ផ្តល់​សៀវភៅ​និង​ប័ណ្ណ​ព្យាបាល​ជំងឺ​មិន​បង់ប្រាក់​ដល់ក​ម្មករ​សម្អាត​ក្រុង​កំពង់ចាម​

257

​(​កំពង់ចាម​)៖​អភិបាលខេត្ត​កំពង់ចាម​លោក គួច ចំរើន ប្រាប់​ឱ្យ​មន្ទីរ​ការងារ​ចេញ​សៀវភៅ និង​ប័ណ្ណ​ព្យាបាល​ជំងឺ​មិនបាច់​បង់ប្រាក់​ជូន​ដល់​កម្មករ​សម្អាត​ក្រុង​កំពង់ចាម​ចំនួន​ជិត ៦០ នាក់ ប្រយោជន៍​ដើម្បីឱ្យ​ពួកគាត់​អាច​បង្ហាញ​ឯកសារ​ទាំងនេះ​ទៅខាង​មន្ទីរពេទ្យ​រដ្ឋ នៅពេល​ទៅពិនិត្យ ឬ​ព្យាបាល​ជំងឺ​។​

​នេះ​ជាការ​ថ្លែង​របស់លោក គួច ចំរើន ស្ថិតក្នុង​សម្លៀកបំពាក់​ជា​កីឡា​នៅ​ចំពោះមុខ​អភិបាល អភិបាលរងក្រុង​កំពង់ចាម​ក្នុង​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ​សម្អាត​ក្រុង​ចំនួន ៥៨​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​។ គឺ​ក្រោយពី​លោក​អភិបាល​កំពង់ចាម​ហាត់​ប្រាណ​ដោយ​ថ្មើ​ជើង​រួច​កាលពី​ព្រឹក​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​២០១៧​នៅក្រោម​ដើម​ជ្រៃក្រឹម នា​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម​។​

​លោក ហាន លី​ណា អភិបាលរងក្រុង​កំពង់ចាម​បានឱ្យដឹង​នៅ​ថ្ងៃទី ៣ កញ្ញា​ថា ខណ​:​ដែល​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បានប្រកាស​នូវ​ព័ត៌មាន​ខាងលើ​នោះ គឺ​ខាង​លោក​បាន​ជម្រាបជូន​ដល់​កម្មករ​សម្អាត​ក្រុង​កំពង់ចាម​ក្នុង​ចំនួន​ខាងលើ ដែល​នឹង​ទទួលបាន​សៀវភៅ និង​ប័ណ្ណ​ព្យាបាល​ជំងឺ​មិន​អស់​លុយ​ឱ្យ​យក​រូបថត ដើម្បី​បំពេញ​ឯកសារ ហើយ​បញ្ជូន​ទៅខាង​មន្ទីរ​ការងារ និង បណ្តុះបណ្តាល​ខេត្តកំពង់ចាម​៕S/​ដោយ​: ភោគ សម្បត្តិ​


​ ​