅ​មិនទាន់ អំណោយផល​នៅឡើយ ពីព្រោះ​នាង​ត្រូវ​ថែទាំ​ម្តាយ​និង​ទារក​ដែល​ទើបនឹង​កើត​របស់​នាង ខណៈពេលដែល​នាង​ត្រូវ​សង​ប្រាក់កម្ចី​ដែល នាង​បាន​ប្រើប្រាស់​សម្រាប់​ថ្លៃ​សេវា​សម្ភព​។​

​រឿងរ៉ាវ​ដូចជា​សោ​ភ័​ណ្ឌ​កើតមាន​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាទូទៅ​កម្មករ​ការងា​រ​ផ្ទះ​ដែល​ភាគច្រើន ជា​ស្ត្រី ជា​ក្រុម​ងាយ​រងគ្រោះ​បំផុត​ក្នុងចំណោម​កម្មករ​ដ៏ទៃទៀត​ពាក់ព័ន្ធ​នឹង​ការរស់នៅ និង​លក្ខខណ្ឌ​ការងារ តួ យ៉ាង សេរីភាព​ក្នុងការ​ដើរហើរ និង​សេរីភាព​ក្នុងការ​ចូលរួម​សមាគម​របស់​ពួកគេ​មាន​កម្រិត ពួកគេ​មាន​ប្រាក់ខែ ទាប គ្មាន​កិច្ចសន្យាការងារ​ច្បាស់លាស់ ឬ​ប្រឈមមុខ​នឹង​ការងារ​បន្ថែម​ម៉ោង ការផ្តល់​ការងារ​មិន​សមរម្យ ការរំលោភបំពាន​ផ្លូវកាយ​និង​ផ្លូវភេទ ឬ​ការជួញដូរ​ទៀត​ក៏មាន​ក្នុង​កាលៈទេសៈ​ដ៏​អាក្រក់​បំផុត​។​

​លើសពីនេះ​ទៀត អស្ថេរភាព​ប្រាក់ចំណូល​ក្នុង​វគ្គ​ចុងក្រោយ​នៃ​កា​រពរ​ពោះ និង​បន្ទាប់ពី​សម្រាលកូន​រួច បង្ខំ​ឱ្យ​កម្មករ ការងារ​ផ្ទះ​ជាច្រើន​នាក់ និង​ស្ត្រី​ដ៏ទៃទៀត​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បន្ត​ធ្វើការ​ក្នុង​វគ្គ​ចុង ក្រោយ​នៃ​ការ​ពរ​ពោះ​នេះ ហើយ​/​ឬ ត្រូវ​ត្រឡប់​ទៅធ្វើ​ការ​វិញ​មុនពេល​កំណត់ ដែលជា​ហេតុ​ធ្វើឱ្យ​ខ្លួន​ពួកគេ ផ្ទាល់ និង​កូនៗ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​។ យោងតាម​របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ មាន​ស្ត្រី ចំនួន​៧៧% ក្នុងចំណោម​ចំនួន​ស្ត្រី​ការងារ​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ខ្ពស់​នៅក្នុង​អំឡុង ពេលដែល​ពួកគេ​ត្រូវ​ថែទាំ​កូន​ទើបនឹង​កើត ដែល​គួរ​ជា​ពេល​រីករាយ​ពិសេស​មួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​នោះ​។​

​មុខរបរ​ការងារ​ផ្ទះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វិស័យ​ការងារ​ក្រៅ​ប្រព័ន្ធ ដែល​គ្របដណ្តប់​លើ​កម្មករ​សរុប​ចំនួន ៦៧,១ លាន​នាក់ នៅ​ទូទាំង​ពិភពលោក​ដែល​ក្នុងនោះ​មាន​៨៣​ភាគរយ​ជា​ស្ត្រី​។ ផ្អែក​តាម​អង្គការ ILO សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ មាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ពលកម្ម​ពិភពលោក​សរុប​។ នេះ​ក៏​ជាការ​ពិត​មួយ​សំរាប់​ប្រទេស កម្ពុជា​ផងដែរ​។ ការស្រាវជ្រាវ​ឆ្នាំ​២០១៨​របស់​អង្គការ ILO បាន​ប៉ាន់ប្រមាណ​ថា​មាន កម្មករ​ការងារ​ផ្ទះ​ចំនួន ប្រមាណ ២៤០.០០០ នាក់ ដែល​ប្រាក់ចំណូល​របស់​ពួកគេ​បានរួម​ចំណែក​ផ្នែក​សេដ្ឋកិច្ច​មួយ​ភាគ​ដ៏​សំខាន់​ដល់ ប្រាក់ចំណូល​របស់​គ្រួសារ​កម្ពុជា និង​ដែលជា​ផ្នែក​មួយ​ចូលរួម​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​។ ប៉ុន្តែ​បើ​ពុំមាន​ការ ធានា​សិទ្ធិ​ទទួលបាន​សេវា​គាំពារ​សង្គម​ចាំបាច់ និង​សមរម្យ​នោះទេ កម្មករ​ទាំងនេះ​ជាពិសេស​ស្ត្រី នឹង​ប្រឈម នឹង​ហានិភ័យ​ដែល​នាំ​ពួកគេ​ឱ្យ​ជាប់គាំង​ក្នុង​ភាពក្រីក្រ​យ៉ាងខ្លាំង​។​

​អង្គការ​អុក​ស្វា​ម​ជឿជាក់ថា ការពង្រីក​វិសាលភាព​គ្របដណ្តប់​កិច្ច​គាំពារ​សង្គម​ដល់ក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ការ​ជ្រោមជ្រែង​ពួកគេ​ឱ្យ​ប្រែក្លាយជា​កម្មករ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​វិញ ជា​គន្លឹះ​ក្នុងការ​លើកកម្ពស់​ការ​ងារ​សមរម្យ និង​ការបង្ការ​ភាពក្រីក្រ​ខណៈពេលដែល​វិសមភាព​នឹង​ត្រូវបាន​កាត់បន្ថយ​ដែរ​។​

​អង្គការ​អុក​ស្វា​ម​សូម​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់ អាទិភាព​លើ​ការកសាង និង​ការអនុវត្ត​បទដ្ឋាន​កិច្ច​គាំពារ​សង្គម​ជា​ផ្នែក​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់ ខ្លួន​។ ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ហើយ​កំពុង អនុវត្ត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ ទន្ទឹមនឹង​នេះដែរ ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក៏បាន​ផ្តោត ការ យកចិត្តទុកដាក់​ជា​អាទិភាព​លើ​កម្មករ​ការងារ​ផ្ទះ​ដោយ​ការអនុវត្ត​ប្រកាស​របស់​ក្រសួង ដាក់ចេញ​កាលពី​ខែ ឧសភា ឆ្នាំ​២០១៨ ដែល​កំណត់​ឱ្យមាន​លក្ខ​ខណ្ឌ​ការងារ​សមរម្យ​សម្រាប់​កម្មករ​ការងារ​ផ្ទះ​។ អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ​ក៏បានផ្តល់​ការរួមចំណែក​មួយ​យ៉ាងសំខាន់​ផងដែរ​ចំពោះ​ប្រកាស​នេះ​។ នៅក្នុង​បរិបទ​ដូចគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​រួមជាមួយ​នឹង​ដៃគូ​អភិវឌ្ឍន៍ បាន និង​កំពុង​ពិចារណា​លើ​ការពង្រីក​វិសាលភាព​គ្របដណ្តប់ នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឱ្យបាន​ដល់ក​ម្មករ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​ផងដែរ ដោយ​នឹង​ចាប់ផ្តើម​សាកល្បង​ជាមួយ​ក្រុមកម្មករ​ការ​ងារ​ផ្ទះ កម្មករ​ដឹកជញ្ជូន និង​កម្មករ សំណង់​។​

​ទោះជា​យ៉ាងណាក៏ដោយ នៅ​បណ្តា​ប្រទេស​ជាច្រើន​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ការផ្តល់​កិច្ច គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធិភាព​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ ដែល​ធ្វើឱ្យ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រឈម​នឹង​ការដក​ចេញពី​ការទទួលបាន​កិច្ច​គាំពារ​សង្គម​។ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​ជា បរិ​យា​ប័ន្ន អង្គការ ILO តាមរយៈ​ការអនុវត្ត​អនុសញ្ញា​លេខ​១៨៩ បានទទួល​ស្គាល់​សិទ្ធិ​របស់​កម្មករ​ការ​ងារ​ផ្ទះ ដូចគ្នា​នឹង​សិ​ទិ្ធ​កម្មករ​ដ៏ទៃទៀត​ដែរ ហើយ​មាន​សិទ្ធិ​ទទួលបាន​ការងារ​សម​រម្យ​។​

​ក្នុងឱកាស​ទិវា​កម្មករ​ការងារ​ផ្ទះ​អន្តរជាតិ​ថ្ងៃទី​១៦ ខែមិថុនា​នេះ អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ​សូម​រំឭក​ដល់ ស្មារតី​ការងារ​ផ្ទះ និង​តម្លៃសង្គម​សេដ្ឋកិច្ច​ដែល​ការងារ​នេះ​បាន​នាំ​មកដល់​គ្រួសារ និង​សហគមន៍​កម្ពុជា ទាំងមូល​។ យើង​សូម​យក​ឱកាស​នេះ​ដើម្បី​អំពាវនាវ​ឱ្យមាន​ការទទួលស្គាល់​កាន់តែ​ច្រើនឡើង អំពី​តម្រូវការ ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​របស់​ក្រុមកម្មករ​ការងារ​ផ្ទះ និង​ការចូលរួមចំណែក​ជាប​ន្ត​បន្ទាប់​របស់​ពួកគេ​ក្នុងសង្គម កម្ពុជា​។ កម្មករ​ការងារ​ផ្ទះ​មានតម្លៃ​ស្មើគ្នា​នឹង​ប្រភេទ កម្មករ​ដ៏ទៃទៀត​ដែរ ហើយ​ត្រូវ​ទទួលបាន​សិទ្ធិ​ស្មើគ្នា ក្នុងការ​ទទួលបាន​នូវ​សេវា និង​ការការពារ​ដោយ​របប​គាំពារ​សង្គម ក៏ដូចជា​សេរីភាព​សមាគម​ផងដែរ ដើម្បី​ធានា ថា​ពួកគេ​ក៏​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដូចគ្នា​នឹង​ពលករ​ឯទៀតៗ​នៅ​កម្ពុជា​ដែរ​។​

​អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា លេខ​១៨៩ របស់​អង្គការ ILO និង​ដាក់ចេញ​វិធានការ​ចាំបាច់​នានា​ដើម្បី​ធានា​ការអនុវត្ត​ស្មារតី​នៃ​អនុសញ្ញា​នេះ​នៅ ទូទាំង ប្រទេស​។ ការវិនិយោគ​លើ​សេវា​ថែទាំ​ស្ត្រី និង​ការ​គាំពារ​សង្គម​សម្រាប់​កម្មករ​ការងារ​ផ្ទះ​មានន័យថា កម្ពុជា វិនិយោគ​លើ​សក្តានុពល​របស់​កម្ម​ករ​ការងារ​ផ្ទះ​ទាំងអស់ ដើម្បី​ពួកគេ​អាច​ចូលរួមចំណែក​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច កម្ពុជា​ឈានទៅ​មុខ ក៏ដូចជា​សម្រេចបាន​នូវ​គោលដៅ​របស់​កម្ពុជា​ក្នុងការ​ប្រែខ្លួន​ទៅជា​ប្រទេស​ប្រាក់ចំណូល មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ផងដែរ​។​

​សម្រាប់​ភារៈកិច្ច​ចំពោះមុខ អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ​និង​ធ្វើការ​យ៉ាង ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​នៃ​កិច្ច​គាំពារ សង្គម ខណៈ​បន្ត​សហការ​ជាមួយ​បណ្តា​តួអង្គ​អភិវឌ្ឍ​ន៏​សំខាន់ៗ និង​អ្នកពាក់ព័ន្ធ​ដ៏ទៃទៀត​ដើម្បី​បន្ត​កិច្ច​គាំទ្រ​ដល់ ការរៀបចំ​នូវ​គោលនយោបាយ​ចាំបាច់​នានា​ដែល​អំណោយផល និង​គាំពារ​ដល់​ការរស់នៅ​របស់​កម្មក​រ​ក្នុង ប្រទេស​កម្ពុជា​ទាំងអស់ ជាពិសេស​នៅពេល​ដែលមាន​សារៈសំខាន់​ក្នុង​ជីវិត​របស់​ពួកគេ​ដូចជា​ពេល​មាន​ជំងឺ​ឬ មាន​ផ្ទៃពោះ ដែលជា​ពេល​ពួកគេ​មិនគួរ​បន្ត​ធ្វើការ ដើម្បី​ធានាថា​កម្មករ​ដូច​សោ​ភ័​ណ្ឌ និង​កម្មករ​ការងារ​ផ្ទះ​ដ៏​ទៃ ទៀត​អាច​ទទួលបាន​ការថែទាំ​សុខភាព​មាតា និង​ទារ​កដោយ​គុណភាព ខណៈដែល​ពួកគេ​អាច​រក្សា​ស្ថេរភាព ប្រាក់ចំណូល សម្រាប់​គ្រួសារ និង​អាច​បញ្ឈប់​ការរង​ទុក្ខវេទនា​ដោយសារ​ភាពក្រីក្រ​៕ ល​